ដោយ វុត្ថា
ភ្នំពេញៈ ដើម្បីបង្កើតគម្រោងវិនិយោគចាំបាច់ ត្រូវតែប្រកាសអំពីគម្រោងវិនិយោគ ដល់ អាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាលបានដឹងជាមុនផងដែរ ដើម្បីធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ លើគម្រោងវិនិយោគនោះឲ្យបានត្រឹមត្រូវថា តើតំបន់វិនិយោគនោះមានការអនុញ្ញាត្តិឲ្យវិនិយោគ ឬមិនអនុញ្ញាត្តិនៅលើដែនដីកាន់កាប់របស់ខ្លួន។
ដើម្បីអាចបង្កើតគម្រោងវិនិយោគបាន អ្នកវិនិយោគឬវិនិយោគិនត្រូវអនុវត្តវិធានវិធានទូទៅ(ក) វិធានពិសេស(ខ) និងបែបបទនៃការប្រកាសសុំ និងការសម្រេចជាមុន(គ)។
ក.វិធានទូទៅ
ជាទូទៅដើម្បីបង្កើត និងចុះបញ្ជីវិនិយោគ ត្រូវអនុវត្តតាមគោលការណ៍ អនុញ្ញាត និងប្រកាសជាមុន ។ អ្នកស្នើសុំត្រូវធ្វើការសុំចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងបង្កើតឲ្យមាននីតិបុគ្គលជាមុនសិន តាមច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងចុះបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។ វិនិយោគិនត្រូវរងចាំការចេញអជ្ញាប័ណ្ណដើម្បីស្របតាមគតិយិត្តបានត្រឹមត្រូវ។ វិធានទូទៅនេះអនុវត្តចំពោះការវិនិយោគដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ខ.វិធានពិសេស
វិធាននេះ សម្រាប់អនុញ្ញាតទៅលើគម្រោងវិនិយោគទុនណា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចចុះបញ្ជី លើគម្រោងវិនិយោគបាន តាមរយៈច្រកចេញចូលតែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា (CDC) ឬអនុគណៈកម្មាធិការរាជធានី ខេត្ត សម្រេចចុះបញ្ជីលើគម្រោងវិនិយោគ ដែលមានទុនវិនិយោគចាប់ពី២លានដុល្លាអាមេរិកចុះក្រោម បានត្រឹមត្រូវតាមច្បាប់វិនិយោគឆ្នាំ១៩៩៤។
គ.បែបបទនៃការប្រកាសសុំ និងការសម្រេចជាមុន
ការដាក់ពាក្យសុំ និងការបង់ថ្លៃត្រូវអនុវត្តតាមគំរូ ដូចមាននៅក្នុងឧបសម្ព័ន្ធ២ នៃអនុក្រឹត្យស្តីវិសោធនកម្មច្បាប់ស្តីពីវិនិយោគ ; និងត្រូវបង់ថ្លៃចុះបញ្ជីនិងសេវាចំនួន៧លានរៀល។ ត្រូវបញ្ជាក់ពីសកម្មភាពអនុវត្តគម្រោងវិនិយោគ ដូចជា ការលើកលែងពន្ធលើប្រាក់ចំណេញ និងការស្នើសុំលើកទឹកចិត្តផងដែរ៕