ដោយ វុត្ថា
ភ្នំពេញៈ ផលិតផលនិងហាងល្បីៗចំនួន១៥ ប្រភេទមកពីក្រៅប្រទេស និងនៅក្នុងស្រុកជាច្រើនប្រភេទ នឹងបង្ហាញវត្តមាននៅក្នុងផ្សារទំនើបដ៏ធំ Furi Times Square នៅក្រុងព្រះសីហនុ ខណៈផ្សារទំនើបមួយនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងអំឡុងខែតុលា ឆ្នាំ ២០១៩ ខាងមុខនេះ។

យោងតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន FURI Corporation កាលពីកន្លងមកនេះបានបង្ហាញថា ផលិតផលនិងហាងល្បីៗទាំងនោះរួមមាន Starbucks, KFC, Amazon Cafe, Geylang Lor9, Dr. Professional Clinic, Bee Chheng Haing, Eyes Care Optic, KOI, LEVI’s, Samsonite, HIS& HER, JayJun Comestic, G-Shock, HGB Group, និង Dakasi Tea ព្រមផលិតផលរបស់ក្រុមហ៊ុនល្បីៗជាច្រើនផ្សេងទៀតច្រើនផ្សេងទៀតផងដែរ។
ផ្សារទំនើប FURI TIMES SQUARE ក៏មានការវិនិយោគលើ Sky Bar ទំនើបជាងគេ ដោយគ្រាន់តែ Sky Bar នេះវិនិយោគអស់ទឹកប្រាក់ជាង១លានដុល្លារអាមេរិក។ ផ្សារទំនើបកំពស់៥ជាន់នេះ ស្ថិតនៅលើផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។
តំណាងផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន FURI Corporation ដែលអភិវឌ្ឍគម្រោងផ្សារទំនើប Furi Times Square កញ្ញាតាំង គីមហុង បានប្រាប់ឱ្យដឹងនៅក្នុងឱកាសជួបជុំជាមួយអតិថិជនកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានទទួលយោបល់ល្អ និងមានការកោតសរសើរពីអតិថិជនអ្នកជួលផ្សារទំនើបនេះ។
កញ្ញាបានបន្តទៀតថា ការកោតសរសើរទាំងនេះ គឺដោយសារផ្សារទំនើប Furi Times Square មានហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អឥតខ្ចោះ ទាំងផ្នែកទីធ្លានៅខាងក្នុង និងរូបរាងខាងក្រៅ ហើយផ្តោតលើការរៀបចំប្រព័ន្ធ នៃការលក់មានភាពទូលាយល្អ មានទីធ្លាសាធារណៈ ការឌីសាញមានភាពទាក់ទាញ ហើយទីតាំងនៃគម្រោងនេះស្ថិតនៅតំបន់ដែលមានសក្ដានុពលល្អ។

កញ្ញាតាំង គីមហុងបានបន្តថា “ការទទួលបានការសរសើរពីអតិថិជន អ្នកជួលទីតាំងលក់រាយក្នុងគំរោងនេះ ដោយសារការវិនិយោគរបស់អ្នកវិនិយោគ ផ្សារទំនើបនេះ ផ្តោតលើការវិនិយោគ រយៈពេលវែងជាជាងរកផលចំណេញ។ កញ្ញាបន្ថែមថា“រហូតមកទល់ពេលនេះហាងអាហារ និងផលិតផលល្បីឈ្មោះជាង២០ក្រុមហ៊ុន បានចុះកុងត្រាលក់នៅផ្សារនេះ ហើយផលិតផលល្បីៗជាច្រើនទៀតកំពុងដំណើរការនិតិវិធី”៕









