ដោយ វុត្ថា
ភ្នំពេញៈ ជាទូទៅការទិញ-លក់មានទម្រង់ និងរូបភាពខុសៗគ្នាដែលសកម្មភាពបែបនេះកើតឡើងនៅគ្រប់ទីកន្លែង ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្ស ដូចជា ការប្រកបអាជីវកម្មនានា និងការដោះដូរទំនិញព្រមទាំងសេវាកម្មផ្សេងៗ។
យ៉ាងណាក៏ដោយ គេអាចសង្កេតឃើញថាកិច្ចសន្យាទិញ លក់ជាធម្មតាបានធ្វើឡើងតាមរូបភាពពីរបែប គឺការទិញលក់ដែលធ្វើឡើងត្រឹមតែផ្ទាល់មាត់ និងការទិញលក់ដែលមានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។
ការទិញលក់ត្រឹមតែមាត់ទទេ ជាប្រភេទនៃកិច្ចសន្យាទិញ-លក់មួយដែលការព្រមព្រៀងទិញលក់រវាងអ្នកទិញ និងអ្នកលក់បានធ្វើឡើងដោយផ្ទាល់មាត់ ដែលតាមធម្មតានេះជាសកម្មភាពដោះដូរ បែបសាមញ្ញ និងក្នុងទំហំទឹកប្រាក់តិចតួចដូចជា ការទិញសំលៀកបំពាក់ ឬទិញម្ហូបអាហារជាដើម។ ប៉ុន្តែគេក៏អាចធ្វើជាលិខិតព្រមព្រៀងលាយលក្ខណ៍អក្សរបានដែរដោយធ្វើជាលិខិត ឯកជនរវាងអ្នកលក់ និងអ្នកទិញផ្ទាល់ឬលិខិតយថាភូតដែលមានការទទួលស្គាល់ពីមន្ត្រីសាធារណៈ។
កិច្ចសន្យាទិញលក់ប្រភេទនេះ ក៏មានសុពលភាពពេញលេញតាមផ្លូវច្បាប់ដែរដោយហេតុថាកិច្ចសន្យាទិញលក់ ជាទូទៅច្បាប់មិនតម្រូវថាត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរនោះទេនេះបើមាត្រា៥១៦នៃក្រមរដ្ឋប្បវេណី។
ទោះយ៉ាងណាក្នុងច្បាប់ដដែល នៅក្នុងករណីមានបញ្ញត្តិពិសេស ដែលសំដៅដល់កិច្ចសន្យាទិញ លក់អចលនទ្រព្យរួមមាន ផ្ទះ ឬដីធ្លីជាដើមនោះកិច្ចសន្យាទិញលក់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ដើម្បីបានជាឯកសារទុកជាភស្តុតាងចក្នុងការជំទាស់ ឬតវ៉ាក្នុងករណីមានវិវាទកើតឡើង៕