សហគ្រិន​អចលនទ្រព្យ​វ័យក្មេង​៖ ចង់​ជោគជ័យ​លើវិស័យអចលនទ្រព្យ​ត្រូវ​ដឹងរឿង៣យ៉ាងនេះ​

0
វិស័យអចលនទ្រព្យ
អគ្គនាយកក្រុមហ៊ុន រាជសន្តុសិត លោក ផន វណ្ណិត

ដោយ​៖​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ បច្ចុប្បន្ន​នេះ​ វិស័យអចលនទ្រព្យ​កំពុង​មានសន្ទុះ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ មិនមែន​សុទ្ឋ​តែ​ទទួល​បានផល​ចំណេញ​នោះ​ទេ​ ហើយ​អ្នក​ដែល​បរាជ័យ​ ក៏​ព្រោះ​ភាគច្រើន​ ពួកគេ​មិនបាន​ដឹងពី​គន្លឹះ​ក្នុង​ការ​ធ្វើជំនួញ​ក្នុង​វិស័យ​នេះ​។

អគ្គនាយក​ក្រុមហ៊ុន​ រាជ​សន្តុសិត​ លោក​ ផន​ វណ្ណិ​ត បាន​លើកឡើង​ពីក​ត្តា​សំ​ខាន់​ៗ ៣យ៉ាងដែល​អាច​ជំរុញ​ឱ្យ​ការ​ធ្វើជំនួញ​ ក៏ដូចជា​ការ​ធ្វើអាជីវកម្ម​នៅក្នុងវិស័យអចលនទ្រព្យអាច​ទទួល​បាន​ជោគជ័យ​ខ្ពស់​។ លោក​បាន​លើកឡើង​ថា​ អ្នក​ប្រឡូក​ក្នុង​វិស័យអចលនទ្រព្យ អ្វី​ដែល​ត្រូវតែ​ដឹង​បំផុត​នោះ​ គឺទី១​-ពេលវេលា​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ទី២​-ការ​ស្គាល់​ទីតាំង​ភូមិសាស្ត្រ​ និង​ទី៣​- ការយល់​ច្បាស់​ពី​ព័ត៌មាន​។

លោក​បាន​អះអាង​ថា​ អ្នកទិញ​ដី​មិន​អាច​ចង់​ចំ​ណេញ​ភ្លាម​ៗនោះ​ទេ​ តែ​ត្រូវ​រង់ចាំ​ពេល​សេដ្ឋកិច្ច​កើនឡើង​ ដី​ក៏​ឡើងថ្លៃ​ទៅតាម​នោះ​ដែរ​។ ចំណែក​ឯការ​ស្គាល់​ទីតាំង​ និង​ស្វែងយល់​ព័ត៌មាន​ រឹតតែ​មាន​សារៈសំខាន់​សម្រាប់​ការពិចារណា​ក្នុង​ការទិញ​ដី​។

ពេលវេលា​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​

លោ​កផន​ វណ្ណិ​ត បាន​បញ្ជាក់​ថា​ ការទិញ​ដី​ទុក​លក់​យកចំណេញ​ ត្រូវ​រង់ចាំ​ពេលវេលា​មកដល់​ទើប​លក់ចំណេញ​បាន​ច្រើន​។ សម្រាប់​អ្នក​លោភលន់​ខ្លាំងពេក​ គឺ​មិន​អាច​ជោគជ័យ​ក្នុងវិស័យអចលនទ្រព្យឡើយ​ ព្រោះ​មិនបាន​សិក្សា​ច្បាស់​ ខ្វះ​ភាព​អត់ធ្មត់​ ដែល​ពេលខ្លះ​នាំទៅ​ដល់​ការខាតបង់​ក៏​មាន​។ រឿង​ទិញ​ដី​ទុក​ គឺ​មិន​ចេះ​ខាត​នោះ​ឡើយ​ ព្រោះ​ដី​មិន​ចេះ​កើតកូន​ ចំណែក​ឯមនុស្ស​ចេះតែ​មានការ​កើនឡើង​។

ការ​ស្គាល់​ទីតាំង​ភូមិសាស្ត្រ

អគ្គនាយក​ក្រុមហ៊ុន​ដែល​កើត​ចេញពី​ត្រកូល​គ្រួសារ​ក្រខ្សត់​ នៅ​ខេត្តព្រៃវែង​រូប​នេះ​ បាន​រៀបរាប់​ទៀត​ថា​ កាលពី​អំឡុង​ឆ្នាំ២០១៦​ លោក​ក៏​មានឱកាស​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ពុះ​ដី​ឡូត៍​បង់​រំលស់​ ហើយក៏​ចាប់ផ្ដើម​ស្វែងយល់​ពីទី​តាំង​កាន់តែ​ខ្លាំង​ ដោយ​លោក​ធ្វើដំណើរ​ញឹកញាប់​ ស្គាល់​ច្បាស់​គ្រប់ផ្លូវ​នៅ​ម្ដុំ​ភ្នំ​រាប​ ភ្នំ​ប្រសិទ្ធ​ ហើយ​អាច​យល់​ច្បាស់​ពី​ចំណុចប្រសព្វ​ និង​លក្ខណៈ​ពិសេស​នៃ​ដី​នី​មួយ​ៗ ទើប​លោក​ទិញ​ដី​ទុក​បាន​ច្រើន​ លក់​ក៏បាន​ច្រើន​ រហូត​កើ​ទុន​ដែល​អាច​បើក​ក្រុមហ៊ុន​ខ្លួនឯង​បាន​។

យល់​ច្បាស់​ពី​ព័ត៌មាន​

បើ​តាម​បទពិសោធន៍​ផ្ទាល់​ លោ​កផន​ វណ្ណិ​តបាន​ប្រាប់​ឱ្យ​ដឹង​ថា​ ជានិច្ចកាល​លោក​តែងតែ​ស្ដាប់​ព័ត៌មាន​ អាន​ព័ត៌មាន​ពី​វិស័យអចលនទ្រព្យ​ ដើម្បី​ដឹង​ព័ត៌មាន​ច្បាស់​ពី​ការ​អភិវឌ្ឍ​នានា​ ព្រោះ​វា​ជា​ជំនួយស្មារតី​ក្នុង​ការពិចារណា​ទិញ​ដី​។ អ្នក​ចង់​ជោគជ័យ​ក្នុងវិស័យអចលនទ្រព្យ​ ត្រូវ​ដឹង​នូវ​អ្វី​ដែល​ថ្មី​ជានិច្ច​ ហើយ​ត្រូវ​ដឹងមុន​គេ​ មិន​អាច​រង់ចាំ​ព័ត៌មាន​មកដល់​ឡើយ​ គឺ​ត្រូវ​ទៅ​ស្វែងរក​ព័ត៌មាន​ឱ្យ​បាន​ច្បាស់ជា​ប្រចាំ​។

ទោះជា​បែបនេះ​ក្ដី​ លោ​កផន​ វណ្ណិ​តបាន​បញ្ជាក់​ថា​ ចំណុច​ទាំង៣នេះ​ គឺ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​ ព្រោះ​អ្នក​ដាក់ខ្លួន​នៅក្នុង​វិស័យអចលនទ្រព្យ ត្រូវតែ​ចេះ​ស្វែងយល់​ពី​ស្ថានភាព​សេដ្ឋកិច្ច​ និង​ការ​វិនិយោគ​នានា​ ទើប​អាច​មានឱកាស​ច្រើន​ ដើម្បី​ឆ្ពោះទៅ​កាន់​ភាព​ជោគជ័យ​។

លោក​បាន​សង្កត់​ថា​ “ចំណុច​សំខាន់​បំផុត​ គិត​ច្បាស់​ ដាក់ចិត្ត​ ហើយ​ហ៊ាន​ធ្វើ​ ទើប​ឃើញ​លទ្ធផល​ជោគជ័យ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here