ដោយ វុត្ថា
ភ្នំពេញៈ ក្របខ័ណ្ឌគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងការវិនិយោគមានដូចតទៅ៖តាមច្បាប់ជាតិ៖ ច្បាប់ស្តីពីវិនិយោគឆ្នាំ១៩៩៤ និងវិសោធនកម្មច្បាប់ស្តីពី វិនិយោគ ឆ្នាំ ២០០៣ មិនមានការកំណត់និយមន័យបានច្បាស់លាស់ទេ មានប្រើពាក្យគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គឺជាគម្រោគវិនិយោគ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។
តាមការកំណត់នៃខ្លឹមសារនៃច្បាប់អាចកំណត់និយមន័យថា វិនិយោគជាប្រតិបត្តិការមួយ ដែលធ្វើឡើងដោយប្រើប្រាស់ដើមទុន ដើម្បីអនុវត្តគម្រោងមួយឬច្រើន ជាលក្ខណៈសេដ្ឋកិច្ច ដែលគម្រោងនេះអាចផ្តល់ឲ្យអ្នកបោះទុន ទទួលបាននូវការចំណេញឬខាត។
តាមច្បាប់អន្តរជាតិ៖ វិនិយោគសំដៅលើទ្រព្យសម្បត្តិ ដែលបានដាក់សម្រាប់វិនិយោគ ដោយជនជាតិ នៃភាគីជាប់កិច្ចសន្យាមួយលើទឹកដី នៃភាគីជាប់កិច្ចសន្យាម្ខាងទៀត និងទទួលស្គាល់ទៅតាមច្បាប់ និងបញ្ញាត្តិនានារបស់ភាគីចុះកិច្ចសន្យាដោយរាប់បញ្ចូល៖
• ចលនទ្រព្យ និងអចលនទ្រព្យ ការដាក់បញ្ចាំដើម្បីធានាប្តាក់ខ្ចី
• សិទ្ធិជាភាគហ៊ុន ប័ណ្ណធានា ឬផលប្រយោជន៍ផ្សេងៗ
• កម្មសិទ្ធិបញ្ញា ក្បួនបច្ចេកទេស ជំនួញ ស្នាដៃយល់ដឹង
• សម្បទានធុរកិច្ច មានតម្លៃសេដ្ឋកិច្ចទទួលស្គាល់ដោយច្បាប់ ឬតាមកិច្ចសន្យាទាក់ទងនឹងវិនិយោគ ។
នៅក្នុងក្របខ័ណ្ឌាមាហរណកម្មអាស៊ាន ក្នុងគោលបំណងបង្កើតសហគមន៍សេដ្ឋកិច្ច ពិសេសទាក់ទាញអ្នកវិនិយោគ និងជំរុញអ្នកវិនិយោគ ប្រកបដោយសន្តិសុខ តម្លាភាព ឲ្យមានលក្ខណៈប្រកួតប្រជែងក្នុងបណ្តាលប្រទេសជាសមាជិកអាស៊ាន។
ដូច្នេះយើញឃើញថា ក្នុងក្របខ័ណ្ឌគតិយុត្តជាតិ និងក្នុងក្របខ័ណ្ឌគតិយុត្តអន្តរជាតិ ត្រូវតែយកមកអនុវត្តក្នុងសមាជិកអាស៊ាន ដើម្បីឲ្យមានតម្លាភាព និងសន្តិសុខសង្គមបានប្រសើ ព្រមទាំងមានការធានាលើសន្តិសុខ និងស្ថេរភាពនយោបាលសម្រាប់អ្នកវិនិយោគទុនគ្រប់ៗរូប៕