ដោយ Donald Lee
ហូជីមិញ៖ ក្រសួងឧស្សាហកម្មរបស់ប្រទេសវៀតណាម បានបង្ហាញរបាយការណ៍ថា ប្រទេសនេះបានចំណាយប្រាក់ប្រមាណ ៥,៥ពាន់លានដុល្លារ លើការនាំចូលរថយន្ត និងគ្រឿងបន្លាស់រថយន្ត ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០១៩នេះ។
ទិន្នន័យរបស់ក្រសួងបានបង្ហាញថា រថយន្តចំនួន ១០៨.៩២៩គ្រឿង ត្រូវបាននាំចូលមកក្នុងប្រទេស ចាប់តាំងពីខែមករាឆ្នាំ២០១៩កន្លងមកនេះ ពោលកើនឡើងប្រមាណ ១៦៧,៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ រថយន្តដែលនាំចូលមានតម្លៃ
២,៤ ពាន់លានដុល្លារ និងគ្រឿងបន្លាស់រថយន្តមានតម្លៃ ៣,១ពាន់លានដុល្លារ។
ប្រជាជននៅក្នុងប្រទេសវៀតណាម ទើបតែចាប់ផ្តើមស្រឡាញ់ និងទិញរថយន្តជិះច្រើន នៅពេលដែលក្រុមហ៊ុនផលិតរថយន្ត នៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងការធ្លាក់ចុះ។ ឧស្សាហកម្មផលិតរថយន្ត នៅក្នុងប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះយ៉ាងខ្លាំងនៅពាក់កណ្តាលឆ្នាំនេះ ពោលធ្លាក់ចុះ១២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះ ឆ្ពោះទៅរកការធ្លាក់ចុះនៅក្នុងឆ្នាំ២០១៩នេះ។
ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម VinFast បានដាក់បង្ហាញរថយន្តដំបូងរបស់ខ្លួននៅខែមិថុនាកន្លងមកនេះ ដែលយកពីរោងចក្រទំនើបចំនួន៦របស់ខ្លួន នៅទីក្រុង Haiphong។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានថ្លែងនៅក្នុងពិធីមួយនៅទីក្រុង Haiphong កាលពីខែមិថុនាកន្លងមកនេះថា “នេះគឺជាការចូលរួមវិភាគទានយ៉ាងធំធេងសម្រាប់សេដ្ឋកិច្ចជាតិ”។
លោកបានបន្ថែមថា “នេះបានបញ្ជាក់ពីគោលនយោបាយ របស់បក្សកុម្មុយនិស្តវៀតណាមថា វិស័យឯកជនគឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ច។ ខ្ញុំចង់អោយក្រុមហ៊ុន VinFast ក្លាលជាទីផ្សារក្នុងតំបន់ និងពិភពលោក”៕






