ដោយ ៖ ម៉ាទីន
ភ្នំពេញ ៖ បណ្តាប្រទេសនិមួយៗក្នុងតំបន់អាស៊ី និងបណ្តាប្រទេសជាសមាជិកអាស៊ាន មានភាពរីកចម្រើនខុសៗគ្នា អាស្រ័យលើស្ថានភាពនិងបរិបទសេដ្ឋកិច្ច និងគោលនយោបាយរបស់ប្រទេសនិមួយៗ។
តើតម្លៃអចលនទ្រព្យ ពិសេសដីធ្លីក្នុងតំបន់អាស៊ី មានភាពខុសគ្នាយ៉ាងដូចម្តេច? គេហទំព័រ Propertyarea.asia សូមលើកយកពីតម្លៃដីនៅប្រទេសចំនួន៦មកបង្ហាញ និងសិក្សាស្វែងយល់ ដើម្បីប្រើប្រាស់ជាមូលដ្ឋានចំណេះដឹងរបស់ខ្លួន។
-->
យោងតាមទិន្នន័យរបស់ក្លូបលប្រភើធីហ្កាយបានអោយដឹងថាតម្លៃដីធ្លីជាមធ្យមនៅទីក្រុងនៅកម្ពុជា មានតម្លៃប្រមាណ ២៩០០ដុល្លាអាមេរិក។ នៅប្រទេសថៃដីមានតម្លៃ ៣៩០០ដុល្លា នៅប្រទេសឥណ្ឌាដីតម្លៃ ១០.៩០០ដុល្លា នៅប្រទេសចិនតម្លៃ ១១.៨០០ដុល្លារនៅប្រទេសសិង្ហបុរីតម្លៃ ១៣.៧០០ដុល្លា និងនៅទីក្រុងហុងកុងដីតម្លៃ ២៨.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃអចលនទ្រព្យរបស់កម្ពុជាមានសន្ទុះខ្លាំង ជាពិសេសតម្លៃដីធ្លីមានកំណើនប្រចាំឆ្នាំចន្លោះពី១០ភាគរយ – ១០០ភាគរយ ឬជាង ១០០ភាគរយក៏មាន អាស្រ័យលើទីតាំងភូមិសាស្ត្រ។ សន្ទុះនៃតម្លៃនេះមិនឆ្លុះបញ្ចាំង ពីតម្រូវការមូលដ្ឋានរបស់សេដ្ឋកិច្ច (fundamental needs) នោះទេ ផ្ទុយទៅវិញវាមានចរិតជាកំសួលចិត្តសាស្រ្ត ឬឥរិយាបទ (behavioral) របស់មហាជននិងអ្នកវិនិយោគ។
បណ្តាអ្នកជំនាញបានព្យាករណ៍ថា តម្លៃនឹងមានការកើនឡើងក្នុង១ឆ្នាំប្រមាណ ៧ភាគរយ - ១០ភាគរយ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ការព្យាករណ៍នេះទំនងជាអាចសម្រេចទៅបាន ព្រោះតម្លៃនៅកម្ពុជាមានតម្លៃទាបនៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសនានាក្នុងអាស៊ី៕