ដោយ Donald Lee
ហុងកុងៈ មេដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam បានប្រកាសពីការបង្កើតបទបញ្ញត្តិច្បាប់បន្ទាន់មួយ ដែលនឹងផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាល ក្នុងការអនុវត្តនៅទូទាំងទីក្រុងដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃសៅរ៍នេះ។
អំណាចច្បាប់បន្ទាន់ ដែលផ្តល់ដល់លោកស្រី Lam គឺដើម្បីធ្វើបទបញ្ជាទាំងឡាយណាដែលលោកស្រីគិតថា ក្នុងន័យផលប្រយោជន៍សាធារណៈ ស្របតាមបទបញ្ញត្តិរបស់ទីក្រុងហុងកុង ដែលបញ្ញត្តិតាំងពីឆ្នាំ១៩២២កន្លងមកនេះ។
ការប្រកាសអំពីច្បាប់អាជ្ញាសឹករបស់លោកស្រី Carrie Lam ធ្វើឡើងនៅពេលដែលការតវ៉ា នៅក្នុងទីក្រុងបានឈានដល់អំពើហិង្សាដ៏អាក្រក់បំផុត ចាប់តាំងពីមានការតវ៉ាកាលពីថ្ងៃទី ៣១ ខែមីនាកន្លងមកនេះ។
លោកស្រី Carrie Lam បានបញ្ជាឱ្យហាមឃាត់ការបិទបាំងមុខ នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រ ជាបទបញ្ជាដំបូងក្រោមច្បាប់គ្រាអាសន្ន។
លោកស្រី Lam ឱ្យដឹងថា “អ្នកតវ៉ាស្ទើរតែទាំងអស់ ដែលបានបំផ្លិចបំផ្លាញ និងប្រើអំពើហឹង្សាដោយបិតមុខ ក្នុងគោលបំណងដើម្បីលាក់អត្តសញ្ញាណរបស់ពួកគេ និងគេចពីច្បាប់នោះធ្វើឱ្យពួកគេកាន់តែហ៊ាន”។
កាលថ្ងៃអង្គារកន្លងមកនេះ គឺជាថ្ងៃអាក្រក់បំផុត នៃការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ខណៈមានការបាញ់ប្រហាររបស់ប៉ូលីស ដែលស្ទើរតែធ្វើឱ្យនិស្សិតអាយុ១៨ឆ្នាំម្នាក់បាត់បង់ជីវិត។
អាជ្ញាធរហុងកុងបានរាយការណ៍ថា គ្រាប់កាំភ្លើងជ័រប្រហែល ៩០០គ្រាប់ត្រូវបានបាញ់ ដោយមន្រ្តីប៉ូលីសកាលពីថ្ងៃអង្គារ ខណៈទីក្រុងប៉េកាំងបានប្រារព្ធខួបលើកទី៧០ដ៏ធំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្រុមមន្ត្រីក៏បានប្រើឧស្ម័នបង្ហូរទឹកភ្នែកចំនួន១៤០០កំប៉ុងដើម្បីបង្ក្រាបបាតុករផងដែរ។
ក្រុមកុប្បកម្មបានបំផ្លាញអគាររដ្ឋាភិបាល ស្ថានីយ៍រថភ្លើងក្រោមដី និងអាជីវកម្មដែលគាំទ្រដល់ទីក្រុងប៉េកាំង នៅទូទាំងទីក្រុងនៅពេលការតវ៉ាបានកើតឡើង ពេញមួយសប្តាហ៍។
លោកស្រី Lam បន្ថែមថា “ក្នុងនាមជាមន្រ្តីរដ្ឋាភិបាល ប្រកបដោយការទទួលខុសត្រូវ យើងមានកាតព្វកិច្ចប្រើគ្រប់មធ្យោបាយដែលមាន ដើម្បីបញ្ឈប់អំពើហិង្សាដែលកំពុងកើនឡើង និងស្តារឱ្យមានភាពស្ងប់ស្ងាត់នៅក្នុងសង្គមឡើងវិញ”៕






