ដោយគង់ សូរិយា
ប៉ោយប៉ែតៈ ការសាងសង់ផ្សារទំនើប Big C បានបញ្ចប់ ១០០ភាគរយហើយនៅក្នុងទីក្រុងប៉ោយប៉ែត និងបើកដំណើរការនៅថ្ងៃទី៥ តុលាខាងមុខនេះ ក្រោមទុនវិនិយោគទឹកប្រាក់ជាង១០លានដុល្លារ នឹងចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ។

ដោយគង់ សូរិយា
ប៉ោយប៉ែតៈ ការសាងសង់ផ្សារទំនើប Big C បានបញ្ចប់ ១០០ភាគរយហើយនៅក្នុងទីក្រុងប៉ោយប៉ែត និងបើកដំណើរការនៅថ្ងៃទី៥ តុលាខាងមុខនេះ ក្រោមទុនវិនិយោគទឹកប្រាក់ជាង១០លានដុល្លារ នឹងចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ។

ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Four stars plus Four លោកសួង សុខហ៊ាង ដែលបានធ្វើការជិតស្និទ្ធជាមួយអ្នកវិនិយោគថៃ ទៅលើគម្រោងអភិវឌ្ឍផ្សារទំនើបBig C បានប្រាប់តាមប្រព័ន្ឋអេឡិកត្រូនិកកាលពីរសៀលថ្ងៃទី៣តុលាកន្លងមកនេះថា ពេលនេះការសាងសង់បានសម្រេច១០០ភាគរយហើយ។ ការលក់ទៅឱ្យអតិថិជន ក៏បានជាង ១០០ ភាគរយរួចទៅហើយផងដែរ។
លោកបានបញ្ជាក់ទៀតថា ផលិតផលដែលនឹងយកមកដាក់លក់ នៅក្នុងផ្សារទំនើបមួយនេះមានច្រើនប្រភេទណាស់ ដែលសុទ្ធតែនាំចូលមកពីបរទេស ប៉ុន្តែការនាំយកម៉ាកពីប្រទេសថៃមានច្រើនជាងគេ បន្ទាប់មកមានចិន និងអឺរ៉ុប”។
នៅក្នុងផ្សារនេះមានការបែងចែកដាច់ដោយឡែកពីគ្នា រវាងទីតាំងលក់សម្ភារៈប្រើប្រាស់ ទីតាំងលក់សម្លៀកបំពាក់ ក៏ដូចជាចំណីអាហារ (ភាគច្រើនអាហារបែបខ្មែរ) ក៏ដូចជាទីតាំងសម្រាប់លក់គ្រឿងសម្អាងជាដើម។
ផ្សារទំនើប Big C ក្រុងប៉ោយប៉ែត ត្រូវបានសាងសង់នៅលើផ្ទៃដី ២,៥ហិកតា ក្នុងនោះដីសម្រាប់សាងសង់ផ្សារមានទំហំ
១,៥ហិកតា និងដី១ហិកតាទៀត សម្រាប់សាងសង់ចំណតយានយន្ត។ ផ្សារមួយនេះស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងស្ថិតនៅជាប់គំរោង Empire”។
លោកសួង សុខហ៊ាង បានមានប្រសាសន៍បន្តឱ្យដឹងថែមទៀតថា តាមរយៈវត្តមានផ្សារទំនើបលើកដំបូងគេ នៅក្នុងក្រុងប៉ោតប៉ែតមួយនេះ ក្រៅពីជួយបំពេញនូវតម្រូវការប្រជាជនខ្មែរដែលនិយមចេញ ចូលទៅទិញទំនិញចំរុះនៅក្នុងប្រទេសថៃ និងជួយបង្កើនកំណើនសេដ្ឋកិច្ចក្នុងតំបន់ បង្កើនសោភ័ណភាពក្នុងក្រុង ថែមទាំងជួយផ្តល់ឱកាសការងារដោយផ្ទាល់ប្រមាណ ១០០០កន្លែងផងដែរ។
អ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ តាមទូរស័ព្ទនៅរសៀលថ្ងៃជាមួយគ្នានេះផងដែរ ដោយបង្ហាញពីក្ដីសាទរជាមួយនឹងវត្តមានផ្សារទំនើបមួយនេះ។ លោកបានបន្តថាក្រុងប៉ោងប៉ែតបច្ចុប្បន្ននេះមានការអភិវឌ្ឍខ្លាំង និងមានលំហូរនៃចំនួនប្រជាសាស្ត្រកាន់តែច្រើន ស្របពេលដែលកំណើនសេដ្ឋកិច្ចក្នុងតំបន់ទាំងមូលមានភាពល្អប្រសើរ។

លោកបានបន្តទៀតថា “វត្តមានផ្សារទំនើបមួយនេះ នឹងចូលខ្លួនបំពេញតម្រូវការរបស់អ្នកដែលរស់នៅក្នុងតំបន់ ក៏ដូចជាតំបន់ជិតខាងផងដែរ ដែលកំពុងតែមានកម្លាំងបញ្ជារទិញក្នុងកម្រិតខ្ពស់ ដោយសារកម្រិតនៃចំណូលរបស់អតិថិជន ដែលកំពុងរស់នៅតំបន់ច្រកព្រំដែនមានកម្រិតល្អច្រើន”៕