កម្ពុជា​ នៅតែ​មានឱកាស​ឈានមុខ​គេ​ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​លើ​វិស័យ​សំណង់​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ នៅក្នុងចំណោម​បណ្តា​នានា​នៅក្នុង​តំបន់​អាស៊ី​ កម្ពុជា​ នៅតែ​ជា​ប្រទេស​ដែល​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​ឱកាស​វិនិយោគ​លើ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ខណៈ​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ និង​កំពុង​ស្ថិតនៅ​លំដាប់​បន្ទាប់​។

អស់​រយៈពេល​ជាង១០ឆ្នាំ​កន្លងមក​ហើយ​ ដែល​កម្ពុជា​ទទួល​បាន​អំណោយផល​យ៉ាង​ខ្លាំង​ពី​វិស័យ​អចលនទ្រព្យ​ និង​សំណង់​ រហូត​បាន​ក្លាយជា​វិស័យ​ឈានមុខ​គេ​ក្នុង​ការ​ជួយ​ទ្រទ្រង់​ និង​ពង្រឹង​កំណើន​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​។

ដោយឡែក​សម្រាប់​ឆ្នាំ២០១៩​ និង​ឆ្នាំ​បន្ទាប់​ កម្ពុជា​ នៅតែ​បន្ត​មានឱកាស​អភិវឌ្ឍ​នៅក្នុង​វិស័យ​មួយ​នេះ​ដដែល​ ខណៈ​ដែល​បណ្តា​អ្នក​វិនិយោគ​អន្តរជាតិ​នានា​ នៅតែ​បន្ត​សម្លឹង​មើលឃើញ​ពី​ឱកាស​នៃ​ការ​ទទួល​បាន​ប្រយោជន៍​ពី​ការ​វិនិយោគ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២០​ ខែកញ្ញា​ ថា​ មិនថា​នៅក្នុង​ឆ្នាំ២០១៩​ ឬនៅ​ឆ្នាំ​បន្ទាប់​នោះ​ទេ​ វិស័យ​អចលនទ្រព្យ​ និង​សំណង់​កម្ពុជា​នៅតែ​រក្សា​បាន​ភាពល្អ​ប្រសើរ​ដដែល​។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​ចំណុច​អវិជ្ជមាន​លើ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ក៏ដូចជា​នៅ​ឆ្នាំ​បន្ទាប់​ខាងមុខនេះ​ គឺ​នៅ​មើល​មិនទាន់​ឃើញ​នៅឡើយ​នោះ​ទេ​”។

លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុងចំណោម​បណ្តា​ប្រទេស​នានា​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ ក៏ដូចជា​នៅ​អាស៊ី​ផង​ដែរ​ កម្ពុជា​នៅតែ​ផ្តល់​ឱកាសល្អ​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​ និង​មានឱកាស​ជាង​ប្រទេស​ដទៃទៀត​ ដែល​ការវាយតម្លៃ​នេះ​ត្រូវ​បាន​គេ​លើក យក​មក​បង្ហាញ​ និង​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​អចលនទ្រព្យ​កំពូល​អន្តរជាតិ​ IREC​ ប្រចាំឆ្នាំ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​”។

លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “គ្រប់​បណ្តា​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​អាស៊ី​ គឺ​សុទ្ធតែ​ផ្តល់​ឱកាស​វិនិយោគ​ទាំងអស់​ ទាស់​ត្រង់ថា​ ផ្តល់​ឱកាស​តិច​ ឬច្រើន​ដល់​អ្នក​វិនិយោគ​តែប៉ុណ្ណោះ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ស្ថានភាព​ទីផ្សារ​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន​ ហ្វីលីពីន​ សាំងហ្គាពួរ​ ចិន​ ឡាវ​ ប៊្រុយ​ណេ​ អូស្ត្រាលី​ ថៃ​ ម៉ាឡេស៊ី​ ក៏ដូចជា​ប្រទេស​កម្ពុជា​ផង​ដែរ​ នៅ​មិនទាន់​មាន​សញ្ញា​ធ្លាក់ចុះ​ខ្លាំង​នោះ​ទេ​”។

លោក​បញ្ជាក់​ថា​ “ផ្ទុយទៅវិញ​ ប្រទេស​កម្ពុជា​ ហាក់​បង្ហាញ​ពីអ​ត្រា​ខ្ពស់​ក្នុង​ការចាប់អារម្មណ៍​ជាងគេ​ ជាមួយនឹង​ការ​ផ្តល់​ឱកាស​វិនិយោគ​ខ្ពស់​មិន​មាន​ហានិភ័យ​”។ លោក​បាន​បន្ត​ថា​ “បន្ទាប់ពី​កម្ពុជា​ ប្រទេស​ដែល​កំពុងតែ​ដេញ​តាម​ពីក្រោយ​ គឺ​ មីយ៉ាន់ម៉ា​ ដោយសារតែ​ប្រទេស​មួយ​នេះ​បាន​ផ្តល់​នូវ​ភាព​ទាក់ទាញ​ដល់​បណ្តា​អ្នក​វិនិយោគ​ដែល​ជា​ជនបរទេស​អាច​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទិញ​អចលនទ្រព្យ​ធ្វើជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​តាម​បណ្តា​តំបន់​មួយចំនួន​ ជាពិសេស​ថែម​តាំង​មានការ​ផ្តល់​សញ្ញា​តិ​ ស្ថិតនៅ​ក្នុង​កម្រិត​នៃ​ការ​វិនិយោគ​ណាមួយ​ដែល​ត្រូវ​បាន​កំណត់ដោយច្បាប់​របស់​ប្រទេស​”។

គិត​ត្រឹម​ខែសីហា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ ទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ បាន​កើនឡើង​រហូតដល់​ប្រមាណ​ ៦០០០ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​ជា​ចំនួន​មួយ​បង្ហាញ​ពី​កំណើន​ និង​ភាពរឹងមាំ​នៅក្នុង​វិស័យ​មួយ​នេះ​។

អ្នកវិភាគ​សេដ្ឋកិច្ច​ និង​អចលនទ្រព្យ​កម្ពុជា​ លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​ថា​ ផ្អែក​តាម​ទិដ្ឋភាព​ជាក់ស្ដែង​ពេលនេះ​ កម្ពុជា​ នៅតែ​រក្សា​បាន​ភាព​លំនឹង​នៃ​កមណើ​នប្រ​ចាំ​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ​ និង​សំណង់​ ប៉ុន្តសន្ទុះ​នៃ​កំណើន​សេដ្ឋកិច្ច​ ក៏ដូចជា​ភាព​រីកចម្រើន​នៅក្នុង​វិស័យ​ណាមួយ​វា​មិន​អាច​ចេះតែ​កើនឡើង​រហូត​បាន​នោះ​ទេ​ គឺ​អាច​នឹង​ដល់​ចំណុច​ណាមួយ​ធ្លាក់ចុះ​វិញ​ជាមិនខាន​។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​នៅ​ត្រឹម​រយៈ៣ឆ្នាំ​ចុងក្រោយ​នេះ​ គឺ​មាន​កំណើន​យ៉ាង​គំហុក​ហួសពី​ក្ដី​រំពឹង​ ដោយឡែក​សម្រាប់​នៅ​ឆ្នាំ​បន្ទាប់​យើង​មិន​អាច​កំណត់​ថា​នឹង​មាន​កំណើន​ខ្ពស់​ដូចនេះ​ទៀត​នោះ​ទេ​ ដែល​វា​ក៏​អាស្រ័យ​ទៅលើ​បរិបថ​ និង​ស្ថានភាព​នៃ​ស្ថិរភាព​ក្នុង​សង្គម​ជាក់ស្ដែង​”។

លោក​បាន​បន្ត​ទៀត​ថា​ “បើ​ធ្វើការ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​ ដូចជា​ប្រទេស​ថៃ​ ប្រទេស​វៀតណាម​ វិស័យ​សំណង់​នៅ​កម្ពុជា​នៅតែ​មាន​ភាពល្អ​ប្រសើរ​ដដែល​ ដោយសារតែ​កត្តា​តម្លៃ​នៅ​កម្ពុជា​មានកម្រិត​ទាប​ជាង​ ហើយ​វិសាលភាព​ និង​ឱកាស​វិនិយោគ​នៅ​មាន​ភាព​ទូលំទូលាយ​ច្រើន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here