រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្ពុជាអនុវត្តការប្រមូលចំណូល និងចំណាយកាន់តែមានប្រសិទ្ធភាព

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្រ្តីជាន់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា ការងារកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអនុវត្តន៍ការប្រមូលចំណូលដែលស្ថិតក្នុងផ្នែកទី១ គឺការបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា និងភាពរឹងមាំ ដែលសម្រេចបានលើសផែនការត្រីមាស ក្នុងនោះការអនុវត្តចំណាយកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។

លោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្នទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរ​ញ្ញ​វត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានថ្លែងលើកឡើងក្នុងកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យតាមដានវឌ្ឍ​នភាព នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ប្រចាំត្រីមាសទី៣ឆ្នាំ២០១៧កាលពីម្សិលម៉ិញនេះថា យោងតាមរយៈរបាយការណ៍ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧នេះ បានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងនោះ រួមមាន អនុវត្តការប្រមូលចំណូល ដែលស្ថិតក្នុងផ្នែកទី១ “បានបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា” មានភាពរឹងមាំ និងសម្រេចបានលើសផែនការត្រីមាស ការអនុវត្តចំណាយកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។

ចំណែកផ្នែកទី២ “បន្តពង្រឹង គណនេយ្យភាពហិរញ្ញវត្ថុ” គឺមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ ក្នុងនោះចំណាត់ថ្នាក់ថវិកាទាំង៧ ត្រូវបានប្រកាស ដាក់ឱ្យអនុវត្តន៍ និងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងជំហានទី២ ដោយបានត្រៀមលក្ខណៈសម្រាប់ដាក់ឱ្យអនុវត្តជាផ្លូវការ នៅតាមក្រសួង-ស្ថាប័នចំនួន១០ ក្នុងឆ្នាំ២០១៨នេះដែរ។

លោកទេសរដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នបានបន្តថា ការអនុវត្តអង្គភាពថវិកា និងថវិកាកម្មវិធី ត្រូវបានពង្រីកទៅតាមក្រសួង ស្ថាប័នពាក់ព័ន្ឋ ក្នុងចំនួនគួរឱ្យកត់សម្គាល់ដែលជាវឌ្ឍនភាពនៃផ្នែកទី៣ គឺ“ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោ​បាយ”។ ចំណែកផ្នែកទី៤ “គឺបានត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់” និងផ្នែកទី៥ “ការគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ប្រកបដោយជោគជ័យ និងចីរភាព” គឺស្ថិតក្នុងស្ថានភាពល្អប្រសើរ។ បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏បានបញ្ចប់សេចក្តីព្រាង ឯកសារយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៧-២០២៥ ដែលជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ ដើម្បីនាំប្រព័ន្ធថវិកាកម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។

តំណាងដៃគូអភិវឌ្ឍន៍ ក៏បានថ្លែងនូវការអបអរសាទរ ចំពោះវឌ្ឍនភាព ក៏ដូចជាសមិទ្ធផលគន្លឹះៗជាច្រើន របស់រាជរដ្ឋាភិបាល ដែលសម្រេចបានតាមរយៈ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសការកៀងគរចំណូល និងវឌ្ឍនភាព នៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(FMIS)ជំហានទី១ និងការវិវត្តនៃជំហានទី២។ លើសពីនេះដៃគូអភិវឌ្ឍន៍ ក៏ថ្លែងនូវការគាំទ្របន្តដល់រាជរដ្ឋាភិបាលផងដែរ ក្នុងកិច្ចការសំខាន់មួយចំនួន ដើម្បីជំរុ​ញការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here