វិស័យ​សំណង់ និង​អចលនទ្រព្យ​ក្លាយជា​កំលាំងចលករ​ស្នូល​ជំរុញ​ផលិតផលក្នុងស្រុក​សរុប​របស់​កាណាដា

0

ដោយ Donald Lee

ភ្នំពេញៈ យោងតាម​ការិយាល័យ​ស្ថិតិ​រដ្ឋាភិបាល​កាណាដា​បានឱ្យដឹងថា ទីផ្សារ​អចលនទ្រព្យ ដែល​កើនឡើង​ខ្លាំង​នៅ​ប្រទេស​កាណាដា កំពុង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេសជាតិ​នេះ ខណៈ​វិស័យ​អចលនទ្រព្យ​និង​សំណង់ បានរួម​ចំណែក​ពាក់កណ្តាល​នៃ​អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ។

ទិន្នន័យ​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​ចុងក្រោយ ពី​ប្រទេស​កាណាដា​បាន​បង្ហាញថា អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នេះ​ក្នុង​ខែ ឧសភា បាន​កើនឡើង ១,៣៧ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ ពាក់កណ្តាល​​នៃ​កំណើន​នេះ​ត្រូវបាន​ជំរុញ​ដោយ​វិស័យ​អចលនទ្រព្យ និង​សំណង់។

ផលិតផល​ក្នុងស្រុក​សរុប​កាណាដា មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១,៩៧ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​ខែ ឧសភា បន្ទាប់ពី​កំណើន​កើនឡើង ៤.៥២ពាន់​លាន​ដុល្លារ សម្រាប់​ខែ​នេះ។

វិស័យ​ជួល និង​ការជួល​អចលនទ្រព្យ ដែលមាន​កំណើន​ខ្លាំង​បានរួម​ចំណែក​ដល់​កំណើន ២៤,២៤ភាគរយ និង​វិស័យ​សំណង់​មាន​ជាង២៧ភាគរយ។ ស្ថិតិ​ទាំងពីរ​រួមបញ្ចូល​គ្នា គឺជា​ការចូលរួមចំណែក​ធំ​បំផុត​ដល់​សេដ្ឋកិច្ច​កាណាដា និង​ចូលរួមចំណែក​ជាង ៥១ភាគរយ នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ​នៅក្នុង​ខែ ឧសភា។ នេះ​បើ​យោងតាម​ស្ថិតិ​កាណាដា។

ក្រុមអ្នកវិភាគ​ជាច្រើន​បារម្ភ​ថា ការ​ពុះកញ្ជ្រោល​ទ្រព្យសម្បត្តិ​នៅ​កាណាដា នឹង​អាច​ធ្លាក់ចុះ នៅពេល​តម្លៃ​ផ្ទះ​បាន​កើនឡើង ខណៈដែល​ប្រាក់ចំណូល​មធ្យម​នៅ​ថេរ។

យោងតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កាណាដា​បានដាក់​ចេញ​នូវ​វិធានការណ៍​នានា ដើម្បី​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​ចុះ​ទាប និង​អាចធ្វើ​ឲ្យ​ទីផ្សារ​ធ្លាក់ចុះ​បន្តិច​ក្នុង​ខែ កក្កដា​នេះ។

បើ​យោងតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) “បន្ទាប់ពី​ការឡើង​ថ្លៃ​មួយរយៈ ទីផ្សារ​លំនៅដ្ឋាន​របស់​កាណាដា​កំពុង​ធ្លាក់ចុះ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​បន្ថែមទៀតថា “វិធានការណ៍​ដែល​បានរៀបចំ​ឡើង​នេះ​ដើម្បី​ពង្រឹង​ស្ថេរភាព​ហិរញ្ញវត្ថុ ដូចជា​ការធ្វើ​សាកល្បង​កាន់តែ​តឹងរឹង ទៅលើ​សមត្ថភាព​របស់​អ្នក​ខ្ចី​ក្នុង​ការសង​ប្រាក់កម្ចី​របស់​ពួកគេ រួមជាមួយ​នឹង​អត្រា​ការប្រាក់​ខ្ពស់​រួមផ្សំ​គ្នា​ដើម្បី​ធ្វើឱ្យ​ហិរញ្ញប្បទាន​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​មានតម្លៃ​ថ្លៃ​ជាង។

ទោះយ៉ាងណា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ព្រមាន​ថា ទីផ្សារ​លំនៅឋាន​ហួស​កម្រិត និង​ការពឹងផ្អែក​របស់​កាណាដា​លើ​វិស័យនេះ សម្រាប់​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​អាចធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ភាពវឹកវ​រ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​សន្និដ្ឋានថា “អតុល្យភាព​ទីផ្សារ​លំនៅដ្ឋាន​នៅតែ​ជា​កត្តា​ហានិភ័យ​ក្នុងស្រុក​ដ៏​សំខាន់។

របាយការណ៍​នេះ​បាន​បន្ថែមទៀតថា “ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​ចំពោះ​តម្លៃ​ទីផ្សារ​ផ្ទះ ជាពិសេស ប្រសិនបើ​មានការ​កើនឡើង​នៃ​ភាព​អត់​ការងារ​ធ្វើ និង​ការធ្លាក់ចុះ​នៃ​ការប្រើប្រាស់​របស់​ប្រជាជន អាច​បង្ក​ហានិភ័យ​បន្ថែមទៀត​ដល់​ស្ថេរភាព​ហិរញ្ញវត្ថុ និង​កំណើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here