ដោយ រ៉ាណេត
ភ្នំពេញៈ ការវិនិយោគអចលនទ្រព្យដោយគ្មានចំណេះដឹង និងព៌តមានគ្រប់គ្រាន់អាចប្រឈមមុខនឹងការជាប់គាំង ហេតុនេះការទិញដើម្បីទទួលបានផលចំណេញពិតជាមានសារៈសំខាន់។ ដូច្នេះតើទិញអចលនទ្រព្យបែបណា ដើម្បីកុំឲ្យប្រឈមមុខនឹងការជាប់គាំង?។
លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Land Group បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៤ តុលាកន្លងមកថា ការវិនិយោគលើវិស័យអចលនទ្រព្យអាចធ្វើឱ្យកើនទ្រព្យច្រើនក្នុងពេលដ៏ខ្លី ប៉ុន្តែវាក៏អាចធ្វើឱ្យជួបហានិភ័យផងដែរ ប្រសិនបើការវិនិយោគមិនត្រូវបានធ្វើប្រកបដោយភាពជំនាញ។
-->
លោកឧកញ៉ាបានលើកជាឧទាហរណ៍ថា “បើជាអ្នកទិញដី ត្រូវតែដឹង និងយល់ច្បាស់ពីព័ត៌មាននានាដែលពាក់ព័ន្ធនឹងតំបន់ និងគម្រោងអភិវឌ្ឍន៍។ ត្រូវតែប្រាកដថា ជាដីស្របច្បាប់ មានកម្មសិទ្ធិច្បាស់លាស់ និងត្រឹមត្រូវ កុំដីដែលមានជម្លោះ បើទោះជាតម្លៃថោកក៏ដោយ”។
លោកសៀ រិទ្ធី បានបន្តទៀតថា មុននឹងទិញអ្នកវិនិយោគត្រូវតែសិក្សា និងស្វែងពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលថា តើនឹងត្រូវបាញ់ឆ្ពោះទៅទិសខាងណា មានលំហូរប្រជាជនរស់នៅឬទេ? មានគម្រោងអភិវឌ្ឍធំៗដូចជាគម្រោងបុរី គម្រោងសំណង់អគារពាណិជ្ជកម្ម ឬគម្រោងក្លាយជាតំបន់ឧស្សាហកម្មជាដើម។ នៅពេលដែលយើងបានដឹងទាំងអស់នេះ នោះគម្រោងនៃការវិនិយោគរបស់អ្នកនឹងមិនត្រូវជួបភាពបរាជ័យនោះទេ។
លោកឧកញ៉ាបានផ្តាំផ្ញើថា “ប្រសិនបើអ្នកគ្មានលុយគ្រប់គ្រាន់ ក្នុងការទិញអចលនវត្ថុ ហើយត្រូវពឹងទៅលើកម្ចីពីធនាគារត្រូវតែគិតថា ក្រោយពេលខ្ចីលុយធនាគារទិញ តើអចលនវត្ថុនោះ អាចផ្តល់ចំណូលជាប្រចាំខែត្រឡប់មកវិញនោះទេ (បានពីការជួល) ហើយប្រសិនបើទទួលបាន អាចទូទាត់ទៅនឹងការប្រាក់បានគឺគួរតែទិញ ប៉ុន្តែប្រសិនបើគ្មានចំណូលត្រឡប់មកវិញ ហើយខ្ចីលុយធនាគារទិញទុក គួរតែកុំអីល្អជាង”៕