ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រីចេវ សុឃុន
ដោយ វុត្ថា
ភ្នំពេញៈ អ្នកជំនាញបានណែនាំដល់អ្នកដែលមានបំណងទិញអចលនទ្រព្យទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការអូសទាញឱ្យទិញអចលទ្រព្យនៅទីតាំង ឬតំបន់ណាមួយដោយពុំបានសិក្សា និងសាក់សួរពីព័ត៌មានឱ្យបានច្បាស់ ពីអ្នកជំនាញដែលបណ្តាលឱ្យមានការជាប់គាំងលំហូរសាច់ប្រាក់ និងហានិភ័យខ្ពស់។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រីចេវ សុឃុន
ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រីចេវ សុឃុន បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៩នេះថា ការទិញ-លក់អចលនទ្រព្យ ដើម្បីអោយការទិញធនាបាននូវចរន្តសាច់ប្រាក់នោះ អ្នកទិញត្រូវមានគោលបំណងច្បាស់លាស់ និងមានភាពចាំបាច់ ទើបការទិញលក់ទទួលបានប្រាក់ចំណេញ។
-->
លោកស្រីបន្តថា “ប្រសិនបើការទិញរបស់លោកអ្នក តាមរយៈការអូសទាញ ទិញដោយខ្វះព័ត៌មានច្បាស់លាស់ វានឹងអាចធ្វើអោយលំហូរសាច់ប្រាក់របស់អ្នកជាប់គាំង និងមានហានិភ័យនៅពេលខាងមុខ”។
អ្នកជំនាញរូបនេះពន្យល់ទៀតថា បើទិញអចលនទ្រព្យតាមកាអូសទាញរបស់មិត្តភក្តិ ឬតាមបណ្តាញ ដោយមានការអួតអាងថាទិញវាចំណេញ ហើយខ្វះព័ត៌មានលំអិត នៅពេលដែលទិញរួចរាល់ ហើយមិនដូចគេប្រាប់នឹងធ្វើមានការជាប់គាំង នូវលំហូរសាច់ប្រាក់ បើខ្ចីលុយគេថែមទៀតវានឹងបណ្តាលឱ្យមានការខាតបង់កាន់តែច្រើន។
លោកស្រីចេវ សុឃុនបានពន្យល់ទៀតថា អ្នកដែលទិញសម្រាប់វិនិយោគបន្តគឺទិញមិនទុកយូនោះទេ យ៉ាងហោតណាស់ទុកក្នុងរយៈពេល២ ឬ៣ខែ ហើយលក់វិញទើបបានផលចំណេញ តែបើទិញហើយទុកក្នុងរយៈពេលយូរ នឹងធ្វើឱ្យខាតបង់កាន់តែច្រើនតាមរយៈការបង់ការប្រាក់ទៅធនាគារជាដើម។
លោកស្រីបានអំពាវនាវដល់អ្នកមានបំណងទិញអចលនទ្រព្យ សម្រាប់វិនិយោគបន្តទាំងអស់ទាមទាអោយមានការសិក្សា និងប្រមូលព័ត៌មានឱ្យបានច្បាស់លាស់ ជាពិសេសត្រូវសួរនាំទៅអ្នកជំនាញ និងក្រុមហ៊ុនដែលមានជំនាញជាដើម ពីតំបន់ដែលគ្រោងទិញនោះមានការអភិវឌ្ឍន៍ដែរឬទេ ទើបមិនផុងខ្លួន និងមិនខាតបង់ថវិកាទៅតាមការអូសទាញពីអ្នកលក់៕