ដោយរ៉ា ណេត
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា កម្ពុជាគួរតែមានច្បាប់រៀបចំដែនដី បន្ថែមមួយទៀត ដោយមានកិច្ចសហការពីភាគីជប៉ុន ដើម្បីឲ្យដំណើរការទទួលបានលទ្ធផលល្អ។

|
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតជប៉ុនថ្មីលោក MIKAMI MA SAHARO កាលពីសប្តាហ៍មុននេះ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបានថ្លែងថា ចំពោះបញ្ហាសូរិយោដីគឺកន្លងមកក្រសួងមានការជួយគាំទ្រ ពីក្រុមការងារជំនាញរបស់ជប៉ុន ដូច្នេះក្រសួងនឹងបន្តជំរុញការងារនេះបន្ថែមទៀត ដើម្បីឲ្យដំណើរការទទួលបានផលផ្លែផ្កា។
-->
ជាមួយគ្នានេះឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាបានបញ្ជាក់ឲ្យដឹងផងដែរថា ច្បាប់សូរិយោដីឆ្នាំ២០០១ត្រូវ តែធ្វើវិសោធនកម្មមាត្រាខ្លះ ឱ្យបានសមស្របជាមួយក្រមរដ្ឋប្បវេណី ដូច្នេះកិច្ចការនេះ ក៏ជាដំណើរការមួយ ដែលត្រូវស្នើសុំឲ្យមានការគាំទ្រពីខាងភាគីជប៉ុននាពេលខាងមុខនេះផងដែរ។
ទាក់ទងនឹងបញ្ហានៅឯខេត្តព្រះសីហនុវិញ លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងជំរាបសមភាគីជប៉ុនថា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងក្រុង គឺស្ទើខូចខាតស្ទើរតែ ៩០ភាគរយ ដោយសារតែខ្វះការថែទាំ ហើយបច្ចុប្បន្ន លោកបាននិងកំពុងដំណើរការរៀបចំឯកសារនិងចាប់ផ្ដើមការងារក្នុងខែវិច្ឆិកាខាងមុខនេះ ដូច្នេះក៏ស្នើសុំឲ្យមានកិច្ចសហការពីភាគីជប៉ុនផងដែរដើម្បីជំរុញការងារនេះឲ្យបានសម្រេចជោគជ័យ។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចូលរួមអបអរសាទរ ចំពោះលោក MIKAMI MA SAHARO ដែលត្រូវបានតែងតាំងជាអគ្គរាជទូតថ្មីរបស់ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤របស់ខ្លួន ការជាមួយនឹងស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ដែលកម្ពុជាមានសព្វថ្ងៃនេះ ក៏មិនអាចកាត់ផ្ដាច់ចេញពីការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុនផងដែរ។
ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា “ភាពសុខដុមរមនាជាមួយនឹង GDP ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នេះហើយបានធ្វើឲ្យកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ច ៧%ជារៀងរាល់ឆ្នាំ”។ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសំណូមពរ ដល់អគ្គរាជទូតជប៉ុនដែលទើបតែងតាំងថ្មីថា បច្ចុប្បន្នច្បាប់សំណង់គឺស្ទើរតែបានសម្រេចជោគជ័យ ១០០%ដែរគ្រោងនឹងចូលជាធរមាននាពេលឆាប់ៗខាងមុខនេះហើយ ដូច្នេះដើម្បីឲ្យច្បាប់សំណង់កាន់តែល្អនិងមានប្រសិទ្ធភាព។
ជាការឆ្លើយតបឯកឧត្តម MIKAMI MA SAHARO អគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជាបានបង្ហាញពីក្ដីរីករាយ ដែលបានធ្វើការជាមួយកម្ពុជា ដែលជាប្រទេសមួយមានទំនាក់ទំនងល្អជាមួយជប៉ុន។ លោកបានកោតសរសើរដល់ការខិតខំរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសរហូតមកទល់សព្វថ្ងៃ។ ជប៉ុនកំពុងតែធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗ ចំពោះការកសាងឡើងវិញ នូវការអភិវឌ្ឍរបស់កម្ពុជាក្នុងនោះមានផ្នែកនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ជាដើម ។

លោកអគ្គរាជទូតជប៉ុនថ្មបានបញ្ជាក់ថា ជប៉ុននិងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់របស់កម្ពុជាផងដែរ ។ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ឆ្នេរឯកឧត្តមឧបនាយកជា សុផារ៉ា បានលើកឡើងនោះ ភាគគីជប៉ុននឹងយកទៅពិចារណា ជាមួយក្រសួងដែនដីរបស់ជប៉ុន ដើម្បីឆ្លើយតបតាមសំណើរទាំងនោះ៕