តំបន់​ត្រពាំងរូង​ទទួល​បាន​ការ​គាំ​ទ្រ​ និង​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ តំបន់​ត្រពាំងរូង​ ស្ថិត​ក្នុង​ឃុំ​ត្រពាំងរូង​ ខេត្តកោះកុង​ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ពី​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ តាមរយៈ​គំរោង​វិនិយោគ​រមណីយដ្ឋាន​ថ្មី​មួយ​ដោយក្រុម​អ្នកជំនាញ​អចលនទ្រព្យ​ក្នុង​ស្រុក​។

ជាមួយនឹង​ភាព​អំណោយផល​នៃ​ធនធាន​ធម្មជាតិ​ ជាមួយនឹង​ទេសភាព​ស្រស់​ត្រកាល​ មាន​ព្រែក​អម​សងខាង​ ទឹកព្រែក​៦ខែ​សាប​ និង៦ខែ​ប្រែជា​ទឹកប្រៃ​ បាន​ធ្វើឲ្យ​តំបន់​ត្រពាំងរូង​ ខេត្តកោះកុង​ កាន់តែ​មានការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​។

អគ្គនាយក​ក្រុមហ៊ុន​ Easy​ Property​ Investment​ Co​, Ltd ​លោក​ម៉ម​ សិរី​បញ្ញា​ បាន​មានប្រសាសន៍​ ក្នុង​ពិធី​ប្រកាស​បើក​បង្ហាញ​គំរោង​ដី​ឡូត៍​រមណីយដ្ឋាន​ឈ្មោះ​ “ឋានសួគ៌​ត្រពាំងរូង​” នា​ល្ងាច​ថ្ងៃទី២៣​ កញ្ញា​កន្លងមក​ថា​ ដោយ​បាន​សិក្សា​យ៉ាង​ច្បាស់​ ពី​សក្តា​នុ​ពល​ទីតាំងនៅ​តំបន់​ខាងលើ​នេះ​ ទើប​ក្រុមហ៊ុន​លោក​បាន​ទទួលយក​គំរោង​រមណីយដ្ឋាន​នេះ​ ពី​ក្រុមហ៊ុន​ Golden​ Pig​ Investment​ Co​, Ltd​ មក​លក់​។

លោក​បន្ត​ថា​ “តំបន់​ត្រាំ​ពាំង​រូង​មាន​លក្ខណៈ​ពិសេស​ បើ​ធៀប​នឹង​តំបន់​ដទៃទៀត​ក្នុង​ខេត្តកោះកុង​ ដោយ​តំបន់​នេះ​មាន​ព្រែក​ទាំងសងខាង​ ជាមួយនឹង​ទឹកថ្លា​ឆ្វង់​ និង​អាច​អុំទូក​កំសាន្ត​បាន​យ៉ាង​រីករាយ​”។ លោក​បន្ត​ថា​ “អ្វី​កាន់តែ​ពិសេស​តំបន់​នេះ​ ក៏​មាន​រមណីយដ្ឋាន​ បឹង​ហ្កា​ឡូត៍​លំ​ហែរ​កាយ​ និង​គំរោង​អភិវឌ្ឍន៍​តំបន់​អេកូ​ទេសចរណ៍​របស់​រដ្ឋាភិបាល​ផង​ដែរ​”។

លោក​ម៉ម​ សិរី​បញ្ ញា​បាន​បន្ត​ទៀត​ថា​ ជាមួយ​លក្ខខ័ណ្ឌ​បង់ប្រាក់​សមរម្យ​ តម្លៃ​ដី​មាន​ភាពសមរម្យ​ ខេត្តកោះកុង​នឹង​មានការ​រីកចម្រើន​កាន់តែ​លឿន​ ពិសេស​ក្រោយ​ពេល​ព្រលា​នយន្តហោះ​តារា​សាគរ​បើក​ដំណើរការ​នា​ចុងឆ្នាំ​នេះ​។

សមាជិកសភា​ពាណិជ្ជកម្ម​ខេត្តកោះកុង​ លោក​ជឹង​ សុ​ខម៉េ​ងបាន​ថ្លែង​ផង​ដែរ​ថា​ ខេត្តកោះកុង​ ពិសេស​តំបន់​ត្រពាំងរូង​ស័ក្តិសម​ជាទី​តាំង​ ដែល​សមស្រប​សំរាប់​អភិវឌ្ឍ​រមណីយដ្ឋាន​បាន​យ៉ាង​ល្អ​ប្រសើរ​ ​ដោយសារ​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​នៅ​តំបន់​នេះ​ ពិសេស​ជា​តំបន់​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពីទី​រួម​ខេត្ត​ និង​ព្រលា​នយន្តហោះ​តារា​សាគរ​នោះ​ឡើយ​។

លោក​បន្ត​ថា​ “ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ទៅ​វិនិយោគ​នៅក្នុង​ខេត្តកោះកុង​កាន់តែ​ច្រើន​នា​ពេល​អនាគត​”។

ជាមួយគ្នា​នេះ​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​សរសើរ​ និង​គាំទ្រ​ការ​អភិវឌ្ឍ​គំរោង​បែបនេះ​ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ជំ​រុញ​សក្តា​នុ​ពល​អចលនទ្រព្យ​ក្នុង​ខេត្តកោះកុង​នោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​រួមចំណែក​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផង​ដែរ​។

លោក​បន្ត​ថា​ “ការ​វិនិយោគ​ដី​ដែល​មានតម្លៃ​សមរម្យ​ មិន​បង្ក​ហានិភ័យ​ណាមួយ​ដល់​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​នោះ​ទេ​”។ លោក​បន្ត​ថា​ “គំរោង​ដី​ឡូត៍​រមណីយដ្ឋាន​ឋានសួគ៌​ត្រពាំងរូង​ ជា​គំរោង​ល្អ​ ព្រោះ​ជា​គំរោង​ដែល​មានការ​រៀបចំ​នូវ​Master​ Plan​ បាន​ត្រឹមត្រូវ​ និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​”។

លោក​ឃាង​ ពុទ្ឋី​ បាន​បន្ត​ថា​ ការទិញ​ដី​ឬវិនិយោគ​លើ​ដីធ្លី​មានតម្លៃ​ទាប​បែបនេះ​ មិន​មាន​ហានិភ័យ​ដល់​អ្នក​វិនិយោគ​នោះ​ទេ​ ព្រោះ​ទោះបីជា​មាន​វិបត្តិ​អ្វី​កើតឡើង​ ក៏​តម្លៃ​ដី​ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ​មិន​ជាប់​គាំង​នោះ​ទេ​ ពិសេស​គំរោង​មាន​លក្ខណៈ​បែប​រមណីយដ្ឋាន​បែបនេះ​ នៅតែ​ល្អ​សំរាប់​វិ​និ​យោ​ ដោយសារ​វា​ជា​គំរោង​បែប​អេកូ​ទេសចរណ៍​ ដែល​ធម្មតា​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​នៅតែ​បន្ត​ដើរ​កំសាន្ត​ នៅ​តាម​តំបន់​ធម្មជាតិ​បែបនេះ​៕





LEAVE A REPLY

Please enter your comment!
Please enter your name here