អ្នកជំនាញ​អះអាង​ថា​ ប្រជាជន​កម្ពុជា​នៅតែ​បន្ត​ចាប់អារម្មណ៍​វិនិយោគ​អចលនទ្រព្យ​កាន់តែ​ច្រើន​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​ និង​ទាក់ទាញ​ក្នុង​ការ​វិនិយោគ​យ៉ាងច្រើន​ ជាពិសេស​ការ​វិនិយោគ​ទៅលើ​វិស័យ​ដីធ្លី​ ដែល​ឃើញ​មាន​ស្ទើរគ្រប់​តំបន់​នៅ​ទូទាំង​ប្រទេស​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Key​ Real​ Estate​ លោក​ សន​ សៀប​ បាន​មានប្រសាសន៍​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ថា​ បើ​ទោះជា​នៅ​ចុងឆ្នាំ២០១៩នេះ​ សកម្មភាព​នៃ​ទីផ្សារ​អចលនទ្រព្យ​ ហាក់​មាន​ភាព​ថមថយ​បន្តិច​ក៏​ពិតមែន​ ប៉ុន្តែ​សម្រាប់​ទំនោរ​នៃ​ការទិញ​-លក់​របស់​អ្នក​វិនិយោគ​ក្នុង​ស្រុក​នៅតែ​បន្ត​ភាព​សកម្ម​ដដែល​។

លោក​បាន​បន្ត​ទៀត​ថា​ “វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​ខ្លាំង​ ជាពិសេស​នៅ​ត្រឹម​រយៈពេល១០ឆ្នាំ​ចុងក្រោយ​នេះ​ ដែល​កាន់តែ​ជំរុញ​ឱ្យ​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​នានា​ ងាក​មក​ចាប់អារម្មណ៍​វិនិយោគ​វិស័យ​មួយ​នេះ​ នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​”។

លោក​សន​ សៀ​បបាន​បន្ត​ទៀត​ថា​ ជា​ធម្មតា​ នៅពេល​ដែល​មានការ​អភិវឌ្ឍ​ទៅលើ​គម្រោ​ងធំៗ​កាន់តែ​ច្រើន​ វា​នឹង​ជំរុញ​ឱ្យ​តម្លៃ​អចលនទ្រព្យ​ ក៏ដូចជា​តម្លៃ​ដីធ្លី​មានការ​កើនឡើង​ដោយ​ស្វ័យប្រវត្តិ​ ហើយ​នៅពេល​ដែល​វិស័យ​មួយ​ផ្តល់​ផល​ល្អ​ ដល់​ការ​វិនិយោគ​ ច្បាស់​ណាស់​ថា​ នឹង​មាន​មនុស្ស​កាន់តែ​ច្រើន​ចាប់អារម្មណ៍​ ជាក់ស្ដែង​ដូចជា​វិស័យ​ដីធ្លី​នា​ពេល​បច្ចុប្បន្ន​នេះ​ជាដើម​ គឺ​មាន​សកម្មភាព​ទិញ​-លក់​ យ៉ាង​ផុលផុស​ និង​កើតមាន​ស្ទើរគ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​។

អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោកស្រី​ តាំង​ ហួរ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៣០​ ខែកញ្ញា​ នេះ​ផង​ដែរ​ថា​ សកម្មភាព​នៃ​ការទិញ​-លក់​របស់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ គឺជា​ចលករ​យ៉ាង​សំខាន់​ដែល​ជួយ​ឱ្យ​វិស័យ​នេះ​ភាពល្អ​ប្រសើរ​ ហើយក៏​ជា​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ នៅ​ក្រៅ​ស្រុក​ឱ្យ​ចូល​មក​វិនិយោគ​រួមគ្នា​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ “ភាគច្រើន​អ្នក​នៅក្នុង​ស្រុក​ ពួកគេ​ធ្វើការ​វិនិយោគ​ដោយ​ការទិញ​-លក់​ ដើម្បី​ទទួល​បាន​ចំណេញ​ ប៉ុន្តែ​បើ​អ្នកក្រៅ​ស្រុក​ចូល​មក​វិនិយោគ​ និង​អភិវឌ្ឍ​លើ​វិស័យ​សំណង់​ក្នុង​គម្រោ​ងធំៗ​”។លោកស្រី​បន្ត​ទៀត​ថា​ “មិនថា​ចំពោះ​អ្នក​វិនិយោគ​មក​ពីក្រៅ​ស្រុក​ ឬការ​វិនិយោគ​របស់​អ្នក​ក្នុង​ស្រុក​នោះ​ទេ​ គឺ​សុទ្ធតែ​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ ក្នុង​ការ​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​មាន​ភាពល្អ​ប្រសើរ​ទាំងអស់​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here