ដោយៈ រ៉ាណេត
បន្ទាយមានជ័យៈ គម្រោងអាជីវកម្មដ៏ធំរបស់សហគ្រាស លឹម សុថាវី ដែលត្រូវប្រើប្រាស់ដីរហូតដល់៥ហិកតា ស្ថិតនៅតំបន់ភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានរដ្ឋាភិបាលសម្រេច និងអនុម័យទាំងស្រុងឱ្យចាប់ដំណើរការហើយ។
បន្ទាប់ពីទទួលបានសំណើរស្នើសុំ បើកដំណើរអាជីវកម្មថ្មសំណង់របស់សហគ្រាស លឹម សុថាវី នៅត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋាភិបាល បានសម្រេចអនុម័ត ឱ្យចាប់ផ្តើមដំណើរការអាជីវកម្មដោយស្របច្បាប់ ក្រោយពីឆ្លងកាត់កិច្ចប្រជុំពិភាក្សារបស់អន្តរក្រសួងនៅទីស្តី ការក្រសួងបរិស្ថាន ក្រោមការដឹកនាំដោយលោយរ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
-->
កិច្ចប្រជុំនេះមានសមាសភាពចូលរួមពីមន្ត្រី តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងតំណាងក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រដ្ឋបាលខេត្ដបន្ទាយមានជ័យ មន្ទីរបរិស្ថាន ខេត្ដបន្ទាយមានជ័យ និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ម្ចាស់សហគ្រាស និងក្រុមហ៊ុនទីប្រឹក្សា។
ជាលទ្ធផលអង្គប្រជុំ បានសម្រេច ដូចជា១-គាំទ្រលើគម្រោងអាជីវកម្មថ្មសំណង់ របស់សហគ្រាស លឹម សុថាវី ទី២ ក្រុមហ៊ុនទីប្រឹក្សា ត្រូវពិនិត្យ និងដាក់បញ្ចូលរាល់លិខិតបទដ្ឋានគតិយុត្ដថ្មីៗដែលពាក់ព័ន្ធបន្ថែមទៀត ទី៣ សហគ្រាស ត្រូវសហការ និងរាយការណ៍ជូនទៅអាជ្ញាធរពាក់ព័ន្ធ នៅពេលដែលសកម្មភាព គម្រោងបានជួបប្រទះនូវវត្ថុបូរាណ
ទី៤-សហគ្រាស ត្រូវអប់រំបុគ្គលិក-កម្មករឱ្យគោរពច្បាប់ចរាចរណ៍ និងធ្វើការដឹកជញ្ជូនថ្ម មានការគ្របតង់ឱ្យបានត្រឹមត្រូវ ទី៥-សហគ្រាស ត្រូវមានផែនការឱ្យបានច្បាស់លាស់ក្នុងការស្ដារបរិស្ថានឡើងវិញ នៅពេលបញ្ចប់គម្រោងមុននឹងពេលប្រគល់ជូនរដ្ឋវិញ និងទី៦ សហគ្រាស និងក្រុមហ៊ុនទីប្រឹក្សាត្រូវកែសម្រួលរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនេះ ឱ្យស្របតាមមតិយោបល់ជាវិជ្ជមាន និងស្មារតីអង្គប្រជុំ៕