ដោយគង់ សូរិយា
ភ្នំពេញៈ លោកស្រីនុត រត្ថា អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានអំពាវនាវឲ្យម្ចាស់អាគារនានានៅក្រុងព្រះសីហនុ ដែលសាងសង់សំរាប់ជួល គួរប្រែក្លាយអាគាររបស់ខ្លួនជាសណ្ឋាគារ ដើម្បីទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេស ចរណ៍ជាតិ អន្តរជាតិ។
លោកស្រីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ តុលានេះថា ស្របពេល Online Game បានបញ្ចប់នៅកម្ពុជា ម្ចាស់អាគារមួយចំនួនដែលសាងសង់សំរាប់ជួល ហើយមិនអាចជួលបាន គួរតែប្រែក្លាយជាអាគារទាំងនោះជាផ្ទះសំណាក់ និងសណ្ឋាគារ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនានៅក្រុងព្រះសីហនុឲ្យបានកាន់តែច្រើន។លោកស្រីបន្តថា កន្លងមកបញ្ហាធ្លាក់ចុះភ្ញៀវទេសចរណ៍នៅខេត្តព្រះសីហនុ មួយផ្នែកក៏ដោយសារការកើនឡើងខ្ពស់ នៃតម្លៃបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារផងដែរ។
-->
លោកស្រីបន្តថា “ខេត្តព្រះសីហនុមានសក្តានុពល និងមានប្រជាប្រិយភាពខ្ពស់លើវិស័យទេសចរណ៍ ហេតុនេះការមានផ្ទះសំណាក់ និងសណ្ឋាគារច្រើន ហើយការលក់បន្ទប់មានតម្លៃសមរម្យ ដូចកាលពីកំឡុង៣ទៅ៥ឆ្នាំមុន នឹងធ្វើឲ្យខេត្តនេះទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឡើងវិញ”។ លោកស្រីបន្តថា “ការបិទ Online Game ពីសំណាក់រដ្ឋាភិបាល មិនធ្វើឲ្យខេត្តនេះមិនមានការរីកចម្រើននោះទេ ដោយសារខេត្តនេះមានសក្តានុពលលើវិស័យជាច្រើន”។
វិស័យធំៗ ដែលកំពុងជំរុញសក្តានុពល ខេត្តព្រះសីហនុរួមមាន កំពង់ផែទឹកជ្រៅ បណ្តាញគមនាគមន៍ដ៏សម្បូរបែប តំបន់ឆ្នេរដ៏ស្រស់ស្អាត និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ពិសេសវិស័យទេសចរណ៍ ដែលអាចស្រូបទាញនូវភ្ញៀវជាតិ អន្តរជាតិរាប់លាននាក់ទៅកំសាន្តនៅខេត្តនេះ។

លោកស្រីនុត រត្ថាបានបន្តថា ភាពរីកចម្រើនរបស់ក្រុងព្រះសីហនុ នឹងពឹងអាស្រ័យលើមូលដ្ឋានដែលមានស្រាប់ទាំងនេះ ហើយការបិទ Online Game អាចធ្វើឲ្យប៉ះពាល់់ រយៈពេលខ្លីដល់វិស័យសំណង់ និងអចលនទ្រព្យ ប៉ុន្តែអ្វីៗនឹងមានភាពប្រសើរឡើងវិញនៅពេលឆាប់់ៗនេះ ខណៈកម្ពុជានៅតែរក្សាបានកំនើនសេដ្ឋកិច្ច ស្ថេរភាពសង្គម និងស្ថេរ ភាពនយោបាយរបស់ប្រទេស៕