ដោយៈ យិន លាងគង់ ស្ថាបនិក និងអគ្គនាយក Propertyarea.asia
ភ្នំពេញៈ ព្រះអាទិត្យកម្ពុជាបាននិងកំពុងរះជាថ្មី រះលើទឹកដីចាស់ ប៉ុន្តែពពកហាក់មិនសប្បាយចិត្ត នឹងការរះឡើងរបស់ព្រះអាទិត្យដែលធ្លាប់ស្រអាប់នេះទេ ដោយខ្យល់បាននិងកំពុងបក់ពពក ដើម្បីព្យាយាមបិទបាំងពន្លឺរបស់ព្រះអាទិត្យជាថ្មី។
ខណៈកូនជ្រូកកម្ពុជា (សេដ្ឋកិច្ច) កាន់តែរីកធំធាត់ជាងមុន កម្ពុជាត្រូវបានគេមើលឃើញច្បាស់ថាកំពុងដើរលើផ្លូវត្រឹមត្រូវមួយ ក្រោមការដឹកនាំរបស់មេដឹកនាំប្រទេសនេះ ដើម្បីសម្រេចបាននូវវិបុលភាពសំរាប់ប្រជាជាតិរបស់ខ្លួន។
មេដឹកនាំកម្ពុជា បាននិងកំពុងព្យាយាមរក្សាតុល្យភាពរបស់ខ្លួន ក្នុងទំនាក់ទំនងអន្តរជាតិ ដោយប្រកាន់នូវគោលនយោបាយចងមិត្ត “គ្មានសត្រូវ” ប៉ុន្តែអ្នកនយោបាយ និងឥទ្ធិពលមនោគមវិជ្ជា និងភូមិសាស្ត្រនយោបាយ ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច បាននិងកំពុងប្រទាញប្រទង់ប្រទេសនេះ។ ហេតុនេះបើសិនជាមាន “ការសម្រេចចិត្តខុសខាងនយោបាយណាមួយ នឹងនាំប្រជាជាតិនេះធ្លាក់ក្នុងសោកនាដកម្មជាថ្មី”។
រលកមនោគមវិជ្ជា
ការងើបឡើងរបស់មហាយក្សចិននៅអាស៊ី ត្រូវបានគេមើលឃើញក្នុងទិដ្ឋភាពបី ទី១ ការងើបឡើងរបស់ចិននឹងធ្វើឲ្យប្រទេសជាច្រើន ទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ទី២ ការងើបឡើងរបស់ចិន បានធ្វើឲ្យពិភពលោកមានពហុប៉ូលនៃអំណាច និងទី៣ ការងើបឡើងរបស់ចិន ត្រូវបានលោកខាងលិច ពិសេសសហរដ្ឋអាមេរិកចាត់ទុកជាការគំរាមកំហែង។
ជាមួយនឹងកំណើនសេដ្ឋកិច្ច និងការគ្របដណ្តប់នូវមនោគមវិជ្ជាដ៏ស៊ីជម្រៅ ចិនកំពុងដាក់ចេញនូវផែនទីចង្អុលបង្ហាញផ្លូវយ៉ាងច្បាស់លាស់ ដើម្បីឈានជើងទៅដណ្តើមម្កុដ អំណាចសេដ្ឋកិច្ចលេខ១ ពីអាមេរិក ក្នុងបណ្តាទសវត្សរ៍ខាងមុខ។
តាមរយៈការដាក់ចេញនូវគោលនយោបាយខ្សែក្រវ៉ាត់១ ផ្លូវ១ ចិនកំពុងដើរលើផ្លូវត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ជាងមុន ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនទៅកាន់ពិភពលោក ពិសេសបណ្តាប្រទេសជាសម្ព័ន្ឋមិត្តរបស់ខ្លួនតាម រយៈការបង្ហូរទុនវិនិយោគរាប់រយពាន់លានដុល្លារទៅកាន់ប្រទេសនានា ហើយជួយឲ្យសេដ្ឋកិច្ចប្រទេសនោះរីកចម្រើន។
ប្រធានាធិបតីប្រទេសចិន លោក ហ្សី ជីនពីង ដែលត្រូវបានរដ្ឋសភារបស់ខ្លួនបោះឆ្នោតឲ្យកាន់តំណែងជាប្រធានាធិបតីមួយជីវិតកាលពីឆ្នាំមុន និងត្រូវចាត់ទុកជាបុរសមានឥទ្ធិពលបំផុតបន្ទាប់ពីលោក ម៉ៅ សេទុង បាននិយាយនៅក្នុងសុន្ទរកថា ជាលើកដំបូងរបស់លោកជាប្រមុខរដ្ឋនៅឆ្នាំ២០១៣ ថា “យើងត្រូវតែបន្តខិតខំដើម្បីសម្រេចក្តីសុបិន និងការងើបឡើងវិញដ៏អស្ចារ្យរបស់ប្រទេសចិន”។
យុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវ
តើវាជាយុទ្ធសាស្ត្រក្រឡាអុក ឬក្រឡា “រែក” របស់ចិនដើម្បីគ្របដណ្ដប់ និងទាញយកផលប្រយោជន៍ និងឥទ្ធិពលរបស់ពិភពលោកមកនៅខាងចិនឬ?។
ជាក់ស្តែងឥទ្ធិពលនៃវិថីសូត្រមាសរបស់ចិន ដែលរហូតមកទល់ពេលនេះ មានប្រទេសចំនួនរហូតដល់ ១២៣បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ និងមានអង្គការអន្តរជាតិ២៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងខ្សែក្រវ៉ាត់១ ផ្លូវ១ ដែលមានចំនួន១៧១ កិច្ចព្រមព្រៀងជាមួយចិន ដែលភាគច្រើនពាក់ព័ន្ធ នឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលបានផ្ដួចផ្ដើមឡើងដោយប្រទេសចិន និងមានសមាជិក ១០០ប្រទេស បាននិងកំពុងដើរតួនាទីកាន់តែសកម្មឡើង ក្នុងការពង្រីកការគ្របដណ្តប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ ចិនកំពុងប្រើប្រាស់ធនាគារនេះ កាត់បន្ថយការពឹងផ្អែកលើស្ថាប័នហិរញ្ញវត្ថុធំៗនៅលើពិភពលោក ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank) ព្រមទាំងមូលនិធិរូបិយវត្ថុពិភពលោក (IMF) ដែលសុទ្ធតែជាស្ថាប័នស្ថិតក្រោមឥទ្ធិពលរបស់អាមេរិក។
ជាមួយនឹងសារដ៏ច្បាស់លាស់ បុរសមានឥទ្ធិពលបំផុតរបស់ចិននៅដើមសតវត្សរ៍ទី២១នេះ លោក ហ្សី ជីនពីង បានមានប្រសាសន៍នៅក្នុងសុន្ទរកថាប្រចាំឆ្នាំ ២០១៩ ថា “យើងនឹងបន្តជំរុញឱ្យមានការស្ថាបនា គម្រោងខ្សែក្រវ៉ាត់១ ផ្លូវ១(BRI) ហើយបន្តជំរុញការអភិវឌ្ឍសហគមន៍នៃអនាគតនៃមនុស្សជាតិ ហើយយើងនឹងធ្វើការដោយមិនខ្លាចនឿយហត់ សម្រាប់ពិភពលោកដ៏រុងរឿង និងស្រស់ស្អាតជាងនេះ”។
ចិនមានភាពទន់ភ្លន់
លុយ ជាអាវុធដ៏មានប្រសិទ្ធភាពរបស់ចិន ហើយចិនកំពុងប្រើប្រាស់លុយ ដើម្បីពង្រីកការពង្រាយឥទ្ធិពលមនុស្ស និងសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក ហើយកម្ពុជាខ្លួនឯង ក៏កំពុងទទួលបានផលប្រយោជន៍ពីភាពជាសម្ព័ន្ធមិត្ត និងជាមិត្តដ៏ស្មោះត្រង់របស់ចិន តាមរយៈគោលនយោបាយខ្សែក្រវ៉ាត់១ និងផ្លូវ១ របស់ចិន។
លោកហ្សី ជីនពីង បាននិយាយថា “ចិនត្រូវការសន្តិភាពឱ្យបានច្រើន ដូចដែលមនុស្សត្រូវការខ្យល់ ហើយរុក្ខជាតិត្រូវការពន្លឺព្រះអាទិត្យ”។
ហាក់យល់ច្បាស់ពីផលវិបាកនៃសង្គ្រាម មេដឹកនាំចិនបាននិងកំពុងសម្លឹងមើលពិភពលោក ដែលកំពុងស្ថិតក្នុងភាពច្របូកច្របល់ ខណៈសត្រូវរបស់ខ្លួន (អាមេរិក) កំពុងប្រើប្រាស់នូវអាវុធបួន ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន ទី១ លទ្ធិប្រជាធិបតេយ្យ ទី២ សិទ្ធិមនុស្ស ទី៣ សេដ្ឋកិច្ច និងទី៤ អាវុធយុទ្ធភ័ណ្ឌ។
ក្នុងពេលចិនកំពុងប្រើប្រាស់លុយ ដើម្បីពង្រីកអំណាច និងមនោគមវិជ្ជារបស់ខ្លួនទៅកាន់ពិភពលោក និងកំពុងស្វែងរកសម្ព័ន្ធមិត្តកាន់តែច្រើន និងព្យាយាមកាត់បន្ថយឥទ្ធិពលអាមេរិកនៅលើពិភពលោក ក៏ដូចជាតំបន់អាស៊ាន កម្ពុជាកំពុងត្រូវបានគេមើលឃើញថា “ជាដៃគូដ៏ស្មោះស្ម័គ្ររបស់ចិន” ជាលទ្ធផលកម្ពុជាបានទទួលផលប្រយោជន៍ច្រើនពីគំនិតផ្តួតផ្តើមខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិន ហើយទទួលបានផលប្រយោជន៍ច្រើនជាងគេ ក្នុងចំណោមប្រទេសទទួលបានផលប្រយោជន៍ច្រើនបំផុតនៅអាស៊ានចំនួនបី។
ជាមួយនឹងស្នាមញញឹមប្រកបដោយភាពជឿជាក់ និងម៉ឺងមាត់ ប្រធានាធិបតីចិន លោកហ្សី ជីនពីង បានផ្ញើសារជូនបណ្តាប្រជាជាតិនៅលើពិភពលោកថា “ការឈ្លានពាន ឬកងទ័ពនិយម មិនមាននៅក្នុងហ្សែនរបស់ជនជាតិចិននោះទេ”។
អាមេរិកកំពុងខ្លាចឥទ្ធិពលចិន?
នៅពេលព្រះអាទិត្យរបស់ចិន កាន់តែជះពន្លឺចែងចាំង សហរដ្ឋអាមេរិកហាក់ស្រឡាំងកាំង ដោយសារមើលឃើញថា រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ “ចិនដើរលឿនពេក”។
មើលឃើញគោលនយោបាយផ្លូវសូត្ររបស់ចិន និងពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិន ហាក់មានអតុល្យភាពគ្នា ក្នុងកំឡុងយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក លោក ដូណាល់ ជេ ត្រាំ បានដាក់ចេញគោលនយោបាយ និងជ្រើសរើសវោហាស័ព្ទប្រឆាំងចិន នៅក្នុងយុទ្ធនាការរបស់ខ្លួនក្នុងកំឡុងឆ្នាំ២០១៦ ទីបំផុតលោក ត្រាំ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក រហូតមកទល់ពេលនេះ ហើយអ្នកវិភាគជាច្រើនបានព្យាករណ៍ថា លោកអាចនឹងជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀត។
ជាលទ្ធផលបន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ប្រធានាធិបតីអាមេរិករូបនេះបានបង្កើនសង្គ្រាមពាក្យសម្តី ដែលបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ហើយលោកក៏ជាប្រធានាធិបតីអាមេរិក ជាប់ឆ្នោតដ៏ចម្រូងចម្រាស់ជាងគេ និងមានរលកបាតុកម្មប្រឆាំងនឹងលោកនៅតាមបណ្តារដ្ឋធំៗជាច្រើនរបស់អាមេរិកផងដែរ។
ការដាក់ចេញជំហ៊ានច្បាស់លាស់ និងមានប្រតិមកម្មចម្រុះ មេដឹកនាំអាមេរិករូបនេះបានដាក់ចេញសង្គ្រាមពាណិជ្ជកម្មជាមួយចិន កាលពីឆ្នាំមុនដោយបានដំឡើងពន្ធលើមុខទំនិញចិនជាច្រើនរយពាន់លានដុល្លារ។ ភាពតានតឹងនេះ បានធ្វើឲ្យពិភពលោកស្ថិតនៅក្នុងសភាពភ័យខ្លាច និងច្របូកច្របល់ ដោយបារម្ភពីការកើតមានវិបត្តិសេដ្ឋកិច្ចពិភពលោកជាថ្មី។
យ៉ាងណាក៏ដោយអ្វីៗបានធូរស្រាលមួយរយៈ និងជួបភាពតានតឹងជាថ្មី ដោយកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះ ប្រធានាធិបតីអាមេរិករូបនេះបានប្រកាសសង្គ្រាមពាណិជ្ជកម្មជាមួយចិនម្តងទៀត ដោយបានដំឡើងពន្ធលើទំនិញរបស់ចិន ២០០ពាន់លានដុល្លារ ហើយជាការសងសឹកវិញ ចិនបានដាក់ការដំឡើងពន្ធលើមុខទំនិញអាមេរិក ៦៥ពាន់លានដុល្លារ។
ជាលទ្ធផលនៃសង្គ្រាមនេះ មិនមានប្រទេសណាប្រកាសថាចុះចាញ់នោះឡើយ ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំបាននិយាយថា សេដ្ឋកិច្ចកិច្ចចិនបានជួបស្ថានភាពដ៏អាក្រក់បំផុតក្នុងរយៈពេល ២៧ឆ្នាំកន្លងមកនេះ។
យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ Bloomberg ដែលបានចេញផ្សាយកាលពីខែមុន បានប៉ាន់ប្រមាណថា ការចំណាយនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន អាចឈានដល់ ១,២ពាន់ពាន់លានដុល្លារ និងទាញសេដ្ឋកិច្ចពិភពលោកឱ្យខិតទៅរកវិបត្តិសេដ្ឋកិច្ចជាសាកល។
ភាពតានតឹងផ្នែកពាណិជ្ជកម្មនេះ កំពុងមានសភាពកាន់តែផុយស្រួយ ក្រុមអ្នកចចារអាមេរិក និងចិនបានបរាជ័យក្នុងការចរចាពាណិជ្ជកម្ម ដែលបានធ្វើឡើងនៅទីក្រុងសៀងហៃ ប្រទេសចិនកាលពីថ្ងៃទី៣១ កក្កដាកន្លងមកនេះ។
ការប្រជែងផ្នែកភូមិសាស្ត្រនយោបាយ
ខណៈសហរដ្ឋអាមេរិកបានដើរនាំមុខចិនយ៉ាងឆ្ងាយរួចទៅហើយ ប៉ុន្តែស្ថានភាពនេះហាក់រង្គោះរង្គើរ ដោយសារការលេចឡើងរបស់ចិន ហេតុនេះទើបអាមេរិកក្នុងរជ្ជកាលប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានដាក់ចេញគោលនយោបាយឆ្ពោះ មកតំបន់អាស៊ីប៉ាស៊ីហ្វិក។
ហេតុនេះការប្រឆាំងចិនយ៉ាងស្រួចស្រាវរបស់លោក ដូណាល់ ត្រាំ មិនមែនជារឿងចៃដន្យនោះទេ។
សហរដ្ឋអាមេរិកបាន និងកំពុងពង្រីកការចងសម្ព័ន្ធភាព ជាមួយមិត្តចាស់របស់ខ្លួនផង និងសត្រូវចាស់របស់ខ្លួនផង ដើម្បីធ្វើយ៉ាងណាពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងពិភពលោក ដែលខ្លួនកំពុងតែភ័យខ្លាចការដណ្តើមឥទ្ធិពលពីមហាយក្សចិន។
ជាមួយនឹងការរះឡើងនៃប្លុកអាស៊ាន ដែលនឹងក្លាយជាប៉ូលសេដ្ឋកិច្ចធំមួយរបស់ពិភពលោក សហរដ្ឋអាមេរិកបានងាកមកចាប់ដៃជាមួយវៀតណាម ដែលជាសត្រូវដ៏ជូរចត់របស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចវៀតណាមរីកចម្រើនបានឆាប់រហ័ស ទប់ទល់នឹងឥទ្ធិពលចិន ប៉ុន្តែចិនដែលជាសត្រូវស្លាប់រស់ផ្នែកមនោគមវិជ្ជានយោបាយជាមួយវៀតណាម និងមិនអនុញ្ញាតឲ្យវៀតណាមពង្រីកឥទ្ធិពលបានឆាប់រហ័ស តាមដែលអាចធ្វើទៅបានទេ។
ព្រោះវៀតណាមចង់ក្លាយជាយក្សមួយទៀតនៅអាស៊ី តាមរយៈការលេបឥណ្ឌូចិន (គឺលេបកម្ពុជា ឡាវ) ប៉ុន្តែចិននឹងមិនអនុញ្ញាតឲ្យវៀតណាមធ្វើបានឡើយ ព្រោះបើវៀតណាមលេបឥណ្ឌូចិនបាន ចិននឹងជួបដៃគូប្រជែងដ៏ខ្លាំងមួយទៀត ដែលស្ថិតនៅជាប់របងផ្ទះគ្នា។
ហេតុនេះហើយ ទើបម្តងហើយម្តងទៀតចាប់តាំងពីឆ្នាំ២០១២ សហរដ្ឋអាមេរិកបានដុតរឿងសមុទ្រចិនខាងត្បូង ដែលស្ថិតក្នុងដែនទឹកដ៏ចម្រូងចម្រាស និងអះអាងភាពជាកម្មសិទ្ធិដោយប្រទេសជាច្រើនរួមមាន វៀតណាម ហ្វីលីពីន ប្រុយណេ និងម៉ាឡេស៊ីជាដើម។
ជាមួយគ្នានេះ ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងជើងលើកទី២ ប្រធានាធិបតីអាមេរិកបានជ្រើសរើសប្រទេសវៀតណាមជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល ហើយការជ្រើសរើសនេះមិនមែនជាការដៃដន្យនោះទេ គឺជាការរៀបចំយុទ្ធសាស្ត្រនយោបាយផង ភូមិសាស្ត្រនយោបាយផង និងការយកប្រៀបផ្នែកនយោបាយកាទូតផង និងបំបែកបំបាក់ទំនាក់ទំនងរាប់ទសវត្សរ៍រវាងចិន និងកូរ៉េខាងជើងផង។
អាវុធរបស់ចិន កំពុងប្រើប្រាស់នូវភាពទន់ភ្លន់ និងលំហូរមូលធន ដោយមិនសូវមានលក្ខខ័ណ្ឌ តែអាវុធសហរដ្ឋអាមេរិក ប្រើប្រាស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ផលប្រយោជន៍សេដ្ឋកិច្ច តាមរយៈព្រួញមួយបាញ់បានសត្វពីរ (បើយល់ព្រម ទទួលបានផលប្រយោជន៍ បើជំទាស់ ទទួលបាននូវគំនាបសេដ្ឋកិច្ច)។
ព្យុះមនោគមវិជ្ជាជះឥទ្ឋិពលដល់កម្ពុជា
ដោយសារឥទ្ធិពលចិន និងមើលឃើញកូនជ្រូកកម្ពុជាធំធាត់យ៉ាងលឿន តាមរយៈការសម្រេចបានកំណើនសេដ្ឋកិច្ចជាង ៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ សហរដ្ឋអាមេរិកបាន និងកំពុងកកូរកកាយកម្ពុជាដោយប្រយោល ហើយយកកម្ពុជាជាសៃវៀននៃការសាកល្បងមនោគមវិជ្ជាជាមួយចិន ដែលម្តងហើយម្តងទៀត សហរដ្ឋអាមេរិកបានប្រើប្រាស់បណ្តាញសារព័ត៌មាន នៅប្រទេសជិតខាងកម្ពុជា និងសារព័ត៌មានល្បីៗរបស់ខ្លួនឲ្យសរសេរព័ត៌មានប្រឌិតថា “កម្ពុជាបានអនុញ្ញាត និងលួចចុះហត្ថលេខាសម្ងាត់ជាមួយចិន ដើម្បីអនុញ្ញាតឲ្យចិនដាក់មូលដ្ឋានទ័ពនៅតំបន់សមុទ្ររាម ក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលជាតំបន់តារាសាគរ ហើយជាទីតាំងនៃការវិនិយោគដ៏ធំរបស់ក្រុមហ៊ុនចិន”។
ជាមួយគ្នានេះ សហរដ្ឋអាមេរិកបាន និងកំពុងប្រើប្រាស់ប្លុកនៃសហគមន៍អឺរ៉ុប ដើម្បីដាក់គំនាបសេដ្ឋកិច្ចលើកម្ពុជា តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ (EBA) ពីកម្ពុជា ដោយចោទរដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិមនុស្ស បំផ្លាញលទ្ធិប្រជាធិបតេយ្យ ពិសេសការរំលាយគណបក្សសង្គ្រោះជាតិ ខណៈអឺរ៉ុបខ្លួនឯង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមទៅវិញ ខណៈវៀតណាមជាប្រទេសកុំម៉ុយនីស្ត និងរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពិសេសសិទ្ធិជនជាតិខ្មែរកម្ពុជាក្រោម។
ឈរលើទិដ្ឋភាពនេះ ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងឥទ្ធិពលផ្នែកនយោបាយបានចូលមកពាក់ព័ន្ធជាមួយកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអភិវឌ្ឍន៍ប្រទេស និងនាំប្រជាជនចេញពីទាសភាពទៅរកវិបុលភាពនាពេលខាងមុខ។
ខណៈកម្ពុជានៅតែជាប្រទេសទន់ខ្សោយនៅឡើយ ប្រៀបដូចជាកូនក្មេងទើបចេះដើរតេសតាស មេដឹកនាំបក្សប្រឆាំង ដែលស្រលាញ់តែខ្លួនឯង ស្តាប់តែខ្លួនឯង ដើម្បីតែដណ្តើមអំណាច ដោយជ្រកក្រោមស្លាកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការគុំគួនផ្នែកនយោបាយ ជារឿងអភ័ព្វមួយរបស់កម្ពុជា។
កម្ពុជាគួរឈរលើជំហរបែបណា?
ក្នុងអត្ថបទវិភាគកាលពីលើកមុនដែលមានចំណងជើងថា “សេដ្ឋកិច្ចកម្ពុជាឈានដល់ដំណាក់កាលភ្លក់រសជាតិតៅហ៊ូ និងប័រ” ស្មេរបានលើកយកទិដ្ឋភាពជាច្រើនមកបង្ហាញទាក់ទងនឹងការរក្សានូវឧត្តមភាពកម្ពុជា ខណៈប្រទេសកំពុងស្ថិតនៅក្នុងភាពប្រទាញប្រទង់រវាងមនោគមវិជ្ជាលោកខាងលិច និងមនោគមវិជ្ជាលោកខាងកើត។
ប៉ុន្តែក្នុងស្ថានភាពប្រទេសមានប្រជាជនតិច សេដ្ឋកិច្ចតូច កម្ពុជាពិតជាត្រូវការខ្នងបង្អែកមួយយ៉ាងរឹងមាំ ដើម្បីរក្សាសន្តិភាពផង រក្សាស្ថេរភាពនយោបាយផង និងដើម្បីអាចអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួនផង។
ក្នុងបរិយាការណ៍បែបនេះតើមេដឹកនាំកម្ពុជា និងអ្នកពាក់ព័ន្ឋមួយចំនួន គួរព្យាយាតថ្នមសភាពការណ៍នេះឬទេ?។
ហេតុនេះអ្វីជាជំហររបស់កម្ពុជានាពេលនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថា “កម្ពុជាមិនបោះបង់អធិបតេយ្យភាពរបស់ខ្លួន ដោយដូរយកជំនួយនោះទេ”។
ក្នុងពេលអញ្ជើញមកទស្សនកិច្ចកម្ពុជាកាលពីចុងឆ្នាំ២០១៦ ប្រធានាធិបតីចិនលោកហ្សី ជីនពីងបានផ្ញើសារដ៏រំជួលចិត្តផ្ញើជូនប្រជាពលរដ្ឋខ្មែរថា “ចិននឹងចូលរួមការពារអធិបតេយ្យកម្ពុជា ជួយការពារបូរណភាពទឹកដីកម្ពុជា និងជួយកម្ពុជាឲ្យមានភាពរីកចម្រើនកាន់តែឆាប់រហ័សថែមទៀត”។
ខណៈកម្ពុជាត្រូវគេមើលឃើញថា កំពុងឈរនៅខាងចិនជិតស្និទ្ធជាងលោកខាងលិច ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានផ្ញើសារទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រធានាធិបតីជប៉ុនលោកស៊ីន ហ្សូអាបេ កាលពីពេលថ្មីៗនេះថា “កម្ពុជាចង់បានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកជាងមុន”។
សំណួរធំ
សំណួរនៅទីនេះតើកម្ពុជាអាចជ្រើសរើសបានឬទេ? ចម្លើយពិតជាបាន ប៉ុន្តែវាជាការសម្រេចចិត្តដ៏លំបាកមួយ ខណៈប្រទេសនេះត្រូវការសន្តិភាព ត្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ហេតុនេះការឈរលើជំហរច្បាស់លាស់មួយ គួរពិចារណាទៅលើទិដ្ឋភាពមួយចំនួន ទី១ ការលំអៀងទៅរកមហាអំណាចចិន ពិតជាជួយកម្ពុជាបានក្នុងកម្រិតណា ប្រសិនជាប្រព័ន្ធអនុគ្រោះពន្ធត្រូវដកចេញពីកម្ពុជា ទី២ តើកម្ពុជាអាចអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ខ្លួនបានរបៀបណា ក្នុងពេលដែលឥទ្ធិពលលោកខាងលិច មានឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជា។
ទី៣ តើកម្ពុជាគួរចាប់ដៃជាមួយមហាអំណាចទាំងពីរបានឬទេ ក្នុងពេលតែមួយ ដើម្បីផលប្រយោជន៍ប្រជាជាតិរបស់ខ្លួន តាមរយៈការបន្ទន់ជំហរផ្នែកនយោបាយរបស់មេដឹកនាំនយោបាយទាំងពីរ ដែលកំពុងមានភាពមានៈរៀងៗខ្លួន? ទី៤ តើមេដឹកនាំបក្សប្រឆាំងគួរធ្វើជាវីរៈបុរសនៅក្រោយឆាកបានឬទេ? តាមរយៈការដឹកនាំក្រុមការងារដើម្បីជួយបញ្ចុះបញ្ចូលសហភាពអឺរ៉ុបកុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
ជំហរ និងការសម្រេចចិត្តនៅទីនេះ មិនមែនឈរលើសម្លេងរបស់ប្រជាពលរដ្ឋនោះទេ តែគួរឈរលើជំហរជាបេះដូងរបស់ប្រជាពលរដ្ឋ និងបេះដូងរបស់មេដឹកនាំទាំងពីរ៕