ដោយ វុត្ថា
ព្រះសីហនុ៖ ក្រុមហ៊ុន ធនិន ថារិទ្ធ អ៉ីមផតអិចផត ខូអិលធីឌី និងក្រុមហ៊ុន Central Gain Cambodia Co,Ltd បានស្នើសុំអនុញ្ញាតបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់អភិវឌ្ឍន៍ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅលើទំហំដីប្រមាណ ១.៦០០ហិកតា ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំ ពិភាក្សា ពិនិត្យលើសំណើសុំគោលការណ៍អនុញ្ញាតធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋជាមួយតំណាងក្រុមហ៊ុន និងមន្ត្រីពាក់ពាក់ព័ន្ធ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ បានធ្វើការណែនាំឱ្យបង្កើតក្រុមការងារ ចុះសិក្សាស្រាវជ្រាវទីតាំងដីស្នើសុំធ្វើអនុបយោគរបស់ក្រុមហ៊ុនធនិន ថារិទ្ធ អ៊ីមផតអិចផត ខូអិលធីឌី ពាក់ព័ន្ធនឹងដីរបស់លោកស្រី ឡុង សាខន មុននឹងចាប់ផ្តើមអនុវត្តផែនការ។
-->
ខេត្តព្រះសីហនុដែលជាខេត្តជាប់មាត់សមុទ្ររបស់ប្រទេសកម្ពុជាមានសក្តានុពល និងការអភិវឌ្ឍន៍ជាច្រើន មានវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ជាគោលដៅអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ធ្វើឱ្យអត្រាកំណើនសេដ្ឋកិច្ចមាន ១០.៣ភាគ នៅឆ្នាំ២០១៩ ប្រជាពលរដ្ឋម្នាក់ៗមានប្រាក់ចំណូលជាមធ្យម ៣.៧២៦ដុល្លារ ។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកខេត្តព្រះសីហនុ ជា”តំបន់សេដ្ឋ កិច្ចពិសេសគំរូពហុបំណង” ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥- ២០២៥ និងផែន ការមេសម្រាប់អភិវឌ្ឍន៍ក្នុងក្របខណ្ឌច្បាប់ និងនិយ័តកម្ម ព្រមទាំងយន្តការគ្រប់គ្រងចាំបាច់នានា ។ វិស័យគមនាគមន៍ ដឹកជញ្ជូនតាមផ្លូវសមុទ្រមានលក្ខណៈជាតិ និងអន្តរជាតិ ដែលមានទំនិញជាកុងតឺន័រចេញ-ចូលប្រមាណ ៧៣ភាគរយ នៃបរិមាណនាំចេញ-ចូលទូទាំងប្រទេស ។
ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុកំពុងប្រតិបត្តការមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៤ក្រុមហ៊ុន មានជើងហោះហើរចំនួន ១៣៣ជើង ក្នុងមួយសប្តាហ៍ ក្នុងនោះជើងហោះហើរអន្តរជាតិមាន ៩១ជើង ក្នុងមួយសប្តាហ៍ មានដូចជាប្រទេស ថៃ ម៉ាឡេស៊ី វៀតណាម និងប្រទេសចិនមានចំនួន ២៥ទីក្រុង ។
ជាមួយនេះ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការ មានរោងចក្រតូច-ធំ សរុប ២១០កន្លែង សិប្ប កម្ម អាជីវកម្មខ្នាតតូច ១.០៣៧ កន្លែង ស្រូបយកកម្លាំងពលកម្ម ៨១.៤៧៥នាក់ ស្រី ៣៨.៦៥២នាក់ ទុនវិនិយោគលើវិស័យឧស្សាហកម្មមានប្រមាណ ៨ពាន់លានដុល្លាអាមេរិក ។ វិស័យទេសចរណ៍ឆ្នាំ២០១៨ មានភ្ញៀវជាង ២លាននាក់ កើន ២.៦៣ភាគរយធៀបឆ្នាំ២០១៧ ហើយទេសចរចិននាំមុខគេ ៕