ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្របទៅនឹងការព្យាករណ៍ទុករបស់រាជរដ្ឋាភិបាល ក៏ដូចជាធនាគារពិភពលោកដែលលើកឡើងថា នៅដំណាច់ឆ្នាំ២០១៩នេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែមានភាពល្អប្រសើរ និងអាចរក្សាបានកំណើនក្នុងរង្វង់ប្រមាណ ៧ភាគរយ ដែលចំនួននេះវាគឺជាសញ្ញាវិជ្ជមានដ៏ល្អមួយសម្រាប់វិស័យអចលនទ្រព្យនៅក្នុងឆ្នាំ និងបន្តទៅឆ្នាំបន្ទាប់ខាងមុខទៀត។
ផ្អែកតាមរបាយការណ៍ដែលបង្ហាញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា នៅត្រឹមឆមាសទី១ ឆ្នាំ២០១៩ តាមរយៈគណៈកម្មការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចឯកភាពលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបមាន ១៥៣គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន ១១០គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៤៣គម្រោង។ នៅក្នុងចំណោមគម្រោងទាំង ១៥៣ខាងលើនេះ មានទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ៥១៨១ លានដុល្លារអាចបង្កើតការងារបានជាង ១៦៧,៣៣០កន្លែង។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍តាមទូរស័ព្ទថា រយៈពេល៦ខែនៅក្នុងឆ្នាំនេះ ក៏ដូចជាពេញមួយឆ្នាំ២០១៩ កំណើនសេដ្ឋកិច្ចនៅតែរក្សាបានលំនឹងធម្មតា ហើយការវិនិយោគនៅតែមានចូលបន្ថែម ខណៈដែលគម្រោងចាស់ៗ ដែលមានស្រាប់នៅក្នុងប្រទេស ក៏មិនមានភាពអសកម្មនោះដែរ ពោលគឺមានតែខ្វះរោងចក្រជួលថែមទៀតផង។ លោកឧកញ៉ាបានបន្តទៀតថា “នៅក្នុងគម្រោងវិនិយោគបរទេស ដែលចូលមកកាន់កម្ពុជា វិស័យសំណង់ និងអចលនទ្រព្យបានឈានមុខគេ បន្ទាប់មកគឺវិស័យឧស្សាហកម្មកាត់ដេរ វិស័យទេសចរណ៍និងកម្សាន្ត ដែលរួមមានដូចជាការវិនិយោគលើផ្នែកសណ្ឋាគារ និងកាស៊ីណូជាដើម ”។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសបានឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងឡើងរបស់វិនិយោគិនមកកាន់កម្ពុជា។ លោកស្រីបានបន្តទៀតថា “នៅពេលដែលកំណើនសេដ្ឋកិច្ចមានភាពរឹងមាំ វាគឺជាសញ្ញាល្អមួយសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា ហើយវានឹងជួយអូសទាញកម្លាំងវិនិយោគពីបរទេសបន្ថែមទៀតប្រកបដោយទំនុកចិត្តខ្ពស់។
លោកស្រីបានបន្តទៀតថា “ចំនួនគម្រោងស្នើសុំវិនិយោគដែលត្រូវបានអនុម័តពី CDC កាន់តែច្រើនមានន័យថា តម្រូវការប្រើប្រាស់ដីនឹងមានកាន់តែច្រើនសម្រាប់សាងសង់រោងចក្រ និងសហគ្រាស ក៏ដូចជាឃ្លាំងផ្ទុកទំនិញជាដើម ជាពិសេសតំបន់ដែលស្ថិតនៅតាមផ្លូវក្រវ៉ាត់ក្រុង និងតំបន់ជាយក្រុង។
ផ្អែកតាមទិន្នន័យរបស់ក្រុមហ៊ុនអន្តរជាតិ CBRE Cambodia បានបង្ហាញថា នៅក្នុងឆមាសទី១នៃឆ្នាំ២០១៩នេះ ទីតាំងជួលការិយាល័យថ្មីទំហំ ៦,៥០០ ម៉ែត្រការ៉េ ត្រូវបានជួល ។ ចំនួននេះគឺមានការកើនឡើងទ្វេរដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨កន្លងទៅនេះ ហើយបើបូកបញ្ចូលទាំងអគារការិយាល័យបង្កើតថ្មី និងអគារដែលមានស្រាប់ ចំនួនការិយាល័យសរុបនៅភ្នំពេញបានកើនឡើងដល់ជិត ៣៦០,០០០ ម៉ែត្រការ៉េគិតត្រឹមចុងខែមិថុនាឆ្នាំ ២០១៩ នេះ ៕