ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាឱកាសដ៏ពិសេសបំផុតសម្រាប់អ្នក ដែលចង់ស្វែងយល់ពីចរន្តនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោកនោពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត សាធារណៈជនអាចចូលរួមសិក្សាស្វែងយល់ក្នុងកម្មវិធីពិព័រណ៍អចលនទ្រព្យដ៏ប្រចាំឆ្នាំ២០១៩ ក្រោមការចូលរួមបង្ហាញគម្រោងអភិវឌ្ឍន៍ ពីសំណាក់ក្រុមហ៊ុនធំៗជាច្រើន។

-->
នៅត្រឹមថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង ៦ល្ងាច នៅសណ្ឋាគារណាហ្គាវើល មហាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំប្រចាំឆ្នាំ២០១៩ នឹងត្រូវបានចាប់ផ្តើមស្វាគមន៍ បណ្តាសាធារណៈជនទូទៅចូលទស្សនា ពីគម្រោងអភិវឌ្ឍធំៗជាង៦០គម្រោង ក្រោមការវិនិយោគពីសំណាក់ក្រុមហ៊ុនល្បីៗលំដាប់អន្តរជាតិ ជាពិសេសបានស្វែងយល់ ពីចរន្តទីផ្សារអចលនទ្រព្យក្រោមការពន្យល់ និងបង្ហាញពីអ្នកជំនាញដែលទទួលបានភាពជោគជ័យនៅក្នុងវិស័យនេះជាច្រើនរូប។
តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលមានរយៈពេល២ថ្ងៃគឺថ្ងៃទី៤ និងថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នេះ រាល់អ្នកដែលចូលរួមទស្សនា នឹងបានដឹងពីគម្រោងសាងសង់ជាច្រើននៅទូទាំងប្រទេសកម្ពុជា ដែលក្នុងរាប់ទាំងគម្រោងអភិវឌ្ឍសំណង់ខុនដូ អាផាតមិន គម្រោងបុរី គម្រោងបណ្តុំលំនៅដ្ឋាន គម្រោងដីឡូតិ៍ រួមជាមួយបណ្តាក្រុមហ៊ុនវិនិយោគផ្ទាល់ ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យជាច្រើនទៀតផងដែរ។
នៅថ្ងៃទី១នៃកម្មវិធី (ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩) អ្នកជំនាញ ដែលជាវាគ្មិនកិត្តិយស ត្រូវបានចូលរួមចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធទៅនឹងកម្មវិធី រួមមានដូចជា លោកឧកញ៉ា សៀ រិទ្ធី លោកឧកញ៉ា ចេង ខេង លោកបណ្ឌិត គឹម ហ៊ាង លោក សន សៀប លោក Tom O’sullivan រួមជាមួយនឹងបណ្តាអ្នកជំនាញ ដែលមានជំនាញ និងទទួលបានភាគជ័យនៅក្នុងវិស័យនេះជាច្រើនរូបទៀត។
សូមចូលរួមទស្សនាដោយសេរី និងស្វែងយល់ពីព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យ និងលំនៅដ្ឋានប្រចាំឆ្នាំ២០១៩ ទាំងអស់គ្នា ដើម្បីទទួលបានដំណឹង និងព័ត៌មាននានាស្ដីពីគម្រោងវិនិយោគ អភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជាទាំងអស់គ្នា៕
