ដោយ វុត្ថា
ភ្នំពេញៈ យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គណៈកម្មការសុរិយោដី នឹងធ្វើការដោះស្រាយវិវាទដីធ្លីនីមួយៗដោយចាប់ផ្តើមពីថ្នាក់ក្រុង ស្រុក ខណ្ឌ ឡើងទៅថ្នាក់រាជធានី ខេត្ត និងចុងក្រោយទៅគណៈកម្មការរសុរិយោដីថ្នាក់ជាតិ តាមដំណាក់កាលទាំងដូចខាងក្រោម។
ដំណាក់កាលទី១ ការទទួលពាក្យបណ្តឹង និងឆ្លើយតបពាក្យបណ្តឹងបុគ្គលគ្រប់រូបដែលមានវិវាទពាក់ព័ន្ធនឹងដីធ្លី មិនទាន់ចុះបញ្ជីសុរិយោដី មានសិទ្ធិដាក់ពាក្យបណ្តឹងដោយផ្ទាល់ទៅគណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ ។ បន្ទាប់មកគណៈកម្មការ និងជូនដំណឹងអំពីបណ្តឹងទៅភាគីចុងបណ្តឹង ឬបុគ្គលដែលមានផលប្រយោជន៍ពាក់ព័ន្ធ នឹងដីវិវាទ ដើម្បីឆ្លើយតបក្នុងរយះពេល៣០ថ្ងៃ បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹង។
ដំណាក់កាលទី២ ការស៊ើបអង្កេតបន្ទាប់ពីទទួលពាក្យបណ្តឹង គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ នឹងចាត់មន្ត្រីឲ្យចុះស៊ើបអង្កេត ដើម្បីជួបជាមួយគូភាគីវិវាទ សាក្សី អាជ្ញាធរមូលដ្ឋាន និងធ្វើការវាស់វែងកំណត់ទំហំដី និងព្រំប្រទល់ដីវិវាទឲ្យបានច្បាស់លាស់។ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតគណៈកម្មការសុរិយោដី នឹងពិនិត្យមើលថា តើករណីវិវាទនោះ ស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ខ្លួនឬទេ? ករណីមិនស្ថិត ក្នុងសមត្ថកិច្ចបណ្តឹងនោះត្រូវបានច្រានចោល ហើយត្រូវជូនដំណឹងដល់ភាគីវិវាទជាលាយល័ក្ខណ៍អក្សរ។
ករណីភាគីវិវាទ មិនពេញចិត្តចំពោះការច្រានចោលនោះ ភាគីវិវាទនោះអាចប្តឹងទៅគណៈកម្មការសុរិយោដី ថ្នាក់លើបន្ទាប់ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីភាគីទទួលបានសេចក្តីជូនដំណឹង ឬទម្រង់បែបបទច្រានចោលពាក្យបណ្តឹងនោះ។
ដំណាក់កាលទី៣ កិច្ចប្រជុំរដ្ឋបាលគូភាគីវិវាទ ត្រូវចូលរួមប្រជុំរដ្ឋបាលតាមការអញ្ជើញរបស់គណៈកម្មការ សុរិយោដី ដើម្បីបានយល់អំពីដំណើរការ និងនីតិវិធីនៃការដោះស្រាយវិវាទ។ ភាគីត្រូវធ្វើការជ្រើសរើសអ្នកសម្រុះសម្រួល៣រូប និងទទួលព័ត៌មានអំពីសិទ្ធិរបស់ ខ្លួនក្នុងការជ្រើសរើសបុគ្គលណាម្នាក់ ដែលភាគីជឿថាអាចជួយខ្លួនបានក្នុងនាមជាជំនួយការភាគី។ ទន្ទឹមនោះគូភាគីត្រូវកំណត់ពេលវេលា ទីកន្លែងដោះស្រាយ ជាមួយនឹងអ្នកសម្រុះសម្រួល ឬគូភាគីអាចជូនដំណឹងអំពីការសុំជំទាស់ពីវិវាទផលប្រយោជន៍រវាងភាគីណាមួយជាមួយគណៈកម្មការសុរិយោដី។
ដំណាក់កាលទី៤ ការសម្រុះសម្រួល និង/ឬសម្រេចការដោះស្រាយរបស់គណៈកម្មការសុរិយោដីធ្វើឡើង ដោយគ្មានការបង្ខិតបង្ខំគ្មានការគំរាមកំហែងមានន័យថាជាការដោះស្រាយមួយដោយយកការសម្រុះសម្រួលជាមូលដ្ឋាន ពោលគឺយកឆន្ទៈរបស់គូភាគីវិវាទដែលសុខចិត្តចែករំលែកផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមកក្រោមការខិតខំ ប្រឹងប្រែងរកវិធីដោះស្រាយពីអ្នកសម្រុះសម្រួល ។ ភាគីវិវាទ និងអ្នកជំនួយការភាគីត្រូវចូលរួមក្នុងកិច្ចប្រជុំសម្រុះសម្រួលនេះ។ ដំណើរការប្រជុំសម្រុះសម្រួល ត្រូវស្ថិតក្រោមវិធាននៃការសម្រុះសម្រួលមួយ។
ប្រសិនបើការដោះស្រាយទទួលបានជោគជ័យ ភាគីទាំងពីរត្រូវផ្តិតមេដៃលើទម្រង់ បែបបទបញ្ចប់វិវាទតាមខ្លឹមសារដែលបានព្រមព្រៀង។ ប្រសិនបើករណីវិវាទមិនអាចធ្វើការដោះ ស្រាយដោយការសម្រុះសម្រួលបានទេនោះ គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ នឹង បញ្ជូនករណីវិវាទនោះ ទៅគណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ដើម្បីធ្វើការដោះស្រាយបន្ត។
គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត នឹងព្យាយាមធ្វើការសម្រុះសម្រួលបន្តទៀតតាមនីតិវិធី ដែលបានកំណត់ប៉ុន្តែបើការសម្រុះសម្រួល មិនអាចទទួលបានជោគជ័យទេនោះ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត នឹងមាននីតិវិធីដោយឡែកផ្សេងទៀត គឺការធ្វើសេចក្តីសម្រេច។
ផ្ទុយទៅវិញ បើភាគីវិវាទណាម្នាក់មិនសុខចិត្ត ចំពោះការសម្រេចរបស់គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត ក្នុងរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីទទួលបានសេចក្តីសម្រេចឬទទួលបានព័ត៌មានអំពីសេចក្តីសម្រេចភាគី វិវាទនោះមានសិទ្ធិប្តឹងស្នើសុំគណៈកម្មការសុរិយោដីថ្នាក់ជាតិឲ្យធ្វើសវនាការ។ គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងព្យាយាមធ្វើការសម្រុះសម្រួលបន្ត។ តែបើការសម្រុះសម្រួលមិនអាចទទួលបានជោគជ័យទេ គណៈកម្មការសុរិយោដី ថ្នាក់ជាតិនឹងបើកសវនាការសម្រេច។ ទោះបីជាគណៈកម្មការសុរិយោដីថ្នាក់ជាតិ បើកសវនាសម្រេចលើវិវាទបែបនោះក៏ដោយ ក៏នៅតែបើកផ្លូវឲ្យគូភាគីប្តឹងតវ៉ា នឹងសេចក្តីសម្រេចនេះទៅតុលាការក្នុងរយៈពេល៣០ថ្ងៃ ក្រោយពីបានទទួលសេចក្តីសម្រេច។
ដំណាក់កាលទី៥ ការវាស់វែងត្រៀមចេញប័ណ្ណ ក្រោយពេលវិវាទត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ ទាំងការសម្រុះសម្រួលឬសម្រេច អ្នកដោះស្រាយនឹងចុះធ្វើការវាស់វែងកំណត់ទំហំដី និងព្រំប្រទល់តាមការព្រមព្រៀងរបស់គូភាគី ឬតាមសេចក្តីសម្រេចចូលជាស្ថាពរ។ បន្ទាប់មកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ នឹងចាប់ផ្តើមនីតិវិធីចុះបញ្ជីក្បាលដី តាមការស្នើសុំរបស់ភាគីវិវាទ៕