ការ​ថមថយ​សេដ្ឋកិច្ច​ប្រទេស​ចិន​មិន​ជះឥទ្ធិពល​អាក្រក់​ដល់​វិស័យ​អចលន​ទ្រព្យ​កម្ពុជា​នោះ​ទេ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​ និង​វិភាគ​សេដ្ឋកិច្ច​កម្ពុជា​បាន​អះអាង​ថា​ ការ​ថមថយ​ល្បឿន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ដែ​កំពុង​មាន​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ មិន​ប៉ះពាល់​ដល់​វិស័យ​សំណង់​ និង​អចលនទ្រព្យ​កម្ពុជា​ទេ​។

ចាប់តាំងពី​ដើមឆ្នាំ២០១៩​ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ សម្រាប់​កំណើន​នៃ​វិស័យ​សំណង់​ និង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ហាក់​មាន​សភាព​ទ្រឹង​បន្តិច​ បើ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​កាលពី​ឆ្នាំ​កន្លងទៅ​នោះ​ ដែល​ស្ថាន​ការ​បែបនេះ​ក៏​ព្រោះតែ​រង​ឥទ្ធិពល​ពី​វិបត្តិសេដ្ឋកិច្ច​ប្រទេស​ចិន​ ខណៈ​ដែល​គម្រោង​វិ​និ​យោ​គធំៗ​នៅ​កម្ពុជា​ត្រូវ​បាន​គ្រប់គ្រង​ដោយក្រុម​ហ៊ុន​ចិន​។ តែ​ទោះជាយ៉ាងណា​ អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ​នៅតែ​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ថា​ មិនថា​ឆ្នាំនេះ​ឬឆ្នាំ​បន្ទាប់​នោះ​ទេ​ អចលនទ្រព្យ​កម្ពុជា​នៅតែ​មាន​លំនឹង​ និង​មិន​ធ្លាក់ចុះ​ដូច​ការ​លើកឡើង​ខាងលើ​នោះ​ឡើយ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មបាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី២១​ ខែសីហា​ នេះ​ថា​ ជា​រួម​ពេលណា​យើង​និយាយ​ពី​សេដ្ឋកិច្ច​ពិភពលោក​ វា​មិនមែន​ពឹងផ្អែក​ទៅលើ​តែ​ប្រទេស​ចិន​មួយ​នោះ​ទេ​ ព្រោះ​នៅ​លើ​ពិភពលោក​ មាន​ប្រទេស​មហា​អំ​ណាច​ធំៗ​ចំនួន៧ដែល​ជា​អ្នក​ទ្រទ្រង់​សេដ្ឋកិច្ច​ (G 7) ដូច្នេះ​ ទាល់តែ​ប្រទេស​ទាំងអស់​នេះ​ជួប​បញ្ហា​ ទើប​សេដ្ឋកិច្ច​ពិភពលោក​ប្រែប្រួល​។

លោក​បាន​បញ្ជាក់​ថា​ “យើង​ទទួលស្គាល់​ថា​បច្ចុប្បន្ន​នេះ​ នៅ​ប្រទេស​កម្ពុជា​ការ​វិនិយោគ​លើ​គម្រោង​សំ​ណង់​ធំៗ​ភាគច្រើន​ គឺ​ក្រុមហ៊ុន​ចិន​ ប៉ុន្តែ​មិនមែន​មានន័យថា​ក្រុមហ៊ុន​ទាំងអស់​នេះ​សុទ្ធតែ​ក្ស័យ​ធុន​នោះ​ទេ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​បច្ចុប្បន្ន​ ក្រៅពី​ក្រុមហ៊ុន​ចិន​ក៏​មាន​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​នានា​ជាច្រើន​ទៀត​ ដូចជា​ប្រទេស​កូរ៉េ​ជាដើម​ ដែល​កំពុងតែ​បង្ហាញ​ពី​ចេតនា​ចូល​មក​បណ្តាក់​ទុន​បន្ថែម​ពីលើ​ក្រុមហ៊ុន​ដែល​មានស្រាប់​នា​ពេល​បច្ចុប្បន្ន​នេះ​។

លោក​បន្ត​ថា​ “មាន​កក្តា​ជាច្រើន​ដែល​ពាក់ព័ន្ធ​ និង​ជួយ​ជ្រោមជ្រែង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ ឱ្យ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ដោយ​វា​មិន​មាន​ភាព​ប្រថុយប្រថាន​ ទៅតាម​ទំនោរ​នៃ​វិបត្តិសេដ្ឋកិច្ច​ប្រទេស​ចិន​នោះ​ឡើយ​”។

លោក​សុ​ខនី​មបាន​បន្ថែម​ថា​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​មួយ​នេះ​បាន​ជួយ​ធ្វើ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ទាំង​វិស័យ​រដ្ឋាភិបាល​ ទាំង​វិស័យ​ឯកជន​ រួម​ជាមួយនឹង​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ​ ហើយ​បច្ចុប្បន្ន​នេះ​យើង​បាន​ព្យាយាម​ផ្សព្វផ្សាយ​យ៉ាង​ទូលាយ​ ពី​ភាពល្អ​ប្រសើរ​នៃ​វិស័យ​នេះ​ ដើម្បី​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ និង​ក្រុមហ៊ុន​អន្តរជាតិ​នានា​នៅ​លើ​សាកលលោក​មកកាន់​កម្ពុជា​បន្ថែម​ទៀត​។

លោក​ថា​ “ជាទូទៅ​គ្រប់​វិស័យ​ទាំងអស់​តែង​មាន​វដ្ដ​របស់​វា​ ដែល​នៅពេល​ណាមួយ​វា​នឹង​មានការ​ប្រែប្រួល​ មិន​ស្ថិតស្ថេរ​ជា​រៀ​ងរ​ហួត​នោះ​ទេ​ ដោយឡែក​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ មិនថា​ឆ្នាំនេះ​ ឬឆ្នាំ​បន្ទាប់​រហូតដល់៣ទៅ៤ឆ្នាំ​ទៀត​ ក៏​នៅតែ​រក្សា​បាន​ភាពល្អ​ប្រសើរ​ដដែល​”។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា​ លោក​ង៉ែត​ ជូ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ដដែល​នេះ​ថា​ ចំពោះ​ស្ថានការណ៍​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​គេ​ពិបាក​នឹង​ធ្វើវិភាគ​បន្តិច​ ដែល​វា​អាច​ជា​ឱកាសល្អ​របស់​កម្ពុជា​ ហើយក៏​អាច​ប៉ះពាល់​ដល់ទី​ផ្សារ​កម្ពុជា​ដោយប្រយោល​។ លោក​បាន​បន្ត​ទៀត​ថា​ ប្រទេស​ចិន​ធំធេង​ណាស់​ ហើយក៏​មាន​ក្រុមហ៊ុន​ជាច្រើន​ដែល​កំពុងតែ​ដំណើរការ​ បើ​ទោះជា​កាលពី​ពេល​ថ្មី​ៗនេះ​មាន​ក្រុមហ៊ុន​សរុប​ប្រមាណ៣០០ក្រុមហ៊ុន​បាន​ប្រកាស​ក្ស័យធន​។

លោក​បាន​បន្ត​ទៀត​ថា​ “នៅ​ត្រឹម​ដំណាក់កាល​នេះ​អាច​មាន​ក្រុមហ៊ុន​ដែល​ជួប​វិបត្តិ​នៅ​ប្រទេស​ចិន​ ឬនៅ​តាម​បណ្តា​ប្រទេស​នានា​ ងាក​មក​ចាប់អារម្មណ៍​នៅ​កម្ពុជា​ក៏​ថា​បាន​ដែរ​”។ លោក​បាន​បន្ត​ថា​ “នៅ​ក្នុង​តំណា​ក់​កាល​នេះ​ វា​មិនទាន់​ជះឥទ្ធិពល​ខ្លាំងក្លា​នោះ​ទេ​ ប៉ុន្តែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​នៅតែ​បន្ត​ភាព​រាំ​រៃ​ក្នុងរយៈពេល៣​-៤ឆ្នាំទៅ​មុខ​ទៀត​ ច្បាស់​ណាស់​ថា​ពិតជា​បង្ក​ភាព​លំបាក​ទូទាំង​សាកល​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here