តើ​អ្វី​ជា​បញ្ហា​ប្រឈម​ចំនួន៦ ទីក្រុង​ភ្នំពេញ​ដែល​ធនាគារពិភពលោក​រក​ឃើញ​

0
បញ្ហា​ប្រឈម​

ដោយ​ស៊ីវ​ ម៉េ​ង

ភ្នំពេញ​៖ អ្នកជំនាញ​ផ្នែក​ណគរូប​នី​យក​ម្ម​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សិក្សា​ពី​ផែនការ​ប្រើប្រាស់​ដី​លំអិត​នៅ​តាម​សង្កាត់​និ​មួយ​ៗ ខណៈ​ធនាគារពិភពលោក​បាន​លើកឡើង​បញ្ហា​ប្រឈម​ធំៗ​ចំនួន៦​ ដែ​លត្រួ​វត្រូវ​ដោះស្រាយ​។

បញ្ហា​ប្រឈម​

យោង​តាម​ការសិក្សា​របស់​ធនាគារពិភពលោក​ស្តី​ពី​ ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ដែល​បាន​ចេញផ្សាយ​កាលពី​ចុងឆ្នាំ​មុន​បាន​ឲ្យដឹង​ថា​ ការ​រីក​លូត​លាស​ដ៏​ឆាប់រហ័ស​នៃ​ទីក្រុង​ភ្នំពេញ​ ក្នុងរយៈពេល១០ឆ្នាំ​ចុងក្រោយ​នេះ​ ពិតជា​មាន​រួមចំណែក​យ៉ាង​ច្រើន​ ក្នុង​ការបង្កើត​ឳកាស​ការងារ​ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ទីក្រុង​នេះ​ មាន​បញ្ហា​ប្រឈម​ជាច្រើន​ ក្នុង​ការ​ផ្តល់​សេវាកម្ម​មូលដ្ឋាន​ ដែល​រួម​មា​នប្រ​ព័ន្ឋបង្ហូរទឹក​ស្អុយ​ ស្ថានីយ៍​កែច្នៃ​ទឹក​ស្អុយ​ សេវាកម្ម​សាធារណៈ​ ការ​គ្រប់​ គ្រង​កាកសំណល់​រឹង​ ការគ្រប់គ្រង​ និង​ការ​ផ្តល់​ហិរញ្ញប្បទាន​លើ​ការរៀបចំ​ទីក្រុង​ ការ​ពង្រឹង​អភិបាលកិច្ច​ និង​និង​ការគ្រប់គ្រង​លើ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជា​រឿង​ចាំបាច់​។

ឆ្លើយតប​នឹង​កង្វល់​នេះ​ ធនាគារពិភពលោក​បាន​ផ្តល់​អនុសាសន៍​ចំនួន៤ចំណុច​ ដើម្បី​អភិវឌ្ឍន៍​ទីក្រុង​នេះ​ប្រកបដោយ​ភាព​សុខដុម​ ដូចជា​ ត្រូវ​កែ​លំ​អរ​ ស្ថាប័ន​ និង​អភិបាលកិច្ច​ ដើម្បីឲ្យ​ទីក្រុង​អាច​អភិវឌ្ឍន៍​ទៅ​បាន​ ប្រកបដោយ​ភាព​សុខដុម​ និង​មា​នប្រសិទ្ឋិ​ភាព​ជាង​មុន​។

ធនាគារពិភពលោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ រៀបចំផែនការ​កែ​លំ​អរ​ការរៀបចំ​ទីក្រុង​ និង​ការ​ អនុវត្តន៍​ផែនការ​តាមរយៈ​ ការបង្កើត​បទដ្ឋាន​គតិយុត្តិ​ ក្របខ័ណ្ឌ​ច្បាប់​ និង​ពង្រឹង​ផែនការ​រៀបចំ​ទីក្រុង​ដែល​មានស្រាប់​។ ត្រូវ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ទីក្រុង​ ប្រកបដោយ​និរន្តរភាព​ដើម្បី​លើក​កំពស់​ជីវភាពរស់នៅ​ និង​ការប្រកួត​ប្រជែង​និង​ត្រូវ​ធានា​ថា​ការរៀបចំ​ទីក្រុង​ ត្រូវ​គិតគូរ​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​ ដើម្បី​ជៀសវាង​វិសមភាព​។

ទីក្រុង​ភ្នំពេញ​បាន​រៀបចំផែនការ​មេ​រួចហើយ​ សម្រាប់​ឆ្នាំ២០១៥​ ២០៣៥​ ដែល​បាន​និង​កំពុង​អនុវត្តន៍​ ប៉ុន្តែ​អ្នកជំនាញ​បាន​មើលឃើញ​ថា​ ការអភិវឌ្ឍន៍​ទីក្រុង​នេះ​តាម​ផែនការមេ​មិនបាន​ធ្វើ​ដោយ​រលូន​នៅឡើយ​ទេ​។

យោង​តាម​ការសិក្សា​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​កាលពី​ឆ្នាំ២០១៣បាន​រក​ឃើញថា​ តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​មាន​ចំនួន២៨០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​ ខណៈ​ទីក្រុង​បាងកក​មាន៨០០០នាក់​ និង​ទី​ក្រុង​ហូ​ជី​ម៉ិញ​ ប្រទេស​វៀតណាម​មាន៤០០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​។

លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​តអ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ និង​ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា​ ក្រុងភ្នំពេញ​ពិតជា​មានការ​អភិវឌ្ឍ​លឿន​ ហេតុនេះ​បញ្ហា​ប្រឈម​ក៏​កើតមាន​ទន្ទឹមគ្នា​ ដែល​ទាមទារ​ឲ្យ​ក្រុង​នេះ​ រៀបចំផែនការ​ប្រើប្រាស់​ដី​លំអិត​ នៅ​តាម​សង្កាត់​ និង​ខ័ណ្ឌ​និ​មួយ​ៗ ព្រោះ​ប្លង់​គោល​របស់​ទីក្រុង​នេះ​ ដែល​ផ្តោត​លើ​ចន្លោះ​ឆ្នាំ២០១៥​ ២០៣០ជា​ប្លង់​ច្បោល​ៗ គ្មាន​ភាព​ជាក់លាក់​នោះ​ទេ​។

លោក​បន្ត​ថា​ “ការសិក្សា​ពី​ផែនការ​ការប្រើ​ប្រាស់​ដី​លំអិត​ យើង​ចំណេញ​និង​អាច​ដឹង​ថា​បញ្ហា​អ្វី​ដែល​កើតឡើង​ចំពោះមុខ​ ជាជាង​អង្គុយ​ចាំ​នៅពេល​បញ្ហា​កើតឡើង​”។ លោក​បន្ត​ថា​ “ការប្រើ​ប្រាស់​ដីធ្លី​ និង​ទាញ​យក​សេដ្ឋកិច្ច​ពី​ដីធ្លី​ នឹង​មិន​អាច​បាន​អស់​សក្តា​នុ​ពល​នោះ​ទេ​ បើសិនជា​គ្មាន​ផែនការ​ប្រើប្រាស់​ដី​លំអិត​ នៅ​តាម​មូលដ្ឋាន​និ​មួយ​ៗឲ្យបាន​ច្បាស់លាស់​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here