ដោយ វុត្ថា
ភ្នំពេញ៖ អ្នកជំនាញបានអះអាងថា បច្ចុប្បន្ននៅក្នុងខេត្តចំនួន៥ នៃប្រទេសកម្ពុជាមានខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកោះកុង និងខេត្តកំពត បានចូលរួមយ៉ាងសកម្មជាទិសដៅក្នុងការអភិវឌ្ឍលើវិស័យអចលនទ្រព្យនៅកម្ពុជា។
លោក ច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានអោយដឹងតាមទូរស័ព្ទនៅថ្ងៃទី ២០ ខែកញ្ញា ម្សិលមិញនេះថា ដោយសារតែខេត្តទាំងនេះ មានសក្តានុពល និងភាពទាក់ទាញផ្សេងៗគ្នា ។ សម្រាប់ខេត្តសៀមមានសក្តានុពលទាក់ទាញខាងវិស័យទេសចរណ៍ វប្បធម៌ អរិយធម៌ និងធម្មជាតិ ។
-->
ខេត្តព្រះសីហនុ មានសក្តានុពលលើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម ជាពិសេសមានកំពង់ផែរ ដែលអនុគ្រោះដល់ការដឹកជញ្ជូនតាមផ្លូវទឹក ។ ដោយឡែកខេត្តកំពត និងខេត្តកែបដែលកំពុងមានសក្តានុពលលើការវិនិយោគដោយសារតែអំណោយផលកត្តាភូមិសាស្ត្រ មានតំបន់សមុទ្រ មានកំពង់ផែកទឹកជ្រៅ មានកំពង់ផែទេសចរណ៍ស្រដៀងទៅខេត្តព្រះសីហនុដូចគ្នា ។
សម្រាប់ខេត្តកោះកុង និងបាត់តំបងបច្ចុប្បន្ននេះ មានលំហូប្រជាសាស្ត្រចូលទៅរស់នៅកាន់តែច្រើនជាពិសេសការកែលម្អលើវិស័យហេដ្ឋារចនាសម្ព័ន្ធនានាមានដូចជាផ្លូវថ្នល់ និងផ្លូវជាតិ ដែលអនុគ្រោះដល់ការសម្រួលលើវិស័យដឹកជញ្ជូនកាន់ និងអាចជួយជំរុញដល់វិស័យសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។
លោក ស្រី តាំងហួរ អគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd បានឱ្យដឹងដែរថា ខេត្តទាំងនេះ បាននឹងកំពុងមានសក្តានុពលខ្ពស់ចំពោះអចលនទ្រព្យដោយសារក្រមអ្នកអភិវឌ្ឍន៍បានទៅអភិវឌ្ឍន៍បុរី និងលំនៅឋានផ្សេងៗ រួមជាមួយនឹងពាណិជ្ជកម្ម ដែលកាលពីមុនមានតែនៅក្នុងទីក្រុងភ្នំពេញ។
លោកស្រីបន្តថា តែបច្ចុប្បន្ននេះ ខេត្តទាំងបាននឹងកំពុងទាក់ទាញលើការវិនិយោគដីធ្លី ផ្ទះល្វែង តំបន់ពាណិជ្ជកម្ម និងរម្មណីយដ្ឋានផ្សេងៗដែលធ្វើឱ្យមានតម្រូវការអចលនទ្រព្យកាន់តែច្រើន ។ជាពិសេសមានតម្រូវការពីប្រជាពលរដ្ឋដែលទៅបោះទីតាំងរស់នៅច្រើននៅតាមបណ្តាខេត្តទាំងនេះ ហើយតម្រូវការលើវិស័យអចលនទ្រព្យនៅតែមានតម្រូវការទាំងបច្ចុប្បន្ន និងទៅអនាគត។
បើតាមលោក សុខ នីម បានឱ្យដឹងថា ស្ថានភាពដីធ្លី និងផ្ទះសំបែងនៅបន្តមានស្ថេរភាពរហូតពី៣ទៅ៥ឆ្នាំខាងមុខ ដោយក្នុងនោះខេត្តក្រុងចំនួន៥ ដែលដីធ្លីនៅតែបន្តមានចរន្តគឺ ភ្នំពេញ ព្រះសីហនុ កំពត សៀមរាប និងកោះកុង បើទោះបីមានផលប៉ះបន្តិចបន្តួចក៏ដោយ៕