ដោយ ប៊ី
អេស្បាញៈ ឧទ្យានផ្សងព្រេងបែបព្រៃត្រូពិកថ្មី ត្រូវបានផ្តល់ការអនុញាត្តិដោយអភិបាលក្រុង Valencia លោក Joan Ribó ខណៈឧទ្យាននេះនឹងត្រូវបានសាងសង់ជាផ្នែកមួយនៃបរិវេណ Bioparc ដែលបានបង្កើតរួចហើយ ហើយនឹងទទួលការបំផុសគំនិតពីព្រៃស្រោងនៅកម្ពុជា។
គម្រោងនេះត្រូវបានស្នើឡើងដោយក្រុមហ៊ុន Rain Forest ដែលគ្រប់គ្រងឧទ្យាន ដោយមានគោលបំណង នាំយករុក្ខជាតិខៀវស្រងាត់ និងប្រាសាទអង្គរទៅកាន់ឆ្នេរមេឌីទែរ៉ាណេរបស់អេស្ប៉ាញ។
-->
ប្រធានក្រុមហ៊ុន Rain Forest លោកJosé Maldonado បានមានប្រសាសន៍ថា គម្រោងនេះនឹងត្រូវរៀបចំឡើង ដើម្បីឱ្យមានលក្ខណៈ“ ធម្មជាតិ” ដែលមានអគារបុរាណដូចជាប្រាសាទល្បីៗនៅកម្ពុជា។
លោក Ribo បានសម្តែងការពេញចិត្តចំពោះសំណើរ ដែលបានផ្តល់ឱ្យដោយក្រុមហ៊ុន ហើយជឿជាក់ថា វានឹងជាជំហ៊ានដ៏សំខាន់ ឆ្ពោះទៅរកការពន្លឿននូវភាពទាក់ទាញសម្រាប់ក្រុមគ្រួសារ និងយុវជននៅក្នុងទីក្រុងនេះ។
លោកអភិបាលក្រុងបានផ្តល់ការធានាថា ឥឡូវនេះគម្រោងនឹងចាប់ផ្តើមទៅមុខយ៉ាងពេញលេញ ដើម្បីបន្ថែមនៅតំបន់ Parque de Cabecera នៃតំបន់ទីក្រុង Valencia។

លោក Maldonado បានបញ្ជាក់ជាថ្មីនូវគោលបំណងសំខាន់ នៃឧទ្យាននេះគឺមិនត្រឹមតែធ្វើឱ្យមានការចាប់អារម្មណ៍ សម្រាប់ប្រជាជនទីក្រុងទាំងបរិស្ថាន និងវប្បធម៌ទេ ប៉ុន្តែវាក៏ត្រូវមានហិរញ្ញវត្ថុផងដែរ ពីព្រោះគម្រោងទាំងមូល នឹងមានការវិនិយោគឯកជនចំនួន២៥លានផោន។
រដ្ឋាភិបាលមូលដ្ឋានបានផ្តល់ការធានា ដល់ប្រជាកសិករដែលមានដីព័ទ្ធជុំវិញដីទំហំ ៤ហិកតា ដែលដីឡូត៍របស់ពួកគេ នឹងត្រូវបានស្តារឡើងវិញ ដើម្បីប្រើប្រាស់ពេញលេញ នៅពេលការសាងសង់បានបញ្ចប់ ហើយការរំខាននានានឹងត្រូវរក្សាទុកក្នុងកម្រិតអប្បបរមា៕