ដោយនៅ ស៊ីវុត្ថា
ភ្នំពេញៈ គេហទំព័រ Propertyarea.asia សូមលើកយកចំណេះដឹងថ្មីមួយទៀតទាក់ទងនឹងវិស័យអចលនទ្រព្យកម្ពុជា ពិសេសចំណដឹងលើការចុះបញ្ជីរដីធ្លីនៅកម្ពុជា។
យោងអនុក្រឹត្យលេខ៤៦ និងលេខ៤៧ ដែលបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០០២។ ក្នុងក្របខ័ណ្ឌគតិយុត្តិមានទម្រង់ពីរនៃការចុះបញ្ជីដីធ្លី គឺការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងការចុះបញ្ជីដីធ្លីដាច់ដោយដុំ។ តែនៅចំនុចនេះយើងខ្ញុំសូមលើកយកពីនីតិវិធីក្នុងការ ចុះបញ្ជីដីធ្លីលក្ខណៈដាច់ដោយដុំ។
ការចុះបញ្ជីដីធ្លីដាច់ដោយដុំនេះ ម្ចាស់កម្មសិទ្ធិអាចធ្វើស្នើសុំធ្វើប័ណ្ណនេះបាន ប៉ុន្តែមានតម្លៃថ្លៃតាមតម្លៃ ដែលបានកំណត់ដោយក្រសួង ទៅតាមទីតាំងដីតាំងនៅ ហើយប្រជាជនភាគច្រើន ច្រើនមិនមានលទ្ធភាពធ្វើប័ណ្ណនេះទុកនោះទេ បើមិនមានតម្រូវការចាំបាច់ក្នុងការលក់ដូរ។ ការចុះបញ្ជីដីធ្លីដាច់ដោយដុំនេះ អាចចែកជា៣ដំណាក់សំខាន់ឬជា៥ដំណាក់កាល។
១. ការដាក់ពាក្យស្នុំសុំចុះបញ្ជីដីធ្លី
ដំបូងម្ចាស់ដី ត្រូវដាក់ពាក្យសុំទៅការិយាល័យភូមិបាលស្រុក /ខ័ណ្ឌ តាមរយៈមេឃុំ/ចៅសង្កាត់ ដែលដីនោះតាំងនៅ។ មេឃុំ/ចៅសង្កាត់ នឹងត្រូវធ្វើការបញ្ជាក់លើចំណុចមួយចំនួនរបស់ម្ចាស់ដីនិងអត្ដសញ្ញាណនៃការប្រើប្រាស់ដី។
២. ក្រុមការងារប្រតិបត្តិ
បន្ទាប់ពីបានទទួលការបញ្ជាក់ពីមេឃុំឬចៅសង្កាត់ ដំណាក់កាលបន្ទាប់ គឺការស្នើសុំទៅសាលាស្រុក/ខ័ណ្ឌដែលដីតាំងនៅ ដើម្បីមន្រ្តីសុរិយោដីស្រុកចុះវាស់វែងនិងកំណត់ព្រំដី។
ជាធម្មតា នៅមុនពេលចុះវាស់វែងកំណត់ព្រំដី ក៏មានការជូនដំណឹងជាសាធារណៈ ១៤ថ្ងៃមុនពេលចុះវាស់ដើម្បីភាគីពាក់ព័ន្ធចូលរួម ឬតវ៉ា។ នៅក្នុងការវាស់វែងនេះ ម្ចាស់កម្មសិទិ្ធ និងម្ចាស់ដីដែលមានព្រំប្រទល់ជាប់គ្នា រួមជាមួយសុរិយោដី សហការដើម្បីវាស់វែងដី ដោយមានការឯកភាពទាំងសងខាងក្រោយមកមន្រ្ដី នឹងមានគូសចេញជាប្លង់ក្បាលដី។
៣. ការបិទផ្សាយជាសាធារណៈ
នៅក្នុងការកសាងប្លង់សុរិយោដីនេះ សាលាស្រុកត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ។ នៅក្រោយពេលគូសប្លង់សុរិយោដីរួចហើយ ក៏មានការផ្សព្វផ្សាយជាសាធារណៈជាថ្មីម្តងទៀត អំពីប្លង់ដី និងអត្តសញ្ញាណម្ចាស់ដីរយៈពេល៣០ថ្ងៃ ដើម្បីទុកឱកាសឲ្យបុគ្គលពាក់ព័ន្ធមានសិទ្ធិជំទាស់ ឬធ្វើការតវ៉ា។
៤. មន្រ្ដីពិនិត្យនិងសម្រេច
ប្រសិនបើគ្មានការតវ៉ាណាមួយទេនោះអាជ្ញាធរស្រុក/ខ័ណ្ឌ នឹងរៀបចំធ្វើរបាយការណ៍ ទៅឲ្យសុរិយោដីថ្នាក់ខេត្ត/ក្រុងជាអ្នកពិនិត្យសម្រេចជាចុងក្រោយ។
៥. ការប្រគល់ប័ណ្ណ
ជាដំណាក់កាលចុងក្រោយដែលម្ចាស់សាម៉ី ត្រូវទៅទទួលយកប័ណ្ណកាន់កាប់ដីធ្លី(ប្លង់រឹង)ដោយផ្ទាល់ នៅសុរិយោដីខេត្ត/ក្រុងដែលតាំងនៅ ដោយមានការផ្តិតមេដៃទទួលយកជាដើម៕