ចំណេះដឹង​! តើ​គណៈកម្មការ​សុរិយោដី​មាន​មាន​តួនាទី​ និង​ភារកិច្ច​អ្វីខ្លះ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គណៈកម្ម​កា​សុរិយោដី​មាន​បេសកកម្ម​ដោះស្រាយ​វិវាទ​ដីធ្លី​(ដី​គ្មាន​ប័ណ្ណចេញ​ដោយ​រដ្ឋបាល​សុរិយោដី​)ដែល​មិនទាន់​ចុះបញ្ជី​សុរិយោដី​ ដែល​ស្ថិតនៅ​ក្រៅ​តំបន់​វិនិច្ឆ័យ​ ឬក្នុង​តំបន់​វិនិច្ឆ័យ​ដែល​មិន​អាច​សម្រុះសម្រួល​បាន​ ដោយ​គណៈកម្មការរដ្ឋបាល​ និង​មិនមែន​ជា​វិវាទ​ដីធ្លី​ដែល​ពាក់ព័ន្ធ​និង​បណ្តឹង​ ទាមទារ​បែងចែក​មរតក​ ឬវិវាទ​អំពី​កិច្ចសន្យា​ ទិញ​ លក់​ ជួល​ បញ្ចាំ​។

គណៈកម្មការ​សុរិយោដី​យក​ការសម្រុះសម្រួល​ជា​មូលដ្ឋាន​ ប៉ុន្តែ​បើ​មិន​អាច​ធ្វើការ​សម្រុះសម្រួល​បាន​នៅ​ គណៈកម្មការ​សុរិយោដី​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ​ វិវាទ​នោះ​នឹង​ត្រូ​បបញ្ជូន​ទៅ​គណៈកម្មការ​សុរិយោដី​រាជធានី​ ខេត្ត​។ គណៈកម្មការ​សុរិយោដី​ថ្នាក់​រាជធានី​ ខេត្ត​ នឹង​ព្យាយាម​សម្រុះសម្រួល​បន្ត​ទៀត​តាម​នីតិវិធី​ ដែល​បាន​កំណត់​ ប៉ុន្តែ​បើ​ការសម្រុះសម្រួល​មិន​ទទួល​បាន​ជោគជ័យ​ទេ​នោះ​ គណៈកម្មការ​សុរិយោដី​ថ្នាក់​រាជធានី​ ខេត្ត​ នឹង​មាន​នីតិវិធី​ដោយឡែក​ផ្សេងទៀត​ គឺ​ការ​ធ្វើ​សេចក្តី​សម្រេច​។

ផ្ទុយទៅវិញ​បើ​ភាគី​វិវាទ​ណា​ម្នាក់​មិន​ សុខចិត្ត​ចំពោះ​ការសម្រេច​របស់​គណៈកម្មការ​សុរិយោដី​ថ្នាក់​រាជធានី​ ខេត្ត​ ក្នុងរយៈពេល៣០ថ្ងៃ​ នៃ​ថ្ងៃធ្វើការ​ បន្ទាប់ពី​បាន​ទទួល​សេចក្តី​សម្រេច​ ឬទទួល​បាន​ព័ត៌មាន​អំពី​សេចក្តី​សម្រេច​ ភាគី​វិវាទ​នោះ​មាន​សិទ្ធិ​ប្តឹង​ទៅ​ គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ឲ្យ​ធ្វើស​វនា​ការ​ឡើងវិញ​។

បន្ទាប់ពី​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ ទទួល​បានការ​ស្នើសុំ​ឲ្យ​ធ្វើ​សេចក្តី​សម្រេច​ឡើងវិញ​រួចហើយ​ គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ នឹង​ព្យាយាម​ធ្វើការ​សម្រុះសម្រួល​បន្ត​ទៀត​តាម​នីតិវិធី​ដែល​បាន​កំណត់​ បើ​យល់ថា​ចាំបាច់​។ តែបើ​ការសម្រុះសម្រួល​មិន​អាច​ទទួល​បាន​ជោគជ័យ​ទេ​ គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​នឹង​បើកសវនាការ​សម្រេច​។

ទោះបីជា​គណៈកម្មការ​សុរិយោដី​ថ្នាក់​ជាតិ​ បើកសវនាការ​សម្រេច​លើ​វិវាទ​បែបនេះ​ក៏ដោយ​ ក៏​នៅតែ​បើកផ្លូវ​ឲ្យ​គូភាគី​ប្តឹង​តវ៉ា​នឹង​សេចក្តី​សម្រេច​នេះ​ ទៅ​តុលាការ​ក្នុងរយៈពេល៣០ថ្ងៃក្រោយ​ពី​បាន​ទទួល​សេចក្តី​សម្រេច​។ ​; ​; ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ គឺជា​ការងារ​មាន​ចរិត​អន្តរ​វិស័យ​ ហើយ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​បណ្តា​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​។

ការងារ​នេះ​ មាន​ទំនាក់ទំនង​យ៉ាង​ជិ​តស្និ​ទ្ឋ​ ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ ជាពិសេស​ភាគី​វិវាទ​ផ្ទាល់​។ ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​គណៈកម្មការ​សុរិយោដី​ តម្រូវឲ្យ​មន្រ្តី​គណៈកម្មការ​ត្រូវ​ចុះ​ធ្វើការ​ដោះស្រាយ​នៅ​ជិត​ដី​ទំនាស់​ ឬលើ​ទីតាំង​ដី​ទំនាស់​តែម្តង​ មានន័យថា​ជា​កិច្ចការ​ដែល​ត្រូវ​បំពេញ​សេវា​សាធារណៈ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​។

ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ត្រូវ​ផ្អែកលើ​ក្របខណ្ឌ​គតិយុត្តិ​ ដែល​បច្ចុប្បន្ន​មានច្បាប់​ ព្រះរាជ​ក្រឹត្យ​ អនុក្រឹត្យ​ ប្រកាស​ និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ទាក់ទង​នឹង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាច្រើន​ដែល​ត្រូវ​បាន​ដាក់ឲ្យ​អនុវត្ត​។ ដូច្នេះ​តំរូវ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ និង​បណ្តុះបណ្តាល​ជូន​ដល់​មន្ត្រី​ និង​អ្នក​ពាក់ព័ន្ធ​ជាប់​ជាប្រចាំ​ ដើម្បី​ធានា​បាន​នូវ​ការអនុវត្ត​សិទ្ធិ​ និង​ធ្វើឲ្យ​មាន​សុវត្ថិភាព​នៃ​សិទ្ធិ​កម្មសិទ្ធិ​ និង​សិទ្ធិ​ស្រប​ច្បាប់​ផ្សេង​ៗទៀត​លើ​ដីធ្លី​ រក្សា​បាន​នូវ​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​សង្គម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here