ធនាគារពិភពលោក​កំពុង​សិក្សា​លើ​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្មនៅ​ក្រុងព្រះសីហនុ

0
ធនាគារពិភពលោក

ដោយ វុត្ថា

ភ្នំពេញៈ ក្រុមទី​ប្រឹក្សា​របស់​ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ (IFC) របស់​ធនាគារពិភពលោក កំពុងធ្វើការ​សិក្សា​បុ​រេ​សមិទ្ធិ​លទ្ធភាព លើ​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ក្រុងព្រះសីហនុ។

នៅក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹក​ជ​ញ្ជូ​នៅ​ថ្ងៃទី ៨ ខែសីហា នេះ ក្រុមទី​ប្រឹក្សា​របស់​ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ (IFC) របស់​ធនាគារពិភពលោក បានធ្វើ​បទ​បង្ហាញ​អំពី​បច្ចុប្បន្នភាព គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ក្រុងព្រះសីហនុ ដោយ​ផ្តោតជាសំខាន់​លើ​ការវិភាគ​ស្ថានភាព​ច្បាប់ និង​ស្ថាប័ន​ដែល​គាំទ្រ​ដល់​រចនាសម្ព័ន្ធ​ភាពជា​ដៃគូ​រដ្ឋ និង​ឯកជន (Public-Private Partnership) ទិដ្ឋភាព​ច្បាប់​ទាក់ទង​នឹង​ប្រតិបត្តិការ​កំពង់ផែ និង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ទិដ្ឋភាព​បច្ចេកទេស​ផងដែរ។

គម្រោង​នេះ​មាន​គោលបំណង​អភិវឌ្ឍន៍​ក្រុងព្រះសីហនុ ជា​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ដ៏​ធំ​មួយ​នៅ​កម្ពុជា ធានា​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​ប្រកបដោយ​ចីរភាព ធានាឱ្យមាន​ការគាំទ្រ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដើម្បី​ជំរុញ​ការប្រកួតប្រជែង​ក្នុងការ​ដឹកជញ្ជូន ដែល​នឹងត្រូវ​អនុវត្ត​តាមរយៈ​ភាពជា​ដៃគូ​រដ្ឋ និង​ឯកជន (PPP) ផងដែរ។

លោក កុយ សុ​ដា​នី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជំរុញ​ឱ្យ​សមាជិក​សមាជិកា នៃ​គណៈកម្មាធិការ​​ជាតិ​ភស្តុភា​រកម្ម និង​ភាគី​ពាក់ព័ន្ធ​ផ្តល់​ធាតុ​ចូលសំខាន់ៗ ដើម្បីឱ្យ​គម្រោង​សិក្សា​នេះ​ទទួលបាន​លទ្ធផល​ល្អ និង​ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួង​ធ្វើការ​ពិនិត្យ ឈានទៅ​បង្កើត​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម ក្រុងព្រះសីហនុ​ប្រកបដោយ​ជោគជ័យ។

រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ពិនិត្យ​លទ្ធភាព​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ចំនួន​បួន ដែល​ក្នុងនោះ​រួមមាន៖ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ក្រុងព្រះសីហនុ មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ប៉ោយប៉ែត និង​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​បាវិត ដើម្បី​ជំរុញ​ការប្រកួតប្រជែង និង​កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here