ដោយ ៖ រ៉ាណេត
សៀមរាប ៖ ភូមិបាគង គឺជាឈ្មោះគម្រោងសំណង់លំនៅដ្ឋានដ៏ទំនើប និងប្រណីតភាពលើកដំបូងគេនៅក្នុងខេត្តសៀមរាប ដែលកំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំងពីសំណាក់អតិថិជន ទាំងក្នុង និងក្រៅតំបន់ ដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃក្រុងសៀមរាប។

-->
ភូមិបាគង នឹងត្រូវបានផុសរូបរាងនៅក្នុងតំបន់ដែលមានសក្ដានុពល ដែលជាទីតាំងពោរពេញទៅដោយធម្មជាតិ មានខ្យល់អាកាសល្អបរិសុទ្ធសមស្របទៅនឹងការរស់នៅយ៉ាងល្អប្រសើរ។
គម្រោងសំណង់លំនៅដ្ឋានបែបទំនើប និងជាសហគមន៍ថ្មីនៅលើទឹកដីខេត្តសៀមរាបមួយនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបចំនួន ៤,៧ហិកតា មានលំនៅដ្ឋានចំនួន៣៥០ខ្នង ដែលស័ក្ដិសមទៅនឹងការស្នាក់នៅ និងប្រកបអាជីវកម្មនានា។
ភូមិបាគង ក៏ជាតំបន់ដែលមានសក្ដានុពលខ្ពស់ ស្ថិតនៅជិតកណ្តាលទីប្រជុំជន ផ្តល់ឱកាសសម្រាប់ការវិនិយោគបន្ត ដោយគ្រាន់តែចំណាយពេលត្រឹមប្រមាណជា ១០នាទីពីក្រុងសៀមរាប ចំណាយពេលត្រឹមតែ១៥នាទីពីប្រាសាទអង្គរវត្ត និងប្រមាណ ៣០នាទី ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីតែប៉ុណ្ណោះ ។
អគ្គនាយកក្រុមហ៊ុន Pointer Property Co, Ltd លោក ងួន ឆាយលាង បានមានប្រសាសន៍ប្រាប់កាលពីល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ថា វត្តមានរបស់សហគមន៍លំនៅដ្ឋានបែបប្រណីតភាព ភូមិបាគង នឹងចូលរួមជួលលើកកម្ពស់សម្រស់ខេត្តទេសចរណ៍សៀមរាប ក៏ដូចជាវិស័យអចលនទ្រព្យនៅក្នុងខេត្តមួយនេះផងដែរ។

លោកបានបញ្ជាក់ថា “ភូមិបាគង មិនត្រឹមតែជាបណ្តុំលំនៅដ្ឋានដ៏ស្រស់ស្អាតដែលត្រូវបានសាងសង់ឡើងល្អពិសេសក្នុងតួនាទីជាទីកន្លែងស្នាក់នៅ បណ្តុំអាហារដ្ឋាន សាលារៀន ផ្សារសហគមន៍ និងតំបន់លំហែរកាយកម្សាន្តផងដែរ”។
លោក ងួន ឆាយលាង បានមានប្រសាសន៍បន្តទៀតថា “រចនាបទនៃគម្រោងភូមិបាគង ត្រូវបានស្ថាបនាឡើងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមអ្នកជំនាញ ដោយយកលំនាំនៃការសាងសង់លំនៅដ្ឋានតាមបែបភូមិបុរាណខ្មែរ ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងមានភាពស្និទ្ធស្នាលជាមួយអ្នកជិតខាងប្រកបដោយភាពរួសរាយរាក់ទាក់”។
លោកបានបន្តទៀតថា “គ្រប់ការសាងសង់សុទ្ធតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគុណភាព និងប្រកបទៅដោយផាសុកភាពខ្ពស់ ដូចជាមានទីធ្លាមុខផ្ទះសម្រាប់ជាទីកន្លែងជួបជុំ ជជែកគ្នាលេងជាមួយអ្នកជិតខាងដោយមានម្លប់ដ៏ត្រជាក់នៃដើមឈើ។ បន្ថែមពីនេះ ៥ភាគរយនៃបរិវេណសរុប ត្រូវបានរៀបចំជាសួនច្បារដែលមានចំនួន២២កន្លែង និងផ្លូវដើរប្រវែង៧គីឡូម៉ែត្រ”។
លោកបានបន្តទៀតថា “អ្វីដែលពិសេសជាងនេះទៅទៀត ភូមិបាគង នឹងសាងសង់ស្ពានអាកាសលើកដំបូងនៅក្នុងខេត្តសៀមរាប ដែលមានប្រវែងប្រមាណ១០០ម៉ែត្រ សម្រាប់ឆ្លងកាត់ផ្លូវ៦០ម៉ែត្រ ដែលវាកាន់តែជួយលើកសោភ័ណភាពក្រុង និងខេត្តសៀមរាបទាំងមូល”។
គម្រោងលំនៅដ្ឋាន ភូមិបាគងនេះ បច្ចុប្បន្នត្រូវបានដាក់លក់ជាបណ្តើរៗហើយ ដែលគិតត្រឹមពេលនេះបានសម្រេចប្រមាណជិត២០ភាគរយ ខណៈដែលការអភិវឌ្ឍជិតបញ្ចប់ដំណាក់កាលបុកគ្រឹះសាងសង់ទៅហើយនោះ។ គម្រោងនេះនឹងត្រូវចំណាយពេលសាងសង់ប្រមាណជាងមួយឆ្នាំ ពោលគឺនឹងត្រូវបញ្ចប់នៅត្រឹមពាក់កណ្តាលឆ្នាំ២០២០ឆាប់ៗខាងមុខនេះ។

នៅក្នុងគម្រោងនេះត្រូវបានបែងចែកជាបណ្តុំលំនៅដ្ឋានអាជីវកម្មមាន២ប្រភេទ សរុបមានចំនួន១០៥ល្វែង លំនៅដ្ឋានបែបវីឡាមាន៣ប្រភេទ សរុបចំនួន២៤៥ខ្នង ផ្សរទំនិញដែលជាបេះដូងនៃសហគមន៍ទាំងមូល ត្រូវបានសាងសង់យ៉ាងល្អប្រណីតស្ថិតនៅជាន់ផ្ទាល់ដីនៃអគារចំណតយានជំនិះកម្ពស់៥ជាន់។
បន្ថែមពីនេះ ភូមិបាគង ក៏មានការកសាង និងរៀបចំឱ្យមានសាលារៀនឯកជនផងដែរ ដែលមានកម្ពស់រហូតដល់៣ជាន់ សម្រាប់កុមារចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី៦ ។ ដោយឡែក រាល់ការទិញលំនៅដ្ឋានពីគម្រោងភូមិបាគង មានច្រើនជម្រើស ដូចជាការបង់ប្រាក់ផ្ដាច់ បង់ប្រាក់៥០ភាគរយ ឬបង់រំលោះរហូតដល់៩០ភាគរយ ជាមួយធនាគារដៃគូសហការដែលមានរយៈពេលរហូតដល់២៥ឆ្នាំ៕