រដ្ឋាភិបាល​ចាប់ផ្តើម​បញ្ចេញ​ថវិកា​សន្សំ១០០លាន​ដុល្លារ​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​ព្រះសីហនុ​

0

ដោយ​៖​ រ៉ា​ណេត​

ភ្នំ​ពេញ៖​ រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេច​បញ្ចេញ​ថវិកា​សន្សំ​ចំនួន១០០លាន​ដុល្លារ​ ដើម្បី​ប្រើប្រាស់​នៅក្នុង​ស្ដារ​ និង​ស្ថាបនា​កែ​លម្អ​រប្រ​ព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​ជំហាន​ដំបូង​។

ជា​ការអនុវត្ត​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ តាម​ការ​ចង្អុលបង្ហាញ​ពីសំណាក់​សម្តេច​ តេជោ​ហ៊ុន​ សែន​ នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​កាលពី​ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៩កន្លងទៅ​ នៅ​ត្រឹម​ថ្ងៃទី៤​ ខែកញ្ញា​ ម្សិលមិញ​នេះ​ គណកម្មា​ធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (គ.ស.ហ​) ដឹកនាំ​ដោយ​លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ជា​ប្រ​ធា​ គៈស.ហ​ បាន​រៀបចំ​កិច្ចប្រជុំ​អន្ត​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​អំពី​ “ការ​ធ្វើ​អាទិ​ភាវូបនីយកម្ម​ ក្នុង​ការ​ជួសជុល​ និង​សាងសង់​ផ្លូវថ្នល់​ក្នុង​ខេត្ត​ព្រះសីហនុ​”។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០១៩​ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ (គ.ស.ប​) ស្ដីពី​ការ​ធ្វើ​អាទិ​ភាវូបនីយកម្ម​ ក្នុង​ការ​ជួសជុល​ និង​សាងសង់​ផ្លូវថ្នល់​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ និង​ប្រព័ន្ធ​ទឹក​កខ្វក់​ក្នុង​ខេត្ត​ព្រះសីហនុ​ ជា​លទ្ធផល​អង្គប្រជុំ​បាន​ឯកភាព​ លើ​វិធានការ​ និង​គោលការណ៍​បន្ថែម​មួយចំនួន​។

លទ្ធផល​រួម​មានៈ​ បន្ត​អនុវត្តន៍​គោលការណ៍​ ដែល​បានសម្រេច​ក្នុង​កិច្ចប្រជុំ​ គ. ស.ហ​ កាលពី​ថ្ងៃទី​ ២៨​ ខែ​ សីហា​ ឆ្នាំ២០១៥​ ចំពោះ​វិធានការ​ការងារ​បន្ទាន់​ និង​អាទិភាព​ ក្នុង​ការ​ស្តារ​អូរ​ធម្មជាតិ​ទាំង៥​ និង​លូ​ដែល​មានស្រាប់​ ខណៈ​សព្វថ្ងៃ​កំពុង​ទទួលរង​ការរំលោភ​យក​ ចំណី​អូរ​ និង​ប្រឡាយ​ ដើម្បី​បើកមុខ​ទឹកហូរ​និង​ដោះស្រាយ​ជំនន់​ទឹកភ្លៀង​។ ការ​ស្តារ​ ជួសជុល​ផ្លូវ​ក្នុង​ក្រុង​ ផ្លូវវាង​ក្នុង​ការ​ស្តារ​រៀបចំ​អូរ​រំដោះ​ទឹកភ្លៀង​ និង​ប្រព័ន្ធ​ទឹក​កង្វក់​។

កិច្ចប្រជុំ​ក៏បាន​កំណត់​អាទិភាព​ និង​វាយតម្លៃ​ពី​ទំហំ​នៃ​ការ​ស្តារ​ និង​ជួសជុល​កំណាត់ផ្លូវ​ទាំង២២ខ្សែ​និង​ផ្លូវវាង​ក្រុង​ តាម​បទដ្ឋាន​ស្តង់​ដា​ដែល​សិក្សា​ ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​គុណភាព​ សោ​ភណ្ឌ​ភាព​ សុវត្ថិភាព​។ តម្រូវការ​ហិរញ្ញប្បទាន​នៃ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ ក្នុង​នោះ​ផ្តោត​លើ​បច្ចេកទេស​ក្នុង​ការសាងសង់​ ពិនិត្យ​គុណភាព​ សំណង់​ ទំហំ​ផ្លូវ​ ការ​បង្កប់​ប្រព័ន្ធ​ខ្សែកាប​ ទូរស័ព្ទ​ បំពង់​ទឹក​ស្អាត​ និង​បណ្តាញ​ទឹក​កខ្វក់​ព្រមទាំង​ទឹកភ្លៀង​ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here