ដោយនៅ វឌ្ឈនា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងត្រៀមវិនិយោគ និងអនុញ្ញាត្តឲ្យក្រុមហ៊ុនឯកជនចូលរួមសាងសង់ព្រលានយន្តហោះថ្មីៗចំនួន៦ ជាមហិច្ឆតាដ៏ធំរបស់រដ្ឋាភិបាលក្នុងការតភ្ជាប់វិស័យផ្លូវអាកាសកាន់តែទូលំទូលាយ ដែលជាហេដ្ឋារចនាសម្ព័ន្ឋដ៏សំខាន់ ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍកម្ពុជា។
គំរោងវិនិយោគព្រលានយន្តហោះចំនួន៦ រួមមាន ទី១ គំរោងវិនិយោគព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ ដែលគ្រោងវិនិយោគដោយក្រុមហ៊ុន OCIC និងក្រុមហ៊ុនចិន ក្នុងទឹកប្រាក់១៥០០លានដុល្លារអាមេរិក ទី២ គំរោងវិនិយោគព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តសៀមរាប ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណ ៩០០លានដុល្លារអាមេរិក ទី៣ គម្រោងវិនិយោគព្រលានយន្តហោះក្នុងស្រុកនៅ ខេត្តមណ្ឌលគិរី។
-->
ទី៤ គំរោងវិនិយោគព្រលានយន្តហោះនៅតំបន់តារាសាគរ ក្នុងខេត្តកោះកុងដែលគ្រោងបើកដំណើរការនៅឆ្នាំ២០២០ខាងមុខ ទី៥ គំរោងវិនិយោគសាងសង់ឡើងវិញនូវព្រលានយន្តហោះក្នុងទីរួមខេត្តកោះកុង ដែលសហការវិនិយោគដោយក្រុមហ៊ុនលី យ៉ុងផាត់គ្រុប និងក្រុមហ៊ុន Bangkok Airway និងទី៦ ការពង្រីកព្រលានយន្តហោះអន្តរជាតិ ក្រុងព្រះសីហនុឲ្យកាន់តែធំ និងអាចចុះចតយន្តហោះខ្នាតធំបាន។
លោក ស៊ិន ចាន់ស៊ិនចាន់សេរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៩ កក្កដាកន្លងមកថា រដ្ឋាភិបាលបានឹងកំពុងដោះស្រាយផលប៉ះពាល់នានា មុននឹងចាប់ផ្តើមសាងសង់ ដែលត្រូវប្រើពេលយ៉ាងហោចណាស់ជាង១ឆ្នាំបន្ថែមទៀត។ សម្រាប់គម្រោងសាងសង់ព្រលានយន្តហោះ នៅខេត្តមព្រះសីហនុ និងសៀមរាបមិនជាបញ្ហានោះទេ តែសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះខេត្តកណ្តាល និងកោះកុងបាននឹងកំពុងដោះស្រាយផលប៉ះពាល់ ដែលត្រូវប្រើពេលយូ និងគម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី មិនទាន់ចាប់ផ្តើមសាងសង់នោះទេ ប៉ុន្តែវាស្ថិតក្នុងផែនការរបស់រដ្ឋាភិបាល។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានឱ្យដឹងដែរថា គម្រោងសាងសង់ព្រលានយន្តហោះថ្មីៗច្រើនបែបនេះ គឺជាភាពវិជ្ជមានសម្រាប់ប្រទេសកម្ពុជា និងល្អសម្រាប់វិស័យឯកជនក្នុងការប្រតិបត្តិការលើវិស័យទេសចរណ៍។លោកស្រីបន្តថា ដូចដែលយើងដឹងហើយថា កម្ពុជានៅខ្វះហេដ្ឋារចនាសម្ព័ន្ធច្រើន និងត្រូវការជើងហោះហើរក្នុងស្រុកឱ្យមានជំរើសច្រើន សម្រាប់ភ្ញៀវក្នុងការធ្វើដំណើរ ទៅលេងឱ្យបានច្រើនកន្លែង ព្រោះនាពេលបច្ចុប្បន្ននេះភ្ញៀវទេសចរណ៍ មិនបានធ្វើដំណើរទៅលេងបានច្រើនកន្លែងនោះទេ ដោយសារខ្វះខាងវិស័យដឹកជញ្ជូន ហើយពួកគេទៅលេងម្តុំណាដែលមានយន្តហោះចុះចតបាន ដូចជាក្រុងព្រះសីហនុ សៀមរាប និងភ្នំពញ។
លោកស្រីបន្តថា “បើមានតែព្រលានយន្តហោះច្រើន តែអត់មានជើងហោះហើរនេះក៏ជាខាតបង់ផងដែរ។ តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលនឹងមានផែនការបង្កើនការហោះហើរឱ្យបានកាន់តែច្រើនថែមទៀត”។
រដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ថា កម្ពុជានឹងអាចទទួលភ្ញៀវទេសចរណ៍៧លាននាក់នៅឆ្នាំ២០២០ខាងមុខ និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាស ២០លាននាក់នៅឆ្នាំ២០៣០ខាងមុខផងដែរ។
ប្រធានផ្នែកបង្កើនជើងហោះហើរ នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា លោកពេជ្រ សុប៉ុនតារាបានមានប្រសាសន៍ថា ការព្យាករណ៍របស់រដ្ឋាភិបាល ពីកំនើនអ្នកដំណើរតាមផ្លូវអាកាស ២០លាននាក់នៅឆ្នាំ២០៣០ខាងមុខ កម្ពុជាពិតជាអាចសម្រេចបានតាមផែនការ។
លោកបន្តថា “ខ្ញុំគិតថាកម្ពុជាអាចទទួលអ្នកដំណើរតាមផ្លូវអាកាសលើសផែនការផង បើការតភ្ជាប់របស់យើងកាន់តែមានភាពល្អប្រសើរ និងមានស្ថេរភាពនយោបាយដូចបច្ចុប្បន្ននេះ”។
លោកបណ្ឌិតហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជាបានឱ្យដឹងថា គម្រោងសាងសង់ព្រលានយន្តហោះដែលបានដាក់ចេញនេះ គឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងលើតម្រូវការផ្លូវអាកាសកម្ពុជា ពិសេសតាមរយៈកំណើនទេសចរណ៍នៅក្នុងប្រទេសមានការកើនឡើង ដែលមានភាពងាយស្រួលក្នុងការដឹកជញ្ជូនទេសចរណ៍ទាំងអោយទៅដល់គោលដៅដែលខ្លួនចង់ទៅទៅលេង។
លោកបន្ថែមទៀត “មិនត្រឹមតែប៉ុណ្ណោះ ការវិនិយោគព្រលានយន្តហោះ ក៏នឹងបង្កភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញបានច្រើន”។ លោកបន្តថា “និយាយជារួមទៅវានឹងបង្កើនសេដ្ឋកិច្ច និងពាណិជ្ជកម្មដល់ប្រទេសកម្ពុជា តាមរយៈចំណូលពីការយកពន្ធពីព្រលាន និងការនាំចូលយន្តហោះមកប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា”៕