ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមអ្នកជំនាញអចលនទ្រព្យបាននិយាយស្រដៀងគ្នាថា ស្របពេលការទិញលក់អចលនទ្រព្យ កំពុងមានកំណើនលើទីផ្សារបច្ចុប្បន្ន ដោយមានការទិញលក់ មិនឆ្លងកាត់ក្រុមអ្នកជំនាញ ក្រុមអ្នកជំនាញក្នុងវិស័យនេះ បានជំរុញឲ្យអ្នកទិញលក់ដីធ្លីប្រើប្រាស់ក្រុមហ៊ុនអចលនទ្រព្យស្របច្បាប់ ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាសន៍ថា ការមិនប្រើប្រាស់ភ្នាក់ងារអចលនវត្ថុ អាចនឹងធ្វើឲ្យម្ចាស់ទ្រព្យ បាត់បង់នូវអត្ថប្រយោជន៍ជាច្រើន។ ប៉ុន្ដែក្នុងនាមអ្នកមានបទពិសោធន៍ លោកបានស្នើរឲ្យម្ចាស់ទ្រព្យ ឬអ្នកទិញប្រើប្រាស់នូវភ្នាក់ងារអចលនវត្ថុណាមួយ ដែលស្របច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយបញ្ហាប្រឈមខាងលើ។
-->
លោកបានពន្យល់ថា ប្រសិនបើយើងមិនទទួលបានសិទ្ធលក់ផ្ដាច់មុខ ទីភ្នាក់ងារអចលនទ្រព្យ នឹងចំណាយពេលឥតប្រយោជន៍ និងមានភាពស្ទាក់ស្ទើរ ក្នុងការផ្សព្វផ្សាយអចលនទ្រព្យ ដែលធ្វើឲ្យការលក់ចេញមានភាពយឺតយ៉ាវ។ តែប្រសិនបើក្រុមហ៊ុនមួយទទួលបានសិទ្ធិផ្ដាច់មុខ ពួកគាត់នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការជំរុញការលក់ឲ្យបានលឿន ដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជន ។
លោកស្រីតាំង ហួរ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា សកម្មភាពទិញលក់អចលនទ្រព្យ ដោយមិនប្រើប្រាស់អ្នកជំនាញ ពិតជាមានហានិភ័យដល់អតិថិជន ដោយសារបែបបទនិតិវិធីនៃការទិញ លក់ ក៏ដូចប្លង់កម្មសិទ្ឋអចលនទ្រព្យនៅកម្ពុជាមានច្រើនប្រភេទ ដោយសារកម្ពុជាឆ្លងកាត់នូវរបបច្រើន ហេតុនេះការយល់ដឹងពីបែបបទនិតិវិធី និងទម្រង់នៃប័ណ្ណសម្គាល់កម្មសិទ្ឋអចលនទ្រព្យមានសារៈសំខាន់ណាស់ ដើម្បីផ្តល់នូវសុវត្ថិភាព និងបញ្ចៀសបញ្ហាដែលអាចកើតឡើងគ្រប់ពេលវេលា។

លោកស្រីបន្តថា “ហេតុនេះខ្ញុំលើកទឹកចិត្តឲ្យអ្នកទិញលក់អចលនទ្រព្យនានា គួរងាកមកប្រើប្រាស់ក្រុមហ៊ុនអចលទ្រព្យ ស្របច្បាប់ព្រោះពួកគេមានបទពិសោធន៍ និងជំនាញលើការងារនេះ”៕