ដោយៈ រ៉ាណេត
ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចាប់ផ្តើមត្រួតពិនិត្យ និងតាមដានលម្អិតទៅលើករណីសំណង់គ្មានច្បាប់អនុញ្ញាតមួយចំនួននៅកម្ពុជាថា តើជាកំហុសរបស់ម្ចាស់គម្រោង ឬបណ្តាលមកពីអំពើពុករលួយរបស់មន្ត្រីផ្ដល់សេវាដែលពាក់ព័ន្ធ។
រហូតមកដល់ពេលនេះ ប្រធានបទពាក់ព័ន្ធទៅនឹងគុណភាណសំណង់ និងការសាងសង់សំណង់ដោយគ្មានច្បាប់អនុញ្ញាត នៅតែជាចំណុចមួយដ៏រសើប និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលដដែល។ ជាក់ស្ដែងនៅក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋាន មរតក តេជោ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេច តេជោហ៊ុន សែនបានដាក់បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះធ្វើការតាមដាន និងស្រាវជ្រាវលម្អិតទៅលើមូលហេតុ នៃការសាងសង់សំណង់ដោយគ្មានច្បាប់អនុញ្ញាត។
-->
សម្តេចបានមានប្រសាសន៍ថា “ឯកឧត្តមជា សុផារ៉ាត្រូវមើល។បទពិសោធន៍ចេញពីចាប់មន្ត្រី៣នាក់នៅពោធិ៍សាត់ បានចង្អុលបង្ហាញឱ្យឃើញថា កន្លែងខ្លះសាងសង់អត់ច្បាប់ បណ្តាលមកពីមន្ត្រីមិនព្រមអនុម័តឱ្យគេ”។សម្តេចបន្តថា “អីចឹងត្រូវពិនិត្យផងដែរ នៅពេលខាងមុខ។ ទៅស្រាវជ្រាវមើលកន្លែងអត់ច្បាប់ តើគេមានបានសុំច្បាប់យើងឬអត់?និងត្រូវពិនិត្យខ្លួនឯងផងដែរ អាសំណង់អត់ច្បាប់។ បើគេបានសុំច្បាប់យើង យើងមិនបានឆ្លើយឱ្យគេ ហើយគេបែរជាសាងសង់អាហ្នឹងមានចំណែកខុសពីយើង ដែលយើងមិនបានឆ្លើយតបទៅគេ”។
សម្ដេចបានមានប្រសាសន៍បន្តទៀតថា “កន្លែងខ្លះសុំច្បាប់វារវល់ទារលុយ វាមិនព្រមធ្វើ វាកេកកុក ដល់អ៊ីចឹង ខ្លះគ្នាធ្វើផ្ទះ ចាំហ្អែងយូរពេក អញធ្វើ។ ជួនកាលវាមានករណីហ្នឹង ដែលបង្កើតឱ្យមានរឿងអត់ច្បាប់។ បើយើងពិនិត្យគេឱ្យលឿន ហើយផ្តល់ការអនុញ្ញាត កែសម្រួលប្លង់របស់គេយ៉ាងម៉េច អីយ៉ាងម៉េច ឱ្យបានច្បាស់”។
ករណីសំណង់ខុសច្បាប់នៅកម្ពុជាមួយចំនួន អាចជាប់ពាក់ព័ន្ធអំពើពុករលួយរបស់មន្ត្រីផ្តល់សេវា ដែលមិនព្រមចេញច្បាប់សាងសង់ ឬរកហេតុផលផ្សេងៗបង្កជាឧបសគ្គក្នុងការសុំច្បាប់សាងសង់ ជាហេតុនាំឱ្យម្ចាស់សំណង់បង្ខំចិត្តសាងសង់ទាំងមិនមានច្បាប់អនុញ្ញាត។ ជាក់ស្ដែងដូចជាកាលពីចុងសប្ដាហ៍កន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយបានតាមដាន និងឈានដល់ការឃាត់ខ្លួនមន្ត្រីសូរិយោដី នៅខេត្តពោធិ៍សាត់ចំនួន៣រូប ដែលមានតួនាទីជាប្រធានមន្ទីរម្នាក់ អនុប្រធានមន្ទីរម្នាក់ និងមន្ត្រីថ្នាក់ក្រោមម្នាក់ ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើពុករលួយទារលុយពីអ្នកវិនិយោគ ជាថ្នូរនឹងការអនុញ្ញាតឱ្យសាងសង់រោងចក្រ។
លោកសាស្ត្រាចារ្យ ទួស សាភឿនភាគហ៊ុនិកគំរោងបុរីអង្គរលែនដ៏ម៉ាកបន្ទាយស្រី បានមានប្រសាសន៍សាទរ និងគាំទ្រចំណាត់ការរបស់សម្ដេច តេជោទាំងស្រុង ដោយលោកបានមានប្រសាសន៍បន្តទៀតថា រូបភាពពុករលួយពីសំណាក់មន្ត្រីដូចខាងលើនេះមិនមែនជារឿងថ្មីនោះទេ ហើយវាស្ទើរតែក្លាយទៅជាទម្លាប់ទៅហើយ ដែលមន្ត្រីជំនាញ គួរតែស៊ើបអង្កេតចាប់ពីថ្នាក់ក្រសួងចុះមកដល់ថ្នាក់មូលដ្ឋាន។
លោកបានបន្តទៀតថា “ការជំរុញឱ្យមន្ត្រីបម្រើសេវាយកចិត្តទុកដាក់ និងសម្រួលឯកសារអនុញ្ញាតច្បាប់សាងសង់ ដល់បណ្តាម្ចាស់គម្រោង និងអ្នកអភិវឌ្ឍ វាគឺជារឿងចាំបាច់ដែលត្រូវតែធ្វើ”។ លោកបន្តទៀតថា “នៅពេលដែលដំណើរការអភិវឌ្ឍប្រកបដោយភាពរលូន វានឹងជួយលើកទឹកចិត្តអ្នកអភិវឌ្ឍន៍ ក៏ដូចជាអ្នកវិនិយោគមានកម្លាំងចិត្តបន្ថែម ហើយវាក៏ជាចំណូលមួយសម្រាប់សេដ្ឋកិច្ចជាតិផងដែរ”៕