ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមអ្នកជំនាញបានបញ្ជាក់ជាថ្មីថា វិស័យអចលនទ្រព្យកម្ពុជានឹងមានឱនភាពនោះទេ បើទោះបីជាប្រព័ន្ឋអនុគ្រោះពន្ឋ (EBA) ត្រូវដកចេញពីកម្ពុជាក៏ដោយ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានមានប្រសាសន៍ឲ្យដឹងក្នុងវេទិកាសាធារណៈស្តីពី ការវិនិយោគអចលនទ្រព្យប្រកបដោយប្រសិទ្ឋភាព ដែលបានរៀបចំឡើងដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យថា EBA ត្រូវបានគេប្រដូចទៅនឹងកាដូមួយ ដែលសហភាពអឺរ៉ុបផ្តល់ជូនបណ្តាប្រទេសទាំងឡាយណាដែលក្រីក្រ និងប្រទេសដែលកំពុងអភិវឌ្ឍតែប៉ុណ្ណោះ។
-->
លោកបានបន្តទៀតថា “ការដកប្រព័ន្ធអនុគ្រោះពន្ធEBA វាជះឥទ្ធិពលខ្លាំង និងដំបូងគេបំផុតគឺវិស័យកាត់ដេរ”។ លោកបន្តទៀតថា “ចំពោះវិស័យអចលនទ្រព្យ ទោះជាមិនមានប្រព័ន្ធអនុគ្រោះពន្ធមួយនេះ ហាក់មិនមានឥទ្ធិពលអវិជ្ជមាននោះទេ ព្រោះវាជាសកម្មភាពអភិវឌ្ឍនៅក្នុងប្រទេស ដែលមិនមែនជាការនាំចេញនោះទេ”។
លោកព្រាប កុលបានបន្តទៀតថា ក្រៅពីរោងចក្រកាត់ដេរ វិស័យដែលពាក់ព័ន្ធអាចមានបន្តិចបន្តួចទៅលើវិស័យកសិកម្ម និងទេសចរណ៍។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KEY Real Estate លោកសន សៀប ក៏បានមានប្រសាសន៍ប្រាប់ផងដែរថា វិស័យអចលនទ្រព្យកម្ពុជា នៅតែបន្តភាពរីកចម្រើនដដែល។ ការវិនិយោគក្នុងវិស័យនេះ ចូលរួមយ៉ាងខ្លាំងនៅក្នុងកំណើននៃវិស័យសំណង់នៅកម្ពុជាមួយភាគធំគឺក្រុមហ៊ុនចិន។ លោកបានបន្តទៀតថា វិស័យអចលនទ្រព្យនៅកម្ពុជាមិនពឹងអាស្រ័យទៅលើប្រពន្ធអនុគ្រោះពន្ធ EBA នោះទេ។
លោកបានបន្តទៀតថា “កម្ពុជានៅមានសក្ដានុពលល្អច្រើន បើប្រៀបធៀបជាមួយប្រទេសជិតខាងនានាដែលស្ថិននៅក្នុងតំបន់ ដែលបណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនអន្តរជាតិនានាប្រាថ្នាចូលមករកស៊ីជាមួយ ដើម្បីទួលបានផលប្រយោជន៍ត្រឡប់ទៅវិញ”។ លោកបន្តថា “ប្រទេសមួយដែលមានផលប្រយោជន៍នៅក្នុងការធ្វើជំនួញ វានឹងទាក់ទាញបណ្តាអ្នកវិនិយោគចូលមកដោយស្វ័យប្រវត្តិ ដូច្នេះការដកប្រពន្ធអនុគ្រោះរបស់សហភាពអឺរ៉ុបហាក់មានឥទ្ធិពលតិចតួចបំផុតមកលើវិស័យមួយនេះ”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ថា វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា នៅតែមានការវិវត្តន៍ល្អប្រសើរ ហើយលំនហូរទុនវិនិយោគបានបន្តកើនឡើង ដែលមិនមានសញ្ញាណាមួយគួរឲ្យបារម្ភនោះទេ ហេតុនេះទោះបីជាប្រព័ន្ឋEBAនឹងត្រូវដកក៏ដោយ ក៏មិនមានផលប៉ះពាល់ដល់បវិស័យនេះទេ ព្រោះសេដ្ឋកិច្ចកម្ពុជានៅតែមានកំនើន ធ្វើឲ្យប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង ហេតុនេះអំណាចនៃការទិញនៅតែមានភាពល្អប្រសើរ។
នៅត្រឹមរយៈពេល៦ខែ ឆ្នាំ២០១៩នេះ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា មានភាពល្អប្រសើរ និងកើនឡើងរហូតដល់ ២០៤៧ គម្រោង ដែលក្នុងនោះ បណ្តុំសាងសង់សំណង់បែបបុរី និងលំនៅដ្ឋានបែបផ្ទះល្វែងមានចំនួន ២៥៨ ទីតាំងនៅទូទាំងប្រទេសកម្ពុជា ៕