លោក​ស្រី​តំាង​ហួរ​៖ ការទិញ​-លក់​អចលនទ្រព្យ​ក្នុង​ និង​ជាយក្រុង​ភ្នំពេញ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ជាង​បណ្តា​ខេត្ត​-ក្រុង​នានា​

0
តាំង ហួរ

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ចាប់តាំងពី​ដើមឆ្នាំ​ ២០១៩​ រហូ​តម​ដល់ពេល​នេះ​ សកម្មភាព​នៃ​ការទិញ​-លក់​អចលនទ្រព្យ​ទាំង​នៅ​កណ្តាល​ក្រុង​ និង​ជាយក្រុង​ភ្នំពេញ​នៅតែ​ដំណើរការ​ធម្មតា​ និង​ផុសផុល​ជាង​បណ្តាល​ខេត្ត​-ក្រុង​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ​កើនឡើង​ពី​ខែ​ទៅ​មួយ​ខែ​។

លោកស្រី​ តាំង​ហួរ​ អគ្គ​នាយិកា​ក្រុមហ៊ុន​ AMATAK​ Property​ Service​ Co​, Ltd​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ២១​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ចាប់តាំងពី​ដើមឆ្នាំ​រហូតមកដល់​ពេលនេះ​ គឺ​មិន​មាន​សកម្មភាព​ថយ​ចុះ​នៃ​ការទិញ​អចលនទ្រព្យ​ទាំង​នៅក្នុង​កណ្តាល​ក្រុង​ និង​ជាយក្រុង​ ព្រោះ​ដោយសារតែ​កំណើន​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ចូល​មក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។

លោកស្រី​ពន្យល់​ថា​ ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​មធ្យម​ ឬមាន​ធនធាន​តិចតួច​ តែងតែ​សម្រុក​ទៅ​ទិញ​អចលនទ្រព្យ​ ឬលំនៅឋាន​នៅ​តាម​ជាយក្រុង​ព្រោះ​មានតម្លៃ​ទាប​ ចំណែក​អ្នក​ដែល​មាន​ធនធាន​ច្រើន​ ឬ ជនបរទេស​ដែល​មានលទ្ធភាព​តែងតែ​ទិញ​នៅ​កណ្តាល​ក្រុង​ នេះ​ គឺជា​សត្យានុម័ត​។

លោកស្រី​បន្ថែម​ទៀត​ថា​ ប្រទេស​ដែល​កំពុង​មានការ​អភិវឌ្ឍ​តែងតែមាន​ការ​អភិវឌ្ឍ​ពី​កណ្តាល​ក្រុង​ចេញទៅ​ក្រៅក្រុង​ ដូច​ទៅ​នឹង​បណ្តា​ប្រទេស​ផ្សេង​ៗនៅ​លើស​កល​លោក​ ពោល​គឺ​ដូចតែ​គ្នា​ទេ​។

លោកស្រី​បញ្ជាក់​ទៀត​ថា​ តែ​សម្រាប់​សកម្មភាព​នៃ​ការទិញ​លក់​អចលនទ្រព្យ​នៅក្នុង​រដូវភ្លៀង​នេះ​ ហាក់​មាន​សកម្មភាព​ស្ងាត់​បន្តិច​តែ​មិន​មានន័យថា​ ធ្លាក់ចុះ​នោះ​ទេ​ ពោល​ស្ថានភាព​អចលនទ្រព្យ​ទាំង​នៅក្នុង​ទីក្រុង​ភ្នំពេញ​ និង​ជាយក្រុង​គឺ​នៅតែ​មាន​សក្តា​នុ​ពល​ខ្ពស់​ដដែល​ជាង​បណ្តា​ខេត្ត​ក្រុង​នានា​។

អ្នកជំនាញ​បានឱ្យ​ដឹង​ដែរ​ថា​ ស្ថានភាព​អចលនវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ទាំង​នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ​ និង​នា​ពេល​អនាគត​នៅតែ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ បើ​ទោះបី​ពិភពលោក​មាន​បញ្ហា​សេដ្ឋកិច្ច​ខ្លះ​ និង​ការ​ចាកចេញ​របស់​ជនជាតិ​ចេញពី​ប្រទេស​កម្ពុជា​ក្នុងរយៈពេល​កន្លងមក​នេះ​ក៏ដោយ​ក្តី​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បានឱ្យ​ដឹង​ដែរ​ថា​ ពាក់ព័ន្ធ​នឹង​ការទិញ​ដី​ឡូ​តិ៍​ ទិញ​បុរី​ និង​ទិញ​អចលនទ្រព្យ​ផ្សេង​នៅតែ​មាន​សក្តា​នុ​ពល​ខ្ពស់​ដោយសារ​មាន​តម្រូវការ​កើនឡើង​ ទាំង​នៅក្នុង​ទីក្រុង​ និង​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ បើ​ទោះបី​មាន​ជនជាតិ​ចិន​មួយចំនួន​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here