ដោយ៖ រ៉ាណេត
ព្រះសីហនុ៖ ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ឱ្យទៅជាទីក្រុងដ៏ទំនើប ពោរពេញទៅដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបាននូវគុណភាពខ្ពស់ ដែលអាចប្រើប្រាស់បានយូរអង្វែង តាមរយៈក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ រដ្ឋាភិបាល បានសម្រេចធ្វើការស្ថាបនា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងខេត្តព្រះសីហនុរហូតដល់ចំនួន ៣៤ ខ្សែ ស្មើនឹងប្រមាណជាង ៨០គីឡូម៉ែត្រ ។
ជាមួយនឹងការសម្រេចលើការស្ថាបនា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តព្រះសីហនុឱ្យមានភាពល្អប្រសើរ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រោមវត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ បានបង្កើតវគ្គបណ្តុះបណ្តាលបន្ថែមស្ដីពីការអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងទូទាំងខេត្តផងដែរ។
-->
នៅក្នុងគម្រោងស្ថាបនា និងសាងសង់ផ្លូវទាំង៣៤ខ្សែ ស្មើនឹង ៨៤៥០៥ ម៉ែត្រ ក្នុងក្របខណ្ឌនៃថវិកាទទួលបានពីការដោះដូរធនធាននៅក្នុងខេត្តព្រះសីហនុ ត្រូវបានធ្វើការបែងចែកជា៣ប្រភេទ ដើម្បីងាយស្រួលក្នុងការអនុវត្ត និងគោរពទៅតាមគោលការណ៍ លក្ខណៈបច្ចេកទេសដូចខាងក្រោម ៖
1. គោរពតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣០ ដែលត្រូវដាក់ឱ្យប្រើប្រាស់ដោយអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨។
2. កំណត់អ័ក្សផ្លូវតាមចំណុចកណ្តាលនៃដីចំណីផ្លូវសាធារណៈស្របតាមប្លង់សុរិយោដី។
3. សាងសង់តាមគម្រោងប្លង់បច្ចេកទេសលម្អិត (detailed design) នៃខ្សែផ្លូវនីមួយៗ ដែលសិក្សាដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុលោមតាមបទដ្ឋានរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន៖
– ទ្រូងផ្លូវធ្វើពីបេតុងកម្រាស់ ២៥០ មីលីម៉ែត្រ ក្រាលកៅស៊ូបេទីម (Asphalt Concrete) កម្រាស់ ៧០ មីលីម៉ែត្រ។ បេតុងត្រូវពង្រឹងដោយប្រើដែកសរសៃទំហំ ១២ មីលីម៉ែត្រ។
- ចិញ្ចើមផ្លូវមានផ្លូវថ្មើរជើងក្រាលសន្លឹកបេតុង (Concrete Slab) និងផ្លូវជិះកង់ទទឹង ១,៥០ ម៉ែត្រ ក្រាលកៅស៊ូបេទីម កម្រាស់ ៥០ មីលីម៉ែត្រ និងមានដាំស្មៅ និងដើមឈើជាផ្ទៃជ្រាបទឹក
– ដាំដើមតែនៅតាមផ្លូវដែលមានសួនកណ្តាលចែកផ្លូវ
– បង្កប់លូទឹកភ្លៀងមុខកាត់ ១ ម៉ែត្រ និងលូទឹកកខ្វក់មុខកាត់ ១ ម៉ែត្រ តាមបណ្តាយសងខាងផ្លូវ
– មានបង្គោលភ្លើងប្រើថាមពលព្រះអាទិត្យ- មានគំនូសនិងផ្លាកសញ្ញាចរាចរណ៍ តាមបទដ្ឋានបច្ចេកទេស។
អំពីការគ្រប់គ្រងគម្រោង
1. រដ្ឋបាលខេត្តព្រះសីហនុជាអាណាប័កដើមខ្សែនិងជាអ្នកម្ចាស់ការក្នុងការអនុវត្តគម្រោង។ រដ្ឋបាលខេត្តព្រះសីហនុ ត្រូវអនុវត្តគម្រោងក្រោមការណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
2. អ្នកទទួលការ មាន
១. កងវិស្វកម្មតេជោ ហ៊ុនសែន សៀមរាប (នាយឧត្តមសេនីយ៍ ខេង សុមេធ)
២.កងវិស្វកម្មលេខ ១៧៨ ស្ពាន-ថ្នល់ (ឧត្តមសេនីយ៍ឯក សឿន រឿត)
៣.ក្រសួងសាធារណការនិងដឹកជញ្ជូន និង ៤.ក្រុមហ៊ុនឯកជនមួយចំនួនដែលមានបទពិសោធន៍និងស្នាដៃល្អក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការ និងពុំមានឈ្មោះក្នុងបញ្ជីខ្មៅរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍។
3. អ្នកម្ចាស់ការ ត្រូវអនុវត្តនីតិវិធីចរចាថ្លៃ និងចុះកិច្ចសន្យាផ្ទាល់ជាមួយអ្នកទទួលការ តាមការណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។
4. រយៈពេលសាងសង់ត្រូវបានកំណត់ ៨ (ប្រាំបី) ខែ គិតចាប់ពីថ្ងៃខែឆ្នាំ ចុះកិច្ចសន្យា ដែលគ្រោងនៅដើមខែវិច្ឆិកា ឆ្នាំ ២០១៩។
5. គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្តគម្រោង៕