ដោយ Donald Lee
ប៉េកាំងៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតាមទ្រង់ទ្រាយធំបំផុតមួយ ដូចសហភាពអ៊ឺរ៉ុបដែលហៅថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលនឹងរួមបញ្ចូលបណ្តាប្រទេសអាស៊ានទាំងអស់ និងប្រទេសអាស៊ី-ប៉ាស៊ីហ្វិកនឹងត្រូវពន្លឿនឲ្យបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២០។
នៅពេលការចរចាក្នុងចំណោមសមាជិក នៃ RCEP បានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់នេះ នឹងមានចំនួនប្រជាជនពាក់កណ្តាលលើពិភពលោក និងរួមបញ្ចូលច្រើនជាង ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបលើពិភពលោក។
-->
អ្នកតំណាងពាណិជ្ជកម្ម មកពីប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗបានបញ្ចប់ការចរចារចុងក្រោយមួយ នៅក្នុងទីក្រុងប៉េកាំងនៅចុងសប្តាហ៍នេះ នៅឯកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស RCEP លើលកទី៨។
កិច្ចប្រជុំចុងក្រោយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់នេះ គ្រោងនឹងធ្វើនៅទីក្រុងបាងកកនៅខែ វិច្ឆិកា ឆ្នាំនេះ។
លោក Jurin Laksanawisit ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា “ប្រសិនបើការចរចារអាចទទួលបានជោគជ័យនៅក្នុងកិច្ចប្រជុំនៅទីក្រុងបាងកក នោះកិច្ចព្រមព្រៀងនេះ នឹងអាចត្រូវបានចុះហត្ថលេខានៅពាក់កណ្តាលឆ្នាំ ២០២០”។
កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ RCEP នេះ នឹងរួមបញ្ចូលបណ្តាប្រទេសអាស៊ានទាំងអស់ និងប្រទេសដែលមានសេដ្ឋកិច្ចធំៗ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ឥណ្ឌា និងនូវែលសេឡង់។
លោក Jurin បាននិយាយថា “កិច្ចចរចាចុងក្រោយបានផ្តល់លទ្ធផលជាច្រើន ព្រោះរដ្ឋមន្រ្តីពាណិជ្ជកម្មមកពី១៦ ប្រទេសអាចបញ្ចេញនូវភាពខុសគ្នា ភាគច្រើនរបស់ពួកគេ ហើយបន្តការចរចារនៅមុនកិច្ចប្រជុំចុងក្រោយ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងបាងកកក្នុងខែ វិច្ឆិកានេះ”។
លោកបានបន្ថែមថា “វឌ្ឍនភាពរបស់យើងឥឡូវនេះ មានប្រហែល៦០ភាគរយ ខណៈដែលយើងបានបញ្ចប់ការចរចាលើបញ្ហាចំនួន៧ ក្នុងចំណោមបញ្ហាសំខាន់ៗចំនួន ២០ លើ RCEP”។
ទោះយ៉ាងណាប្លុកពាណិជ្ជកម្មនេះ នឹងមិនរាប់បញ្ចូលប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលើពិភពលោកនោះទេ (អាមេរិក)។
សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានពន្លឿនការចរចារសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់នេះ ខណៈដែលតំបន់អាស៊ីបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការវាយប្រហារពន្ធគយ “អាវុធ” របស់អាមេរិកទៅលើទំនិញចិន ដែលបង្កឱ្យមានភាពច្របូកច្របល់នៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក នៅក្នុងវិស័យផលិតកម្មសំខាន់ៗនៅទូទាំងតំបន់។
លោក Trump បានប្រកាសពន្ធបន្ថែមលើទំនិញចិន ដែលនៅសេសសល់ដែលគិតជាទឹកប្រាក់ប្រមាណ៣០០ពាន់លានដុល្លារ ដែលជាការវាយប្រហាររយៈពេលខ្លីមួយនៃការវាយប្រហារទៅលើពាណិជ្ជកម្មរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោកនេះ។
លោក Trump បានសរសេរលើបណ្តាញសង្គម Tweeter ថា “អាមេរិកនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ដោយដាក់ពន្ធបន្ថែម១០ភាគរយលើទំនិញ និងផលិតផលដែលនៅសេសសល់ចំនួន៣០០ពាន់លានដុល្លារលើ ប្រទេសចិនចូលមកក្នុងប្រទេសរបស់យើង”។
ទីផ្សារភាគហ៊ុននៅទូទាំងទ្វីបអាស៊ីបានធ្លាក់ចុះភ្លាមៗ បន្ទាប់ពីការប្រកាសរបស់លោក Trump ។
សេដ្ឋវិទូ បានប៉ាន់ប្រមាណថា ការខាតបង់នៃសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនអាចឈានដល់១,២ ពាន់ពាន់លានដុល្លារ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
បរិយាកាសហិរញ្ញវត្ថុសកលមានសភាពធ្លាក់ចុះខ្លាំង ខណៈនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison បានសន្យាថា នឹងជំរុញឱ្យមានការបញ្ចប់កិច្ចចរចា RCEP ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់អស្ថិរភាព ដែលកើតចេញសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនកំពុងបង្កនៅក្នុងតំបន់អាស៊ី។
លោក Simon Birmingham រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអូស្ត្រាលីបានថ្លែងថា “អូស្ត្រាលី មិនអាចដោះស្រាយជម្លោះរវាងអាមេរិកនិងចិនបានទេ”។
លោក Scott Morrison បាននិយាយថា រដ្ឋាភិបាលអូស្រ្តាលីនឹងមិន “អង្គុយរងចាំ ” រហូតដល់អាមេរិក និងចិនបញ្ចប់សង្គ្រាមនោះទេ។
នាយករដ្ឋមន្រ្តីអូស្រ្តាលីបានមានប្រសាសន៍ថា “អ្វីដែលយើងកំពុងមើលឃើញឥឡូវនេះជាមួយ RCEP គឺជាឱកាសមួយសម្រាប់តំបន់ក្នុងការទទួលបាន ខណៈវាជាសញ្ញាច្បាស់ថា ពួកគេអាចធ្វើអ្វីដែលពួកគេជ្រើសរើសធ្វើ ហើយពួកគេគឺជារដ្ឋអធិបតេយ្យទាំងអស់”។
អ្នកជំនាញ មានទុទិដ្ឋិនិយមថា រាល់ការចរចាណាមួយនឹងត្រូវបញ្ចប់ រវាងអាមេរិក និងចិននៅឆ្នាំនេះ។
អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសសឹង្ហបូរីលោក Frank Lavin បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា “សង្គ្រាមពន្ធនេះ បានបន្តអស់រយៈពេលជាងមួយឆ្នាំមកហើយ ដូច្នេះអ្នកនឹងឃើញការធ្លាក់ចុះ ការធ្លាក់ចុះការជឿទុកចិត្ត និងការទំនាក់ទំនង។ ភាគីទាំងពីរទំនងជាមិនអាចឈានដល់កិច្ចព្រមព្រៀងនៅចុងឆ្នាំនេះទេ។
រដ្ឋាភិបាលចិនបានបង្កើនការវាយប្រហាររបស់ខ្លួន ទៅលើអាមេរិកដោយបានស្តីបន្ទោសចំពោះការបរាជ័យ ក្នុងកិច្ចចរចាពាណិជ្ជកម្ម ហើយថែមទាំងបាននិយាយថាអាមេរិក គឺអ្នកទទួលខុសត្រូវចំពោះការធ្វើបាតុកម្ម ដោយហិង្សានៅក្នុងទីក្រុងហុងកុង។
បើតាមសម្តីរបស់លោក Myron Brilliant ប្រធានផ្នែកកិច្ចការអន្តរជាតិនៅសភាពាណិជ្ជកម្មអាមេរិក បានប្រាប់កាសែត Wall Street Journal ថា “នៅក្នុងវវត្តន៍ថ្មីៗនេះរដ្ឋាភិបាលចិនមានសម្លេងខ្លាំង ប្រឆាំងនឹងកិច្ចព្រមព្រៀងណាមួយជាមួយរដ្ឋបាល Trump”។
លោកបានបន្ថែមថា “ជាមួយនឹងការកើតឡើង នៃសង្រ្គាមពាណិជ្ជកម្មដោយរដ្ឋាភិបាលទាំងសងខាង និងភាគីទាំងពីរកាន់តែមានគំនិតផ្ទុយគ្នា ហើយទស្សនវិស័យនៃកិច្ចព្រមព្រៀងស្តង់ដារមួយគឺកាន់តែមានភាពដាច់ឆ្ងាយ”៕