ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ជំរុញ​ការ​ពន្លឿន​សិក្សា​និង​ពិនិត្យ​លទ្ធភាព​គម្រោង​ផ្លូវ​ល្បឿន​ភ្នំពេញ​ បាវិត​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​សិក្សា​ និង​ពិនិត្យ​លទ្ធភាព​ជាក់ស្ដែង​ដាក់ចេញ​នូវ​យន្តការ​ពិសេស​ ដើម្បី​បង្កើន​ការសម្រួល​ពាណិជ្ជកម្ម​ និង​ផ្នែក​ឡូ​ជី​ស្ទីក​នៅ​តាម​ជាយដែន​ ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយតបទៅនឹង​កំណើន​យ៉ាង​កំ​ហុ​គនៃ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ជាពិសេស​មួយ​គម្រោង​ផ្លូវ​ល្បឿន​ភ្នំពេញ​ និង​ទីក្រុង​ហូជីមិញ​។

នេះ​បើ​យោង​តាម​ប្រសាសន៍​ របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ សន្និសីទ​កម្ពុជា​-វៀតណាម​ ស្ដីពី​ការ​ជម្រុ​ញវិនិយោគ​ និង​ពាណិជ្ជកម្ម​។

សម្ដេច​តេជោ​ ក៏​សូម​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ ធ្វើការ​សិក្សា​និង​ពិនិត្យ​លទ្ធភាព​ជាក់ស្ដែង​ ដាក់ចេញ​នូវ​យន្តការ​ពិសេស​ ដើម្បី​បង្កើន​ការសម្រួល​ពាណិជ្ជកម្ម​ និង​ផ្នែក​ឡូ​ជី​ស្ទីក​ នៅ​តាម​ជាយដែន​ជាពិសេស​ ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយតបទៅនឹង​កំណើន​យ៉ា​កំហុស​ នៃ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ បន្ទាប់ពី​គម្រោង​ផ្លូវ​ល្បឿន​ភ្នំពេញ​ និង​ទីក្រុង​ហូជីមិញ​ មក​ប្រសព្វគ្នា​នៅ​ច្រកព្រំដែន​អន្តរជាតិ​បាវិត​ ដែល​ជា​ចំណុច​ប្រមូលផ្ដុំ​ដ៏​សំខាន់​មួយ​ នៅក្នុង​របៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​ ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​។

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​នេះ​ ត្រូវ​បាន​ពន្យារពេល​ ចាប់តាំងពី​បញ្ចប់​ការសិក្សា​លទ្ធភាព​របស់​ JICA​ ក្នុង​ឆ្នាំ​ ២០១៧​ ដោយសារ​ថវិកា​ ដែល​បាន​ស្នើ​ឡើង​ខ្ពស់​ពេក​ប្រហែល៤ពាន់​លាន​ដុល្លារ​អាមេរិក​។

សម្តេច​តេជោ​បន្ត​ថា​ ក្នុង​វិស័យ​ពាណិជ្ជកម្ម​ សម្តេច​ពិតជា​មាន​ក្តី​មោទនភាព​ ចំពោះ​ការ​កើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ដែល​កាលពី​ឆ្នាំ២០១៨​ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​ និង​វៀតណាម​សម្រេច​បាន​ចំនួន​ ប្រមាណ​ជាង៤​,៧ពាន់​លាន​ដុល្លារ​អាមេរិក​គឺ​កើនឡើង​ប្រមាណ​ជា២៤​% ធៀប​នឹង​ឆ្នាំ២០១៧​។

ដោយឡែក​ក្នុងរយៈពេល​ ៦ខែ​ដើមឆ្នាំ២០១៩​ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំងពីរ​សម្រេច​បាន​ចំនួន២​,៧២ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​យើង​រំពឹង​ថា​ នឹង​សម្រេច​ដល់​ប្រមាណ​ជា៥ពាន់​លាន​ដុល្លារ​អាមេរិក​ នៅ​ដំណាច់ឆ្នាំ​នេះ​។

ក្នុង​វិស័យ​វិនិយោគ​វិញ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អោយ​ដឹង​ថា​ គិត​ចាប់ពី​ឆ្នាំ​ ១៩៩៤​ រហូតដល់​ខែសីហា​ឆ្នាំ២០១៩​ កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន៨៤គម្រោង​ ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ជា២​,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​វិស័យ​កសិកម្ម​មាន​ចំនួន​ប្រមាណ២ភាគ៣​ នៃ​គម្រោង​វិនិយោគ​ទាំងអស់​។ ក្រោយពី​គម្រោង​វិនិយោគ​ ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក៏​មាន​វត្តមាន​នៃ​ការ​វិនិយោគ​ក្រុមហ៊ុន​វៀតណាម​ ក្នុង​វិស័យ​នានា​ដូចជា​ វិស័យ​ធនាគារ​ ធានារ៉ាប់រង​ សេវាកម្ម​ និង​ការ​លក់ដុំ​ លក់រាយ​ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here