លោកជា ចាន់តូ៖ សេដ្ឋកិច្ចកម្ពុជារំពឹងសម្រេចបានកំនើន៦,៩ភាគរយនៅឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការព្យាករណ៍សេដ្ឋកិច្ចរបស់កម្ពុជាបានបង្ហាញជាផ្លូវការហើយ ដោយកំនើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រេច​បានកំនើន៦,៩ភាគរយនៅឆ្នាំ២០១៧។

ទេសាភិបាលធនាគារជាតិនៃកម្ពុជាលោកជា ចាន់តូបានថ្លែងឲ្យដឹងក្នុងពិធីបិទសន្និបាតធនាគារជាតិនាព្រឹកថ្ងៃទី៧ មករានេះថា ទស្សនវិស័យនៅឆ្នាំ២០១៨នេះ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងតំបន់បន្តមានស្ថានភាពល្អប្រសើរ និងរក្សាបានកំណើនប្រហាក់ប្រហែលនឹងឆ្នាំ២០១៧។ ក្នុងបរិការណ៍នេះសេដ្ឋកិច្ចកម្ពុជា នឹងបន្តទទួលបានអំណោយផល ហើយរំពឹងថានឹងមានកំណើនប្រមាណ៦,៩ភាគរយ ដូចឆ្នាំ២០១៧ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។

ជាមួយនឹងផែនការចំពោះមុខ លោកជា ចាន់តូបានបន្តឲ្យដឹងថា ដើម្បីសម្រេចបាននូវគោលដៅនេះ នៅឆ្នាំ២០១៨ ធនាគារជាតិនឹងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ បង្កើនសមាហរណកម្មវិស័យហិរញ្ញវត្ថុទៅក្នុងតំបន់ និងអនុវត្តគោលនយោបាយរូបិយវត្ថុ ស្របតាមក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ ជាមួយនេះក៏បន្តអនុវត្តគោលនយោបាយរូបិយវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ននិងបត់បែន សំដៅជំរុញកំណើនសកម្មភាពសេដ្ឋកិច្ចផងដែរ។

លោកបន្តថា “ដើម្បីបន្តធ្វើឱ្យវិស័យធនាគារដើរតួនាទីស្នូលក្នុងខឿនសេដ្ឋកិច្ច នោះធនាគាជាតិនៃកម្ពុជាចាំបាច់ត្រូវលើកកម្ពស់យន្តការត្រួតពិនិត្យ និងបទប្បញ្ញត្តិ ផ្អែកតាមមូលដ្ឋានហានិភ័យ និងទស្សនៈអនាគត ព្រមទាំងការបន្តពង្រឹងប្រសិទ្ធភាពនៃអន្តរការិយកម្មហិរញ្ញវត្ថុ ក្នុងនោះរួមទាំងការបន្តលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ដោយគិតគូរពីការពង្រឹងស្ថិរភាពហិរញ្ញវត្ថុផងដែរ”។

ទន្ទឹមនឹងនេះដែរ ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលមន្ត្រី-បុគ្គលិក ក៏ជាការងារសំខាន់ណាស់ដែរដើម្បីឲ្យមន្ត្រីដែលជាអ្នកអនុវត្តន៍ ដោយផ្ទាល់ជាកម្លាំងបន្តវេនប្រកបដោយគុណវុឌ្ឍន៍ និងស្មារតីទទួលខុសត្រូវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here