ដោយ៖ រ៉ាណេត
ប៉ោយប៉ែតៈ បើទោះជាមួយរយៈចុងក្រោយនេះ វត្តមានរបស់ជនជាតិចិនជាច្រើនបាននាំគ្នាចាកចេញ ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញនោះក៏ដោយ ប៉ុន្តែប៉ោយប៉ែត ហាក់មិនមានអ្វីប្រែប្រួលគួរឱ្យគត់សម្គាល់នោះទេ ជាពិសេសទីផ្សារអចលនទ្រព្យនៅតែមានតម្រូវការទីផ្សារខ្ពស់ដដែល។ នេះបើតាមការឱ្យដឹងពីសំណាក់អ្នកជំនួញផ្នែកអចលនទ្រព្យនៅក្នុងក្រុងជាប់ព្រំដែនមួយនេះ។
ខុសគ្នាស្រឡះពីក្រុងព្រះសីហនុ ដែលមួយរយៈចុងក្រោយនេះហាក់មានភាពស្ងប់ស្ងាត់ ក្រោយពេលវត្តមានរបស់ជនជាតិចិនជាច្រើន ពាន់នាក់ចាកចេញជាបន្តបន្ទាប់នោះ សម្រាប់ក្រុងប៉ោយប៉ែតត្រូវបានគេគត់សម្គាល់ឃើញថា នៅតែមានភាពអ៊ូអរ និងមានតម្រូវការលើវិស័យអចលនទ្រព្យដដែល។
-->
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Four Star Plus Four និងក្រុមហ៊ុន Sg Top Trust លោក សួង សុខហ៊ាង បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ថា បច្ចុប្បន្ននេះ តម្រូវការទីផ្សារអចលនទ្រព្យ នៅក្នុងក្រុងប៉ោយប៉ែត ជាពិសេសនៅតំបន់ជាប់ព្រំដែន នៅតែមានអត្រាខ្ពស់ដដែល បើទោះជាវត្តមានរបស់ជនជាតិមួយចំនួនត្រូវបានចាកចេញទៅក៏ដោយ។
លោកបានបន្តទៀតថា “ទីក្រុងប៉ោយប៉ែតនៅពេលនេះ នៅតែមានភាពអ៊ូអរដដែល មិនទាន់មានអ្វីប្រែប្រួលនោះទេ”។ លោកបន្តទៀតថា “បន្ទាប់ពីជនជាតិចិនមួយចំនួនបានចាកចេញទៅប្រទេសកំណើតវិញនោះ មានផ្ទះសំណាក់ និងអគារស្នាក់នៅមួយចំនួនពិតជាត្រូវការអតិថិជនថ្មីចូលមកជំនួស ប៉ុន្តែដូចជាមិនពិបាករកនោះទេ ដោយសារតែប៉ោយប៉ែត ជាតំបន់ពាណិជ្ជកម្មពិសេស និងជាច្រកទ្វារអន្តរជាតិដ៏ធំ ដែលសម្បូរមនុស្សជាច្រើនឆ្លងកាត់ និងប្រកបជំនួញ”។
លោក សួង សុខហ៊ាង បានបន្តទៀតថា ក្រុងប៉ោយប៉ែត មានចម្រុះជាតិសាសន៍ដែលក្រៅពីប្រជាជនខ្មែរ នៅមានជនជាតិថៃ ម៉ាឡេ ឥណ្ឌូនេស៊ី ហ្វីលីពីន ជប៉ុន កូរ៉េ និងជនជាតិប៉ែកអឺរ៉ុប ដែលខុសពីក្រុងព្រះសីហនុ ដែលមានជនជាតិចិនរស់នៅច្រើន ដូច្នេះបើទោះជាចិនចាកចេញទៅក៏ដោយ ក៏ប៉ោយប៉ែតនៅតែមានមនុស្សរស់នៅ និងធ្វើដំណើរឆ្លងកាត់ច្រើនគ្មានអ្វីប្រែប្រួលនោះទេ។
លោកបានបន្តទៀតថា “គ្រាន់តែផ្សាររ៉ុងគ្លឿ មានប្រជអាជិវករលក់ដូរជាង១ម៉ឺនស្ដង់ ហើយក្រៅពីនេះជាច្រកអន្តរជាតិដែលធំជាងគេ ដោយក្នុងមួយថ្ងៃមានភ្ញៀវចេញចូលឆ្លងកាត់មិនក្រោម១០០០០-១៥០០០នាក់ ដោយអ្នកខ្លះអាចស្នាក់នៅក្នុងរយៈពេលខ្លី។ បន្ថែមពីនេះនៅកាស៊ីណូធំៗដែលមានដំណើរការ បម្រើសេវាឱ្យភ្ញៀវជនជាតិថៃ និងជនជាតិដទៃទៀតតាំងពីជនជាតិចិនមិនទាន់ចូលមកស្រុកខ្មែរច្រើនម៉្លេះ”។
បច្ចុប្បន្ននេះ នៅតំបន់ប៉ោយប៉ែត ក្រៅតែពីជាច្រកព្រំដែនអន្តរជាតិ ជាតំបន់កាស៊ីណូ និងជាតំបន់ពាណិជ្ជកម្មចំរុះ នៅមានសួនឧស្សាហកម្មចំនួន៣ធំៗ ដែលកំពុងដំណើរការយ៉ាងមមាញឹក ដែលអាចផ្តល់ឱកាសការងារបានប្រមាណជាង៣ម៉ឺននាក់ផងដែរ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា មិនថាឆ្នាំមុន ឆ្នាំនេះ ឬឆ្នាំបន្ទាប់នោះទេ ប៉ោយប៉ែតនៅតែជាតំបន់ដែលមានសក្ដានុពលលើវិស័យពាណិជ្ជកម្មដដែល។ ជាធម្មតាវិស័យពាណិជ្ជកម្ម ឬកម្លាំងសេដ្ឋកិច្ច មិនពឹងពាក់ទៅលើតែតែប្រជាសាសន៍មួយនោះទេ ហើយចរន្តនៃសេដ្ឋកិច្ចនៃប្រទេសមួយ ក៏មិនមែនចេះតែមានភាពស្ថិតស្ថេររហូតនោះទេ ដែលវាអាចមានការថមថយក្នុងរយៈមួយដ៏ខ្លី ហើយចាប់ផ្តើមកើនឡើងវិញ។
លោកបានបន្តទៀតថា “ភាគច្រើនអ្នកដែលនិយាយថា ទីផ្សារអចលនទ្រព្យនៅតំបន់នេះមានបញ្ហា ឬតំបន់នោះមានបញ្ហា គឺដោយសារការគិតត្រឹមមួយជ្រុងតែប៉ុណ្ណោះ ប៉ុន្តែបើគិតឱ្យទូលំទូលាយ វានៅតែមានភាពវិជ្ជមានដដែលចំពោះវិស័យនេះ”៕