ដោយ Donald Lee
ភ្នំពេញៈ ធនាគារកណ្តាលឥណ្ឌូណេស៊ី បានចូលរួមបណ្តាប្រទេសអាស៊ីជាច្រើនដោយកាត់បន្ថយអត្រាការប្រាក់ ដើម្បីជំរុញសេដ្ឋកិច្ចដែលមានភាពយឺតយ៉ាវ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនតែការបន្តកើតមាន។
ធនាគារឥណ្ឌូនេស៊ីបានទម្លាក់ការប្រាក់របស់ខ្លួន មកនៅត្រឹម៥,៥ភាគរយក្នុងមួយឆ្នាំ ដើម្បីរក្សាសេដ្ឋកិច្ចរបស់ខ្លួន ខណៈបណ្តាប្រទេសអាស៊ីផ្សេងទៀតកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដោយសារតែការរំខានដល់ការនាំចេញ និងសង្វាក់ផ្គត់ផ្គង់ផលិតកម្ម និងការវាយប្រហារពន្ធគយរវាងអាមេរិក និងចិន។
-->
លោក Perry Warjiyo ទេសាភិបាលធនាគារឥណ្ឌូនេស៊ី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “នេះគឺជាវិធានការណ៍ ដែលអាចធ្វើទៅបាន ដើម្បីប្រមើលមើលពីលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងដើម្បីធានាសន្ទុះកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី”។
ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល ព្រោះខ្លួនបានទម្លាក់អត្រាការប្រាក់រួចហើយនៅក្នុងខែ កក្កដា បន្ទាប់ពីការធ្លាក់ចុះសេដ្ឋកិច្ចរយៈពេលពីរឆ្នាំដែលបានបង្ហាញថា អត្រាកំណើនផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី២ធ្លាក់ចុះដល់៥.០៥ ភាគរយ។
លោក Warjiyo បានបន្ថែមថា “ការកាត់បន្ថយអត្រាការប្រាក់ទាំងពីរ គឺសំដៅជំរុញតម្រូវការហិរញ្ញប្បទានពីសាជីវកម្ម និងគ្រួសារ។ ការកាត់បន្ថយអត្រាការប្រាក់នឹងកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន និងបង្កើនការវិនិយោគ ដូច្នេះហើយវាជំរុញឱ្យមានកំណើន”។
ប្រទេសថៃ កូរ៉េខាងត្បូង ហ្វីលីពីន ម៉ាឡេស៊ី នូវែលសេឡង់ និងឥណ្ឌាបានកាត់បន្ថយអត្រាការប្រាក់ផងដែរ ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្មជាមួយចិន។

តាមរយៈការទម្លាក់អត្រាការប្រាក់ ធនាគារកណ្តាលគ្រោងទាំងនេះនឹងជះឥទ្ធិពលដល់ធនាគារពាណិជ្ជកម្ម នៅក្នុងប្រទេសរបស់ខ្លួន ក្នុងការផ្តល់ប្រាក់កម្ចីក្នុងអត្រាទាប និងជំរុញឱ្យខ្ចីកាន់តែច្រើន ដើម្បីបង្កើនចរាចរប្រាក់នៅក្នុងសេដ្ឋកិច្ចខ្លួន៕