កាត់បន្ថយជម្លោះ! ក្រសួងដែនដីនឹងបង្កើតប្លង់ដីថ្មីដោយភ្ជាប់ជាមួយ QR Code

1

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ជម្លោះដីធ្លីទំនងជាត្រូវកាត់បន្ថយច្រើននាពេលអនាគត ខណៈក្រសួងរៀបចំដែនដីបានថ្លែងឲ្យដឹងថា កម្ពុជានឹងដាក់ QR Code ក្នុងក្រដាសកម្មសិទ្ធដីប្រភេទថ្មីក្នុងឆ្នាំ២០១៨ខាងមុខនេះ ដើម្បីដើរទាន់បច្ចេកវិទ្យា និងផ្ដល់ជាភាពងាយស្រួលដល់ការគ្រប់គ្រង។

ទេសសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានលើកឡើងក្នងឱកាសបិទសន្និបាត បូកសរុបការងារឆ្នាំ ២០១៧ និងលើកគោលដៅការងារឆ្នាំ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីម្សិលម៉ិញនេះថា ការរៀបចំប្រព័ន្ធទិន្នន័យ ចុះបញ្ជីដីនិងផ្ដល់ព័ត៌មានសង្ខេបតាម QR Code លើសន្លឹកប័ណ្ណកម្មសិទ្ធិដី នឹងផ្ដល់ជាភាពងាយស្រួល ក្នុងការគ្រប់គ្រងស្របតាមបច្ចេកវិទ្យា និងធ្វើការភ្ជាប់មកទិន្នន័យរួមរបស់ក្រសួង ខណៈថ្នាក់ខេត្តកំពុងធ្វើការចុះបញ្ជីដីធ្លី ហើយវាមិនលំបាកក្នុងការស្រាវជ្រាវ ដើម្បីធានាបានសុវត្ថិភាព និងជាការបម្រើសេវាសាធារណៈបានដល់បុគ្គលម្នាក់ៗផងដែរ។

លោកបន្តថា “គម្រោងមួយនេះ គឹស្របទៅតាមបច្ចេកវិទ្យាដែលជ្រាបចូលមកក្នុងសង្គមកម្ពុជា និងផ្ដល់ការងាយស្រួលដល់មនុស្សគ្រប់គ្នា គ្រាន់តែត្រូវការទូរស័ព្ទស្មាតហ្វូនប៉ុនណ្ណោះ នោះអ្នកនឹងដឹងថាដីនៅទីកន្លែងណា មានទំហំទទឹង បណ្ដោយប៉ុន្មាន និងម្ចាស់កម្មសិទ្ធិជាអ្នកណាផងដែរ”។ លោកបន្តថា “ព៌តមានបឋម នឹងបង្ហាញលើទូរស័ព្ទដោយមិនគិតថ្លៃអ្វីទាំងអស់ ហើយបើចង់ដឹងព័ត៌មានលម្អិតបន្ថែមនោះ អ្នកប្រើប្រាស់ត្រូវតែបង់សេវាតាមប្រព័ន្ធទូរស័ព្ទ ដើម្បីជាប្រាក់ចំណូលចូលថវិការរដ្ឋ”។

ទេសរដ្ឋមន្រ្តីជា សុផារ៉ាបានបន្តថា កម្ពុជាគ្រោងបង្កើតនូវក្រដាសកម្មសិទ្ធិដីធ្លីដោយផ្ទាល់នៅកម្ពុជាដោយខ្លួនឯងផងដែរ ដោយមិនចង់ពឹងពាក់បញ្ជាទិញពីបរទេសនោះទេ។ ឯកឧត្តមបន្តថា ការបោះពុម្ពក្នុងស្រុកនឹងកាត់បន្ថ​យការចំណាយ នឹងផ្ដល់ភាពរហ័សក្នុងការចេញប័ណ្ណកម្មសិទ្ធិដល់ប្រជាជនផងដែរ ជាពិសេសមិនចាំបាច់តោងកន្ទុយប្រទេសអូស្រ្តាលី និងប្រទេសអាឡឺម៉ង់ក្នុងការបញ្ជាទិញក្រដាសកម្មសិទ្ធដីធ្លីទៀតនោះទេ។

អ្នកជំនាញក្នុងវិស័យនេះ ដែលនិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានលើកឡើងថា ក្នុងអាណត្តិទី៥នេះរាជរដ្ឋាភិបាលបានដាក់ចេញនូវសកម្មភាពកំណែទម្រង់ជាច្រើន ដែលយើងឃើញមានថ្នាក់ដឹកនាំក្រសួងមួយចំនួនមានភាពលេចធ្លោ ដូចជា ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសូងបរិស្ថានជាដើម។ ជាក់ស្តែងក្នុងអាណត្តិថ្មីនេះ ក្រសួងដែនដីក្រោមការដឹកនាំដោយលោកជា សុផារ៉ាបានធ្វើកំណែទម្រង់ជាច្រើន ហើយការដាក់ចេញ​នូវប្រព័ន្ឋ QR Codeថ្មីនេះ ជាការឆ្លើយតបនឹងបញ្ហាវិវាទដីធ្លី និងអាចដោះស្រាយបញ្ហាដីធ្លីជាច្រើននាពេលអនាគត ព្រោះកន្លងមកបញ្ហាជម្លោះដីធ្លី ជាបញ្ហាក្តៅក្នុងអាណត្តិកន្លងមក៕

 

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here