ដោយ រ៉ាណេត
ភ្នំពេញៈ តាមការព្យាករណ៍របស់អ្នកជំនាញបានឱ្យដឹងថា នៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ កំណើនផ្សារទំនើបខ្នាតអន្តរជាតិនានានៅកម្ពុជា នឹងកើនឡើងរហូតដល់ជាងជិត ៤០ទីតាំង ខណៈ ដែលបច្ចុប្បន្ននេះគេសង្កេតឃើញមានបណ្តាផ្សារទំនើប ដែលធ្លាប់ដំណើរការមួយចំនួនបានសម្រេចបិទទ្វារ ហើយមួយចំនួនទៀតកំពុងតែប្រឈម។
នៅក្នុងរបាយការណ៍ដែលសិក្សាឡើង ដោយអ្នកជំនាញផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុនអន្តរជាតិ CBRE បានបង្ហាញថា ការផ្គត់ផ្គង់ផ្សារទំនើបគ្រប់ទ្រង់ទ្រាយធំនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ដើម្បីបំពេញទៅតាមតម្រូវការកម្លាំងបញ្ជាទិញ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ផ្សារទំនើបដែលកំពុងតែដំណើរនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះត្រូវបានបែងចែកជាចំណាត់ថ្នាក់ផ្សេងគ្នា រួមមាន ប្រភេទ Shopping Center, Retail Podium, Shopping Mall, និងប្រភេទ Community Mall ។
-->
នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា បច្ចុប្បន្នបើនិយាយពីវិស័យផ្សារទំនើប គឺមានភាពរីកចម្រើនខ្លាំង ប៉ុន្តែក្នុងនោះក៏មានផ្សារតំនើបមួយចំនួនតូចបានជួបបញ្ហាប្រឈម ដោយសារតែការប្រែប្រួលនៃភាពទំនើបកម្ម កិច្ចរៀបចំ និងតុបតែងលម្អ។
ផ្អែកតាមគំនូសតាង (Graphic) ដែលចេញផ្សាយដោយក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា នៅត្រឹមឆ្នាំ២០១៣ ប្រភេទផ្សារShopping Center មានចំនួន៧កន្លែង។ នៅត្រឹមចុងឆ្នាំ២០១៨ ប្រភេទផ្សារ Retail Podium មានចំនួន៣ ហើយរហូតដល់ឆ្នាំ២០២២ នឹងកើនឡើងដល់១០កន្លែង។ ប្រភេទផ្សារ Shopping Mall នៅដើមឆ្នាំ២០១៩ មានចំនួន៣ ហើយនឹងបន្តកើនដល់ចំនួន១២កន្លែងនៅត្រឹមឆ្នាំ២០២៤ ដោយឡែកចំពោះប្រភេទផ្សារបែបCommunity Mall កាលពីដើមឆ្នាំ២០១៩ មានចំនួនត្រឹម៦កន្លែង ហើយនឹងបន្តកើនឡើងរហូតដល់ចំនួន១៦កន្លែង នៅត្រឹមឆ្នាំ២០២១ ខាងមុខនេះ។
យ៉ាងណាក៏ដោយ ស្របដែលកំណើនផ្សារទំនើបគ្រប់ប្រភេទ បានបន្តកើនឡើង ក្នុងនោះក៏មានផ្សារទំនើបមួយចំនួន ដែលធ្លាប់ដំណើរការកាលពីប្រមាណ៥-១០ឆ្នាំមុនប្រឈមនឹងហានិភ័យខ្ពស់ រហូតឈានដល់បិទ និងផ្អាកដំណើរមួយរយៈ ដើម្បីធ្វើការកែលម្អសាជាថ្មី ជាក់ស្ដែងដូចជាផ្សារទំនើបសូរិយា (ត្រូវបានកែលម្អថ្មី) ផ្សារទំនើប សុវណ្ណា(កំពុងបិទទ្វារ ដើម្បីកែលម្អ) ក៏ដូចជាផ្សារទំនើប ផារ៉ាហ្គន ដែលសុទ្ធតែជាផ្សារធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញកាលពីប៉ុន្មានឆ្នាំមុន។
ភាពប្រឈម និងការបិទទ្វារផ្អាកដំណើរការលក់ ដើម្បីធ្វើការកែលម្អថ្មីនេះ ត្រូវបានលោកស្រី អាន សុធីតា ទទួលស្គាល់ ដោយលោកស្រីបានបញ្ជាក់ថា “ធម្មតា អ្វីដែលថ្មី អ្វីដែលប្លែក និងទាន់សម័យ គឺតែងមានភាពទាក់ទាញ។
លោកស្រីបានបន្តថា កាលពីប៉ុន្មានឆ្នាំ ផ្សារទំនើបសូរិយា ក៏ដូចជាផ្សារទំនើប សុវណ្ណា បានឈរនៅលំដាប់កំពូល ប៉ុន្តែជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ ផ្សារដែលស្ថិតនៅក្នុងចំណាប់អារម្មណ៍ រួមមាន AEON1 , AEON2 និងផ្សារទំនើប Olympia ដែលទើបបើកដំណើរការថ្មីៗនេះ។ លោកស្រីបានបញ្ជាក់ថា ផ្សារដែលដំណើរការយូរឆ្នាំ ត្រូវតែមានការកែលម្អ ដែលយ៉ាងយូរត្រឹម៥ឆ្នាំម្ដង ដើម្បីអាចប្រកួតប្រជែងជាមួយផ្សារដែលទើបបង្កើតឡើងថ្មី មានរចនាបទថ្មី។
អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា លោក ង៉ែត ជូបានមានប្រសាសន៍ថា បើទោះជាកំណើនផ្សារទំនើប មានការកើនឡើងដូចការលើកឡើងខាងលើ ប៉ុន្តែវាហាក់នៅមិនទាន់បានបំពេញតម្រូវការរបស់មនុស្សទូទៅនោះទេ ។
លោកបានបញ្ជាក់ថា “រសនិយមនៃមុខទំនិញនៅតាមបណ្តាផ្សារទំនើប ភាគជាអ្នករស់នៅក្នុងទីក្រុង និងមានកម្រិតជីវភាពធូរធាតែប៉ុណ្ណោះ។ លោកបន្តទៀតថា “មនុស្សភាគច្រើន ជាពិសេសបងប្អូនមកពីតាមបណ្តាខេត្ត ឬជាយក្រុងជាដើម ពួកគាតចូលទៅផ្សារទំនើប ក្នុងគោលបំណងកម្សាន្តច្រើន ជាងការទិញសម្ភារៈប្រើប្រាស់ និងចំណីអាហារ។
លោកបន្តថា នៅប៉ុន្មានឆ្នាំទៀត ក្រោយពេលដែលកំណើនសេដ្ឋកិច្ច នៅតែមានភាពល្អប្រសើរ កម្រិតជីវភាពប្រជាពលរដ្ឋមានកំណើនល្អ នោះតម្រូវការនៃការប្រើប្រាស់ផ្សារទំនើបនឹងកើនឡើង”៕