ដោយ គង់ សូរិយា
ភ្នំពេញ៖ ហេតុអ្វីខេត្តព្រះសីហនុមានការរីកចម្រើនដ៏លឿន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ? វាមិនមែនជារឿងចៃដន្យនោះទេ ប្រសិនជាមិនមានការរៀបចំបានត្រឹមត្រូវ និងមានមូលដ្ឋានគាំទ្រគ្រប់គ្រាន់ទេនោះ។
ហេតុផលនៅពីក្រោយការរីកចម្រើនរបស់ខេត្តនេះ មានកត្តាជាច្រើនដែលបាននិងកំពុងទាក់ទាញការវិនិយោគនានា ដែលស្ថាបនិកគេហព៌តមានទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា Propertyarea.asia នឹងវិភាគជូនពីមូលហេតុ កាលានុវត្តន៍ភាព និងបញ្ហាប្រឈមចំពោះមុខនឹងកើតមាន ប្រសិនជាគ្មានការគ្រប់គ្រងឲ្យបានច្បាស់លាស់ទេនោះ។
កត្តាសំខាន់ៗដែលជម្រុញឲ្យខេត្តជាន់មាត់សមុទ្រនេះរីក ចម្រើនរួមមាន ទី១ គោលនយោបាយរបស់រដ្ឋាភិបាល ជាគោលនយោបាយអភិវឌ្ឍន៍វិស័យឧ ស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលបានបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែ តុលា ឆ្នាំ២០១៥ បានដាក់ខេត្តព្រះសីហនុទាំងមូល ជាខេត្តសម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ទី២ ខេត្តព្រះសីហនុស្ថិតនៅក្នុងផែនទី នៃគោលនយយោបាយផ្លូវសូត្រ (ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) របស់ប្រទេសចិន ដែលបច្ចុប្បន្នខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេស ដែលបានបោះទុនជិត៤០០លានដុល្លារអាមេរិក និងមានរោងចក្រសហគ្រាសជាង១០០ ព្រមទាំងបានផ្តល់ការងារដល់ប្រជាពលរដ្ឋជិត២០ម៉ឺននាក់។
ទី៣ ទំនាក់ទំនងនយោបាយដ៏ល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដែលបានចាប់ផ្តើមយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០១០។ ជាទំនាក់ទំនងដ៏រ៉ឹងមាំដូចដែកថែប ដែលធ្វើឲ្យចិនបានជំរុញឲ្យអ្នកវិនិយោគមកវិនិយោគនៅកម្ពុជាកាន់តែច្រើន និងកំពុងឈានមុខគេលើគ្រប់វិស័យ ទី៤ កត្តាសុខ សន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គមរយៈពេលវែងនៅកម្ពុជា ពិសេសច្បាប់វិនិយោគ និងច្បាប់ពន្ឋ ដែលបានផ្តល់ការការពារ និងលើកទឹកចិត្តដល់អ្នកវិនិយោគនានា។

ទី៥ កត្តាភូមិសាស្រ្ត ខេត្តព្រះសីហនុមានទីតាំងភូមិសាស្រ្តល្អ និងជាខេត្ត មានហេដ្ឋារចនាសម្ព័ន្ឋដ៏សម្បូរបែប សម្រាប់ជំរុញការវិនិយោគនានា រូមមានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា ព្រលានយន្តហោះលំដាប់អន្តរជាតិ ដែលទើបបញ្ចប់ការសាងសង់ ផ្លូវរថភ្លើង និងផ្លូវល្បឿនលឿនដែលនឹងសាងសង់នៅពេលខាងមុខនេះ ទី៦ ខេត្តព្រះសីហនុកំពុងក្លាយជាទីក្រុងshenzhenទី២ ដោយសារគំរោងវិនិយោគរបស់ចិន បានផ្តោតលើកាស៊ីណូ ខុនដូនិងមជ្ឈមណ្ឌលពាណិជ្ជកម្មដទៃទៀត។
ទី៧ ខេត្តព្រះសីហនុជាខេត្តមួយ នៃខេត្តស្ថិតនៅតំបន់ឆ្នេរ ដែលមានប្រវែង៤៥០គីឡូម៉ែត្រ ហើយរដ្ឋាភិបាលបានដាក់ឆ្នេរខ្សាច់កម្ពុជា ចូលក្នុងក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក ដែលធ្វើឲ្យខេត្តនេះ ក៏ដូចជា តំបន់ឆ្នេរដទៃទៀត ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកាន់តែច្រើន។
ជាមួយនឹងទំនាក់ទំនងដ៏ល្អ កំនើននៃការវិនិយោគក្នុងខេត្តនេះ អ្នកជំនាញមួយចំនួនក៏សម្តែងការព្រូយបារម្ភផងដែរ ដោយលោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានសម្តែងការព្រួយបារម្ភទាក់ទងនិរន្តរភាពបរិស្ថាន និងជំរុញឲ្យអាជ្ញាធរ រួមទាំងស្ថាប័នពាក់ព័ន្ឋយកចិត្តទុកដាក់អភិរ័ក្សតំបន់ឆ្នេរ ពិសេសជំរុញការកសាងប្រព័ន្ឋចម្រោះទឹកកខ្វក់ ដើម្បីធ្វើយ៉ាងណាឲ្យការអភិវឌ្ឈនិងអភិរ័ក្សដើរទន្ទឹមគ្នា។
លោកបន្តថា “ការអភិវឌ្ឈនិងអភិរ័ក្សដើរទន្ទឹមគ្នា យើងត្រូវធ្វើយ៉ាងណាកុំ ឲ្យការអភិវឌ្ឍន៍បំផ្លាញដល់ធនធានធម្មជាតិ ព្រោះប្រសិនជាធនធានធម្មជាតិបាត់បង់ អ្វីៗក៏នឹងបាត់បង់ទាំងអស់ផងដែរ”។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការចូលមកវិនិយោគកាន់តែច្រើនរបស់ចិនជារឿងល្អ ព្រោះវាសុទ្ឋតែផ្តល់ផលប្រយោជន៍ដល់កម្ពុជា ប៉ុន្តែការពឹងផ្អែកចិនតែមួយ មិនមែនជាការល្អ នោះទេ ព្រោះបើចិនមានបញ្ហាកម្ពុជានឹងមានបញ្ហា។
លោកបន្តថា “បើចិនមានបញ្ហាជាមួយយើង យើងនឹងមានបញ្ហា ហេតុនេះយើងគួរមានទំនាក់ទំនងល្អជាមួយប្រទេសដទៃទៀត ដើម្បីជាមូលដ្ឋានគាំទ្រដ៏រ៉ឹងមាំដល់កម្ពុជា”។លោកបន្តថា “នៅខេត្តព្រះសីហនុ មានប្រជាជនមួយចំនួនមិនសូវសប្បាយចិត្ត ហេតុនេះយើងគួរស្រលាញ់ចិន ក្នុងកម្រិតមួយដែលប្រជាជនទាំងអស់ទទួលយកបាន”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានលើកឡើងស្រដៀងគ្នាថា ការពឹងផ្អែកចិនតែមួយ ប្រៀបដូចជាយើងមានរន្ឋច្រមុះពីរ តែអាចដកដង្ហើមបានតែរន្ឋមួយ ដូច្នេះប្រសិនជារន្ឋមួយនោះមានបញ្ហា យើងនឹងមានបញ្ហា។ ផ្ទុយទៅវិញ ប្រសិនជាយើងមានរន្ឋច្រមុះពីរ ហើយយើងដកបានទាំងពីរក្នុងពេលជាមួយគ្នាជាការល្អ ហើយបើស្ទះរន្ឋណាមួយ យើងនឹងមានរន្ឋមួយទៀតសម្រាប់ដក។
លោកបន្តថា “ទំនាក់ទំនងជាមួយចិន ក៏ដូចគ្នាបើយើងពឹងចិនតែមួយ ដូចយើងបិទរន្ឋច្រមុះមួយ។ ហេតុនេះយើងគួរមានទំនាក់ទំនងល្អ ជាមួយប្រទេសទាំងអស់ ដើម្បីយើងមានមូលដ្ឋានសេដ្ឋកិច្ចសម្បូរបែប”។ លោកបន្តថា “ទោះប្រទេសណាមូយមានបញ្ហា ក៏យើងមិនមានបញ្ហាដែរ ព្រោះយើងមានប្រទេសដទៃទៀតពឹងផ្អែក ហើយខ្ញុំគិតថាទំនាក់ទំនងរបស់កម្ពុជា ជាមួយពិភពខាងក្រៅគួរមានតុល្យភាព”៕