ដោយនៅ វឌ្ឈនា
ភ្នំពេញៈ ច្បាប់ស្តីពីសញ្ជាតិខ្មែរឆ្នាំ២០១៨បានកំណត់ថា ការផ្តល់សញ្ជាតិជូនជនបរទេស បានកំណត់នូវលក្ខខណ្ឌនៃការទទួលបានសញ្ជាតិខ្មែរចំនួន៤ករណី ទី១ ការទទួលបានសញ្ជាតិខ្មែរពីកំណើត ទី២ ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ ទី៣ ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ និងទី៤ ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម។
១) ការទទួលបានសញ្ជាតិខ្មែរពីកំណើត (មាត្រា៩)
ចំពោះកូនដែលកើតពីឪពុក ឬម្ដាយដែលមានសញ្ជាតិខ្មែរ ទោះកើតនៅទីណាក៏ដោយ កូននោះនឹងមានសិទ្ធិទទួលបានសញ្ជាតិខ្មែរ ពីកំណើតដោយស្វ័យប្រវត្តិ។ កូនកើតនៅទីណាក៏ដោយ ដែលឪពុកម្ដាយមិនទទួលស្គាល់ ប៉ុន្តែកាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីឪពុក ឬម្ដាយដែលមានសញ្ជាតិខ្មែរ នោះកូននោះនឹងទទួលបានសញ្ជាតិខ្មែរ។
កូនជនបរទេសដែលកើតក្នុងទឹកដីកម្ពុជា ត្រូវទទួលបានសញ្ជាតិខ្មែរលុះត្រាតែកើតពីឪពុក និងម្ដាយជាជនបរទេស ដែលកើតនិងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ កូនដែលកើតពីឪពុកម្ដាយមិនស្គាល់ និងកូនទើបនឹងកើត ដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវចាត់ទុកថា កើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែរ ត្រូវទទួលបានសញ្ជាតិខ្មែរ។
២) ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ (មាត្រា១០)
កូនជនបរទេស ដែលត្រូវបានសុំជាកូនស្មុំពេញលេញ ដោយសហព័ទ្ធជាពលរដ្ឋខ្មែរត្រូវទទួលបានសញ្ជាតិខ្មែរ នៅពេលដែលស្មុំកូនពេញលេញត្រូវបាន បង្កើតឡើងស្របច្បាប់ជាធរមាន។ ពាក្យថាសហព័ទ្ធ គឺប្តីឬប្រពន្ធឬទាំងប្តីទាំងប្រពន្ធ ដែលបានឋានៈជាសហព័ទ្ធ ក្រោយពីចុះបញ្ជីអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់។
៣) ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ (មាត្រា១១)
ស្រី្ត ឬបុរសដែលយកប្ដី ឬប្រពន្ធខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបាន លុះណាតែស្ត្រី ឬបុរសនោះបានរស់នៅជាមួយគ្នារយៈពេល៣ឆ្នាំ ក្រោយចុះបញ្ជីអាពាហ៍ពិពាហ៍ និងបានស្នាក់នៅយ៉ាងហោចរយៈពេល១២ខែ ពេញលេញក្នុងព្រះរាជាណាចក្រកម្ពុជា។
៤) ការទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម (មាត្រា១៨)
សញ្ជាតូបនីយកម្ម សំដៅដល់ការផ្តល់សញ្ជាតិខ្មែរ តាមរយៈការស្នើសុំរបស់ជនបរទេស ដោយផ្អែកតាមលក្ខខណ្ឌនៃការស្នាក់នៅ ការវិនិយោគ អំណោយសាច់ប្រាក់ និងគុណសម្បត្តិពិសេស ឬថ្វីដៃពិសេស។
សញ្ជាតូបនីយកម្មនេះ មិនមែនជាសិទ្ធិរបស់អ្នកសុំឡើយ គឺជាការអនុគ្រោះរបស់ព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។ ទោះក្នុងប្រការណាក៏ដោយ ពាក្យសុំអាចត្រូវបានបដិសេធតាមអំណាចឆន្ទានុសិទ្ធិ៕