ដោយៈ រ៉ាណេត
វៀតណាមៈ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីវៀតណាម លោកង្វៀន សួនហ្វុកបានបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន៧ ដើម្បីជំរុញការអភិវឌ្ឍប្រទេស និងពង្រីកទំហំពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ។
អនុស្សារណៈចំនួន៧ ដែលត្រូវបានចុះហត្ថលេខា រវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកាលពីព្រឹកមិញនេះរួមមាន ទី១ កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ក្នុងទឹកប្រាក់ចំនួន ៣លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងសាងសង់សមាសធាតុមួយចំនួន នៃមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស័្មគ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។
ទី២ កិច្ចព្រមព្រៀងផ្តល់ជំនួយ លើគម្រោងសាងសង់អគាររដ្ឋបាលថ្មី សម្រាប់រដ្ឋសភាកម្ពុជា។ ទី៣ អនុស្សារណៈយោគយល់គ្នាទៅវិញ ទៅមក រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាម លើកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើការងារគយ ចុះហត្ថលេខាដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសទាំងពីរ។ ទី៤ អនុស្សារណៈនៃការយោគយល់គ្នាស្តីពី ការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម តាមតំបន់ព្រំដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។
ទី៥ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីវឌ្ឍនភាពលើការសាងសង់ និងផែនការប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា នៅខេត្តត្បូងឃ្មុំ រវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជា។ ទី៦ អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
៧ អនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្តីពីសហប្រតិបត្តិការលើវិស័យថាមពលអគ្គិសនី៕






