ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បន្ទាប់ពីបានចុះស្រាវជ្រាវ សិក្សាលម្អិតពីអ្នកជំនាញអន្តរក្រសួងរួចរាល់ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីកិច្ចគាំទ្រ និងជំរុញឱ្យក្រុមហ៊ុនផលិតស៊ីម៉ង់ត៍កម្ពុជា ចក្រីទីង កម្ពុជា ចាប់ផ្តើមសាងសង់រោងចក្រ ដើម្បីដំណើរការចង្វាក់ផលិតកម្ម ផ្គត់ផ្គង់តម្រូវការទីផ្សារដែលកំពុងមានកំណើននាពេលបច្ចុប្បន្ន។

-->
រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន បានមានប្រសាសន៍នៅក្នុងឱកាសនៃកិច្ចដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះថា សម្រាប់គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ លើផ្ទៃដីទំហំ ៣២ហិកតា ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត របស់ក្រុមហ៊ុន ស៊ីម៉ង់ត៍កម្ពុជា ចក្រីទីង (ម្ចាស់គម្រោង) ត្រូវបានគាំទ្រ និងលើកទឹកចិត្តដោយរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd។
នៅក្នុងកិច្ចប្រជុំ និងវាយតម្លៃនេះមានការចូលរួមពីមន្ត្រីជំនាញតំណាងនាយកដ្ឋានពាក់ព័ន្ធចំនួន១១ក្រសួង រួមជាមួយនឹងអ្នកតំណាងម្ចាស់គម្រោងនៃក្រុមហ៊ុនផងដែរ។

ជាលទ្ធផល អង្គប្រជុំបានទទួលបានការសម្រេចដូចខាងក្រោម៖
១- គាំទ្រចំពោះគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍
២- សូមក្រុមហ៊ុនចូលរួមដាំដើមឈើឱ្យបានច្រើននៅជុំវិញទីតាំងគម្រោង
៣- សូមក្រុមហ៊ុនមានផែនការគ្រប់គ្រងលើការប្រើប្រាស់ទឹកក្រោមដី
៤-ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង-រាវឱ្យបានល្អ និងសំណូមពមានអាងប្រព្រឹត្ដកម្មសំណស់រាវ
៥-សូមក្រុមហ៊ុនបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពខ្យល់ និងឧបករណ៍ចាប់យកភាគល្អិតចេញពីចំហេះ ៦-ក្រុមហ៊ុនត្រូវមានឧបរណ៍សុវត្ថិភាពសម្រាប់បុគ្គលិក-កម្មករប្រើប្រាស់ និងមានផែនការត្រួតពិនិត្យសុខភាពបុគលិក-កម្មករជាប្រចាំ
៧- ការដឹកជញ្ជូនរបស់ក្រុមហ៊ុនត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេស និងការបើកបរត្រូវគោរពច្បាប់ចរាចរណ៍
៨- សូមក្រុមហ៊ុនពិនិត្យពីការបង្កើនមូនិធិបរិស្ថាន និងសង្គម៕
